ជាតិ
ក្រសួង​ បិទក្រុមហ៊ុនគ្រួសារកក់ក្តៅ ក្រោយរកឃើញអាហារបំប៉នមានសារធាតុគ្រោះថ្នាក់ដល់សុខភាព
24, Sep 2023 , 2:00 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុនគ្រួសារកក់ក្តៅរបស់ឧកញ៉ា អ៊ុច សម្បត្តិ ត្រូវបានក្រសួងសុខាភិបាល បិទ ក្រោយរកឃើញអាហារបំប៉ន GINSENG PRO មានសារធាតុគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ការសម្រេចបែបនេះ ក៏ព្រោះតែម្ចាស់ក្រុមហ៊ុន មិនគោរព និងអនុវត្តតាមខ្លឹមសារណែនាំរបស់ក្រសួង ក្នុងការប្រមូលបំប៉នរបស់ខ្លួនពីទីផ្សារមកវិញ ដើម្បីកម្ចេចចោល។​

 
បន្ទាប់ពី រកឃើញផលិតផលបំប៉ន GINSENG PRO របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅមានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ក្រសួងសិខាភិបាល បានបញ្ជាឱ្យក្រុមហ៊ុន ត្រូវប្រមូលផលិតផលទាំងនេះ ពីទីផ្សារនៅកន្លែងទាំងអស់នៅកម្ពុជា ដើម្បីយកមកកម្ទេចចោលតាមបច្ចេកទេសជាបន្ទាន់។ ប៉ុន្តែ ក្រុមហ៊ុន ពុំអនុវត្តតាមការណែនាំនេះ ទើបក្រសួងសម្រេចបិទក្រុមហ៊ុនគ្រួសារកក់ក្តៅ ចាប់ពីថ្ងៃទី២៤កញ្ញា ឆ្នាំ២០២៣ ទៅ។  
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោក ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសុខាភិបាល ផលិតផលបំប៉ន GINSENG PRO ដែលផ្ទុកសារធាតុសកម្ម DEXAMETHASONE និង PREDNISOLONE នេះ គឺមិនត្រូវតាមរូបមន្តដែលកំណត់លើផលិតផលដែលចុះបញ្ជិការនៅក្រសួងឡើយ។​ លោក ម៉ី សំបូរ បានបញ្ជាក់ថា​៖ « [ផលិតផលនេះ] អាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់រយៈពេលយូរ។ ដូចជា ប៉ះពាល់ប្រព័ន្ធរំលាយអាហារ អាដំបៅ ឬធ្លាយក្រពះ ខ្សោយតម្រងនោម លើសឈាម ទឹកនោមផ្អែម ខ្សោយប្រព័ន្ធភាពស៊ាំសារពាងកាយ ជាដើម»។
 
ជុំវិញបញ្ហាខាងលើនេះ ក្រសួងសុខាភិបាល ប្រាប់ពលរដ្ឋឱ្យឈប់ប្រើប្រាស់ផលិតផលបំប៉ន  GINSENG PRO B/Bott./30Caps ​និង GINSENG PRO B/Bott. /៦0Caps ជាបន្ទាន់ ចាប់ពីពេលនេះទៅ។ ជាមួយគ្នានេះ ក្រសួងព្រមាន ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះ ចំពោះឱសថស្ថាន ឱសថស្ថានរងនានា និងបុគ្គលទាំងឡាយណាដែលបន្តលក់នូវផលិតផលបំប៉ននេះទៀត៕

Tag:
 ThmeyThmey
  ក្រសួងសុខាភិបាល
  អាហារបំប៉ន
© រក្សាសិទ្ធិដោយ thmeythmey.com