អន្តរជាតិ
Reuters ៖ អាម៉េរិកកំពុងចរចា​កិច្ច​ព្រម​ព្រៀង​សព្វាវុធជាមួយវៀតណាម​
24, Sep 2023 , 12:00 pm        
រូបភាព
រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន កំពុងពិភាក្សាជាមួយវៀតណាមជុំវិញកិច្ចព្រមព្រៀងមួយសម្រាប់ការលក់អាវុធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររវាងអតីតគូសត្រូវទាំង២។ ខណៈចិនកំពុងកើនឥទ្ធិពលខ្លាំងនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់សម្ដីមន្រ្តីអាម៉េរិក។



បើតាមមន្រ្តីក្នុងរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន អាម៉េរិកកំពុងចរចាជាមួយវៀតណាមដើម្បីបញ្ជូនសព្វាវុធមួយចំនួនទៅវៀតណាម ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅសមុទ្រចិនខាងត្បូង។

កិច្ច​ព្រម​ព្រៀង​សព្វាវុធដែលអាចនឹងកើតមាននៅឆ្នាំក្រោយនេះ អាចបញ្ជាក់ពីភាពជាដៃគូថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយ​ ​ដោយការលក់យន្តហោះចម្បាំង F-16 ជាដើម។ 
 
យ៉ាងណាមិញ បើតាម Reuters កិច្ច​ព្រម​ព្រៀង​នេះស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូងនៅឡើយ ដោយ​មាន​លក្ខខណ្ឌ​ជាក់​លាក់​នៅ​មិន​ទាន់​ត្រូវ​បាន​សម្រេច។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ក៏ជាប្រធានបទសំខាន់មួយដែលមេដឹកនាំវៀតណាម និងអាម៉េរិកបានលើកយកមកពិភាក្សាផងដែរក្នុងអំឡុងដំណើរទស្សនកិច្ចនៅទីក្រុងហាណូយកន្លងមក។
 
លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនក៏កំពុងពិចារណារៀបចំរចនាសម្ព័ន្ធលក្ខខណ្ឌហិរញ្ញប្បទានពិសេសលើអាវុធតម្លៃថ្លៃដែលអាចជួយឱ្យទីក្រុងហាណូយឈប់ពឹងផ្អែកអាវុធដែលមានតម្លៃទាបផលិតដោយរុស្ស៊ី។  
 
អ្នកនាំពាក្យសេតវិមាន និងក្រសួងការបរទេសវៀតណាម មិនទាន់បានឆ្លើយតបនឹងរឿងនេះឡើយ។
 
កិច្ចព្រមព្រៀង​ណាមួយរវាងអាម៉េរិក និងវៀតណាម ​អាច​ធ្វើឱ្យ​ចិន​ខឹងសម្បារជាខ្លាំង ដ្បិតវៀតណាមជាដៃគូជម្លោះមួយរបស់ចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ ជម្លោះ​ដែន​ទឹក​ដ៏​រ៉ាំរ៉ៃ​រវាង​វៀត​ណាម​​ និង​ចិន​កំពុង​ឡើង​កម្តៅ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែលជាហេតុធ្វើឱ្យ​វៀតណាម​សម្លឹង​រក​ការពង្រឹងសមត្ថភាព​ការពារ​ដែន​សមុទ្របន្ថែម៕

Tag:
 (អាម៉េរិក
  វៀតណាម)
© រក្សាសិទ្ធិដោយ thmeythmey.com