សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វិស័យអចលនទ្រព្យនៅជប៉ុនមានភាពទាក់ទាញ ក្រោយប្រាក់យ៉េនចុះខ្សោយ
24, Sep 2023 , 9:30 am        
រូបភាព
រូបភាព Reuters ។
រូបភាព Reuters ។
វិនិយោគិនបរទេសចាត់ទុកវិស័យអចលនទ្រព្យនៅជប៉ុន ថាជាការវិនិយោគដ៏ជោគជ័យមួយ នៅពេលដែលប្រាក់យ៉េនមានតម្លៃថោក ហើយអត្រាការប្រាក់ស្ថិតនៅអត្រាទាប។

 
តម្លៃ​អចលនទ្រព្យ​នៅ​ជប៉ុន​កំពុងត្រូវប៉ាន់ បន្ទាប់​ពី​ការ​រាលដាល​​ជំងឺ​កូវីដ-១៩។ ​ការ​ស្ទុះ​ងើប​ឡើង​វិញនៃតម្រូវការ ជាហេតុផលជំរុញឲ្យវិស័យនេះមានភាពទាក់ទាញ។ ក្រៅ​ពី​នេះ អ្នក​វិនិយោគ​បរទេស​ក៏​មើល​ឃើញ​ឱកាសពី​ការធ្លាក់ចុះ​ប្រាក់​យ៉េន​ ស្របពេលអត្រាការ​ប្រាក់​នៅកម្រិត​ទាប។
 
យោងតាមស្ថិតិរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនត្រឹមដំណាច់ខែមិថុនាឆ្នាំនេះ តម្លៃអចលនទ្រព្យលំនៅដ្ឋានជាមធ្យមបានកើនឡើង០,៧ភាគរយ និងអគារពាណិជ្ជកម្មកើនឡើង១,៥ភាគរយបើធៀបនឹងឆ្នាំ២០២២។
 
កត្តាជះឥទ្ធិពលចម្បងគឺការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងអ្នកវិនិយោគបរទេសបង្កើនការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ខណៈដែលពួកគេទទួលបានអត្ថប្រយោជន៍ពីប្រាក់យ៉េនទន់ខ្សោយ និងពន្ធទាប។
 
ទិន្នន័យពីក្រុមហ៊ុនអចលនទ្រព្យ JLL Global បង្ហាញថា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ តម្លៃសរុបនៃការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសជប៉ុនមានចំនួន ១៤,៥ពាន់លានដុល្លារ ដែលក្នុងនោះទុនវិនិយោគបានមកពីវិនិយោគិនបរទេសមានចំនួន ៣,៥ពាន់លានដុល្លារកើនឡើង ៦០ភាគរយធៀបនឹងឆ្នាំ២០២២។
 
បើតាមអ្នកជំនាញ មិនត្រឹមតែតម្លៃនៃអចលនទ្រព្យនៅក្នុងទីក្រុងធំៗដូចជា តូក្យូ អូសាកា ណាហ្គោយ៉ាប៉ុណ្ណោះទេ ប៉ុន្តែប្រភេទអចលនទ្រព្យពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងតំបន់មួយចំនួនទៀតក៏បានឡើងថ្លៃផងដែរ នៅពេលដែលតម្រូវការទេសចរណ៍ងើបឡើងវិញ អាជីវកម្មបានបង្កើនការវិនិយោគលើគម្រោងផលិតគ្រឿងអេឡិចត្រូនិក និងការអភិវឌ្ឍន៍ឡើងវិញ។ 
 
ជាមួយនឹងនិន្នាការទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្ន គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន និងការទម្លាក់តម្លៃប្រាក់យ៉េន នឹងក្លាយជាកត្តាអំណោយផលសម្រាប់អ្នកវិនិយោគបរទេសក្នុងការវិនិយោគក្នុងទីផ្សារអចលនទ្រព្យរបស់ជប៉ុន ដែលជាទីផ្សារដ៏កម្រមួយដែលត្រូវបានវាយតម្លៃថាវានឹងនាំមកនូវប្រាក់ចំណេញដល់អ្នកវិនិយោគក្នុងរយៈពេលបច្ចុប្បន្ន៕
 

Tag:
 ជប៉ុន
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com