អន្តរជាតិ
លោក ស៊ី ៖ ចិន​មានឆន្ទៈលើកកម្ពស់ដៃគូយុទ្ធសាស្ត្រជាមួយ​កូរ៉េ​ខាង​ត្បូង​
24, Sep 2023 , 3:20 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជីនភីងបានប្រាប់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck-soo នៅថ្ងៃទី២៣ ខែកញ្ញាថា ចិនមានឆន្ទៈក្នុងការធ្វើការជាមួយកូរ៉េខាងត្បូងដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ហើយពិចារណាធ្វើទស្សនកិច្ចនៅសេអ៊ូលថែមទៀត។

 
ជំនួបរវាងលោក ស៊ី ជិនភីង និងលោក Han Duck-soo ធ្វើនៅទីក្រុងហាងចូវ មុនពិធីបើកកីឡាអាស៊ី។ នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរក៏បានប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាមួយជប៉ុនផង ខណៈមន្រ្តីប្រទេសទាំង៣ នឹងជួបគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃទី២៦ ខែកញ្ញា។ 
 
តាមសេក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Yonhap លោក ស៊ី បានប្រាប់លោក Han ថា លោកស្វាគមន៍កិច្ចប្រជុំកំពូលនៅពេលខាងមុខ ហើយក៏មានគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងនៅថ្ងៃខាងមុខផងដែរ។ ប៉ុន្ដែសេចក្តីថ្លែងការណ៍របស់ចិនវិញ មិនបានលើកឡើងពីការអត្ថាធិប្បាយរបស់លោក ស៊ី លើគម្រោងទៅកូរ៉េខាងត្បូងឡើយ។ 
 
ជាមួយគ្នានេះ លោក ស៊ី ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ចិនលើឆន្ទៈវិជ្ជមានរបស់កូរ៉េខាងត្បូងក្នុងការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការទៅវិញទៅមក។ បន្ថែមពីលើនេះ លោកក៏បានស្នើឱ្យកូរ៉េខាងត្បូងជួយរក្សាទិសដៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕
 

Tag:
 ចិន
  កូរ៉េខាងត្បូង)
© រក្សាសិទ្ធិដោយ thmeythmey.com