ជាតិ
ក្រសួងវប្បធម៌ នឹងបន្តដោះស្រាយបញ្ហាសំណង់នៅវត្តភូម៉ានហ្វា ដែលស្រដៀងនឹងប្រាសាទអង្គរវត្ត
26, Sep 2023 , 7:59 pm        
រូបភាព
សំណង់ប្រាសាទនៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលមានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលត្រូវបានចែកចាយនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម នៅប៉ុន្មានថ្ងៃចុងក្រោយនេះ
សំណង់ប្រាសាទនៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលមានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលត្រូវបានចែកចាយនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម នៅប៉ុន្មានថ្ងៃចុងក្រោយនេះ
ភ្នំពេញ៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គមបានចែករំលែករូបភាពសំណង់ប្រាសាទមួយ នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលស្រដៀងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ជុំវិញបញ្ហានេះ ក្រសួងវប្បធម៌ បានអះអាងថា ក្រុមការងារក្រសួង នៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត។


 
រូបភាពនៃការសាងសង់សំណង់ប្រាសាទនៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ បានបង្ហាញពីភាពស្រដៀងគ្នាទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា។ បញ្ហានេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមសម្ដែងការមិនពេញចិត្ត និងនាំគ្នារិះគន់ជាខ្លាំង។ 
 
ក្នុងសេចក្ដីជូនដំណឹងដែលចេញផ្សាយនៅល្ងាចថ្ងៃទី២៦ កញ្ញានេះ ក្រសួងវប្បធម៌ បញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងករណីការសាងសង់សំណង់នេះ ក្រសួងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ តាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះផ្ទុះឡើងកាលពីឆ្នាំ២០២១មកម៉្លេះ»។
 
ជុំវិញករណីនេះ ក្រសួងវប្បធម៌ អះអាងថា ចំណាត់ការកន្លងមក ផ្ដោតលើសកម្មភាពការទូតរវាងក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតថៃប្រចាំកម្ពុជា រួមទាំងក្រសួងវប្បធម៌ថៃ។ បើតាមសេចក្ដីជូនដំណឹងដដែល កម្ពុជា ធ្លាប់បានបញ្ជូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពពេលដែលអ្នកជំនាញចុះទៅសំណង់មិនទាន់មានការសង់បន្ថែមឡើយ។ 
 
ក្រសួងវប្បធម៌ អះអាងថា កម្ពុជាមានជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវទង្វើណា ដែលចម្លងអត្តសញ្ញាណជាតិកម្ពុជា។ លើសពីនេះ ក្រសួង នឹងបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត។ 
 
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានជួបជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លើបញ្ហានេះផងដែរ។ ទន្ទឹមនឹងនេះ ព្រះគ្រូចៅអធិការវត្តនោះ បានបង្ហាញឯកសារ និងបកស្រាយប្រាប់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលចុះទៅពិនិត្យផ្ទាល់ដល់កន្លែងសាងសង់ប្រាសាទថា ប្រាសាទថ្មដែលសាងសង់ក្នុងវត្តថៃនោះ មិនមែនលួចចម្លងតាមរចនាបថអង្គរវត្តឡើយ តែសាងសង់ឡើងតាមគំនូសប្លង់ដោយខ្លួនឯង រួមទាំងរចនាទៅតាមប្រាសាទនានាក្នុងទឹកដីថៃ៕
 

Tag:
 អង្គរវត្ត
  ថៃ
  កម្ពុជា
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com