ជាតិ
តំបន់មាត់សមុទ្រ នឹងមានភ្លៀងពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្រ្តាក់
24, Sep 2023 , 11:20 am        
រូបភាព
ទិដ្ឋភាពពលរដ្ឋមកលេងសមុទ្រនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨កញ្ញា ឆ្នាំ២០២៣។
ទិដ្ឋភាពពលរដ្ឋមកលេងសមុទ្រនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨កញ្ញា ឆ្នាំ២០២៣។
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ នៅតាមបណ្ដាខេត្ត  ជាពិសេសតំបន់ជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំជាមួយនឹងផ្គរ រន្ទះ រួមទាំងខ្យល់កន្រ្តាក់​ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី ៣០ ខែកញ្ញា។ នេះបើតាមយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

 
កម្ពុជា នឹងទទួល​ឥទ្ធិពលពី​សម្ពាធទាបសកម្មមួយនៅសមុទ្រចិនខាងត្បូងជាមួយ​នឹងឥទ្ធិពល​ពីជ្រលង​សម្ពាធទាប​ខាងជើងរុញ​ច្រានមកកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឱ្យ​បណ្ដាខេត្ត​នៅ​តំបន់វាល​ទំនាប​កណ្ដាល, តំបន់បណ្ដាខេត្តខ្ពង់រាបខាងជើង និង​ខ្ពង់រាប​ឦសាន អាច​មាន​ភ្លៀងធ្លាក់ក្នុង​កម្រិតបង្គួរ ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា។
 
 រីឯ តំបន់មាត់សមុទ្រ គឺអាច​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិត​ពី​តិចទៅ​ច្រើន លាយឡំ​ដោយ​ផ្គរ រន្ទះ និងខ្យល់​កន្រ្តាក់ ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា។
 
ជុំវិញបញ្ហាអាកាសធាតុបែបនេះ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ជាពិសេសប្រជានេសាទសមុទ្រ  និងអ្នកធ្វើដំណើរតាមសមុទ្រ​ទាំងអស់  ឱ្យបង្កើនការ​ប្រុង​ប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែល​អាច​កើត​ឡើង​ដោយ​យថាហេតុ៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com