ជាតិ
វីដេអូ
ជិះកង់៤១ថ្ងៃនៅតំបន់អឺរ៉ុប, លោក ផូ ផល្លា អង្គាសថវិកាបានជាង១ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរ
25, Sep 2023 , 9:00 am        
រូបភាព
ភ្នំពេញ៖ លោក ផូ ផល្លា បានចំណាយពេល៤១ថ្ងៃ ជិះកង់ចម្ងាយ ៣ពាន់ គីឡូម៉ែត្រ នៅតំបន់អឺរ៉ុប ចំនួន៨ប្រទេស ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ក្នុងបេសកកម្មលើកដំបូងនេះ លោក ផូ ផល្លា ទទួលបានប្រាក់ជាង១ម៉ឺនដុល្លារ ពីសប្បុរសជន ជួយដល់កុមារកម្ពុជា។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖​ 

 
នេះជាលើកដំបូង ដែលលោក ផល្លា បានរៀបចំកម្មវិធីជិះកង់សប្បុរសធម៌ នៅក្រៅប្រទេស ដែលមិនមែនជាទឹកដីកំណើតខ្លូន។ លោក ផូ ផល្លា ដែលជាសហព័ទ្ធមន្ត្រីការទូតមួយរូបនៃស្ថានឯកអគ្គរាជទូតកម្ពុជានៅក្រុងប៉ារីស បានចាប់ផ្តើមព្រឹត្តិការណ៍សប្បុរសធម៍ ដោយជិះកង់ ចំនួន៤១ថ្ងៃនេះ នៅថ្ងៃទី២៥ ខែកក្កដា ហើយបានបញ្ចប់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ។
 
លោក ផូ ផល្លា បានធ្វើដំណើរ នៅតាមបណ្តាក្រុង និងតំបន់នានានៅប្រទេសបារាំង ស្វីស លុចសំបួរ អង់គ្លេស  បែលហ្សិក អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់។
 
លោក ផល្លា ​បានប្រា​ប់សារព័ត៌មានថ្មីៗ ដូចនេះ៖ « តាំងពីការចាប់ផ្ដើមកម្មវិធីនេះ រហូតដល់ពេលបញ្ចប់ ខ្ញុំអាចវាយតម្លៃបានថា​វាជាបានជោគជ័យ ពីព្រោះក្នុងរយៈពេល៤១ថ្ងៃ គឺខ្ញុំមិនមានការខកខាន និងធ្វើឱ្យខុសពីគម្រោងដែលបានគ្រោងទុកតាំងពីដើមកទេ»។ 
 
ធ្វើដំណើរដ៏វែងឆ្ងាយជាមួយកង់ ដែលមានរចនាភ្ជាប់ដោយទង់ជាតិខ្មែរ លោក ផូ ផល្លា បានចាត់ទុកការជិះកង់នេះ ជាបេសកកម្មដ៏អស្ចារ្យមួយក្នុងជីវិតរបស់លោក ក៏ព្រោះតែមានតែភាពលំបាកជាច្រើនរាប់តាំងពីមុនពេលចាប់ផ្ដើម រហូតដល់បញ្ចប់ ជាពិសេសលោកទទួលបានបទពិសោធន៍ជាច្រើនក្នុងបណ្ដាប្រទេសទាំង៨នេះ ។ 
 
«ខ្ញុំសង្កេតឃើញបងប្អូនជនបរទេសភាគច្រើនដែលគាត់ធ្លាប់ទៅលេងនៅស្រុកខ្មែរ ពេលដែលគាត់ឃើញខ្ញុំមានស្លាកទង់ជាតិខ្មែរ គឺគាត់សប្បាយចិត្តរំភើបណាស់។ ហើយគាត់មកប្រាប់ខ្ញុំថា ស្រុកអ្នកស្អាត ហើយគាត់សប្បាយចិត្តមែនទែន ពេលជួបជាមួយខ្ញុំ»។ នេះជាការរៀបរាប់របស់លោក ផូ ផល្លា។ 
 
អ្វីដែលធ្វើឱ្យ លោក ផូ ផល្លា កាន់តែមានមោទកភាពទៀតនោះ គឺលោក ទទួលបានថវិកា ជាង១ម៉ឺនដុល្លារ ពីសប្បុរសជន តាមរយៈព្រឹត្តិការណ៍មួយនេះ ជួយដល់កុមារកម្ពុជា។  សម្រាប់លោកផល្លា ទឹកប្រាក់នេះ ជាចំនួនដ៏ច្រើនក្រៃលែង ដោយលោកមិនរំពឹងទទួលបានការគាំទ្រច្រើន ពីសប្បុរសធម៌ និងពលរដ្ឋដែលរស់នៅតំបន់អឺរ៉ុបច្រើនបែបនេះឡើយ។ ការមិនរំពឹងខ្ពស់នេះ ក៏ព្រោះតែលោក យល់ថាខ្លួនមិនមែនជាបុគ្គលល្បី និងមានគេស្គាល់ច្រើននោះទេ។ ជាមួយនឹងក្ដីរំភើបឥតគណនានេះ  លោក ផល្លា ក៏បានអរគុណចំពោះបណ្ដាស្ថានទូត សប្បុរសជន និងពលរដ្ឋខ្មែរ ដែលរួមចំណែកជួយឱ្យបេសកកម្មមួយនេះបញ្ចប់ទៅដោយភាពជោគជ័យ៕  
 
 

Tag:
 ជិះកង់
  តំបន់អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com