ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ជំរុញការអនុវត្តយុទ្ធនាការទេសចរណ៍ ដើម្បីទាក់ទាញកំណើន​ទេស​ចរ
27, Sep 2023 , 9:59 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី  ហ៊ុ​ន ម៉ាណែត ជំរុញឱ្យក្រសួងទេសចរណ៍ បន្តអនុវត្ត​យុទ្ធនា​ការទេសចរណ៍ ដែលនឹងនាំឱ្យមានចលនាទេសចរ មកកម្ពុជាកាន់តែច្រើន។



ក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ នៅថ្ងៃទី២៧ ខែកញ្ញានេះ សម្ដេច ហ៊ុន ម៉ាណែត កក់សម្គាល់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជា ស្ទើរតែ ជាប់ គាំង ដោយសារវិបត្តិកូវីដ-១៩។ វិបត្តិនេះ បានធ្វើឱ្យអ្នកប្រតិបត្តិករ និងអ្នកប្រកបរបរ ក្នុង វិស័យទេសចរណ៍ជាច្រើនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។   ទោះជាយ៉ាងណាក្នុងរយៈ ពេល៨ខែក្នុងឆ្នាំ២០២៣ វិស័យទេសចរណ៍ ហាក់ងើបឡើងវិញ បើប្រៀបធៀបនឹងអំឡុង ពេលវិបត្តិកូវីដ-១៩។
 
សម្ដេច ហ៊ុន ម៉ាណែត លើកឡើងថា៖ « ខ្ញុំសូមកោតសរសើរដល់ក្រសួងទេសចរណ៍ ដែល​កន្លងមក បានអនុវត្តប្រកបដោយជោគជ័យនូវ «វិធានការគោលនយោបាយជំរុញ​ទេសចរណ៍ ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣»។
 
ទន្ទឹមនេះ  សម្ដេច ហ៊ុន ម៉ាណែត ក៏ជំរុញឱ្យមានចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការទេសចរណ៍របស់កម្ពុជា រួមមាន ឆ្នាំទស្សនាកម្ពុជា ២០២៣»។  យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី និងយុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ «ភាពជាខ្មែរ»។ 
 
ជាមួយគ្នានេះ កម្ពុជាក៏រំពឹងទទួល ទេសចរអន្តរជាតិប្រមាណ ៥លាននាក់ និងទេសចរជាតិប្រមាណ ១៧លាននាក់ ក្នុងឆ្នាំ២០២៣  ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងទទួលបានទេសចរអន្តរជាតិ ៨លាននាក់ ក្នុងឆ្នាំ២០២៨ ។
 
គួរជម្រាបថា  រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាបានទទួលទេសចរអន្តរជាតិ បានជាង ៣,៥លាននាក់ កើនឡើង ២៥០,៨% និងទេសចរជាតិប្រមាណ ១២,៣៨ លាននាក់ កើនឡើង ៦២,៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ៕  
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com