ជាតិ
វីដេអូ
កសិដ្ឋានមួយ រំពឹង​នាំចេញសាច់ត្រីទីឡាព្យាដែលអាចបរិភោគឆៅ ទៅ​បរទេសនៅឆ្នាំ២០២៤
28, Sep 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ លោក ចាវ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋាន Cambodia Fresh Farm រំពឹង​ថា សាច់ត្រីទីឡាព្យា ដែលអាច​បរិភោគ​ឆៅ នឹង​អាច​នាំចេញ​ទៅទីផ្សារ​បរទេស​នៅឆ្នាំ​២០២៤នេះ។ បើតាម​អ្នកគ្រប់​គ្រង​រូបនេះ បច្ចុប្បន្នសហគ្រាស​របស់លោក មាន​ផលិតផលដូចជា សាច់ត្រីទីឡាព្យា​ស្រស់ និងសាច់ត្រីបង្កក, សាច់ត្រីទីឡាព្យាឆ្អិនស្ទើរ, ត្រីបំពងណាន់ហ្គុឃឹដៃ និងត្រីឆ្អើរ ដែល​ចែកចាយលើ​​ទីផ្សារ​ទំនើប និង​ភោជនីយដ្ឋាន។



«ខ្ញុំ​សង្ឃឹម​១០០ភាគរយថា ឆ្នាំ២០២៤ខាងមុខនេះ នឹងអាច​នាំចេញសាច់ត្រីទីឡាព្យាទៅក្រៅប្រទេស»។ នេះជាការ​លើកឡើង​របស់​លោក ចាវ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋាន Cambodia Fresh Farm ដោយ​បន្ថែមថា ក្នុង​រយៈពេល​១ឆ្នាំនេះ លោកបាន​ខំប្រឹង​ អនុវត្តការ​ចិញ្ចឹម​តាម​អង្គការ UNIDO និង​រដ្ឋបាលជលផលនៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។ 
 
 

Cambodia Fresh Farm ជាកសិដ្ឋាន​ចិញ្ចឹម​ត្រី​ទីឡាព្យា​សម្រាប់​យក​សាច់ សម្រាប់​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ទំនើប និង​ភោជនីយដ្ឋាន។ ការចិញ្ចឹម​ត្រី​របស់​កសិដ្ឋាននេះ ត្រូវបានចិញ្ចឹមតាមបច្ចេកទេសជប៉ុន ចិញ្ចឹមដោយទឹកស្អាត និងមិនមានមេរោគ ដែល​អាច​យក​ទៅបរិភោគ​ឆៅបាន។ បច្ចុប្បន្ន​កសិដ្ឋាន និង​សហគ្រាស​កែច្នៃ​ត្រី​ទីឡាព្យានេះ មាន​ផ្ទៃ​ដី​ ៤.៥ហិកតា ដោយមាន​ស្រះ​ចិញ្ចឹមត្រីសរុប ២១ស្រះ។ 
 
លោក ចាវ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋាន Cambodia Fresh Farm បានឱ្យដឹងថា ត្រីនៅទីនេះ ប្រើ​ពេលចិញ្ចឹម៦ខែ និង​កំណត់ត្រឹម ៥ក្រាមប៉ុណ្ណោះ។ បច្ចុប្បន្ន​កសិដ្ឋាន និង​សហគ្រាស​កែច្នៃ​ត្រី​ទីឡាព្យានេះ មាន​ផ្ទៃ​ដី​ ៤.៥ហិកតា ដោយមាន​ស្រះ​ចិញ្ចឹមត្រីសរុប ២១ស្រះ។ 
  

សហគ្រាសនេះ មានផលិតផលសំខាន់ៗចេញពីត្រីទីឡាព្យាដូចជា សាច់ត្រីស្រស់ និងសាច់ត្រីបង្កក, សាច់ត្រីទីឡាព្យាឆ្អិនស្ទើរ, ត្រីបំពងណាន់ហ្គុឃឹដៃ និងត្រីឆ្អើរ។ សម្រាប់ សាច់ត្រីស្រស់ និងសាច់ត្រីបង្កក អាចទទួលបានភ្លាមៗជាមួយសាស៊ីមី និងងាយស្រួលចម្អិន។
 
សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចសិក្សា រៀបចំឡើងផ្អែកលើលើបទពិសោធន៍ជោគជ័យរបស់កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) របស់គម្រោង CAPFish ដែលបានគាំទ្រដល់សហគ្រាសជលផលចំនួន២៨ ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការអាជីវកម្ម បង្កើតផលជះជាវិជ្ជមានតាមរយៈការបង្កើតការងារ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រាក់ចំណេញបានកាន់តែប្រសើរ។ ដំណើរទស្សនកិច្ច រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការយូនីដូ៕
 




Tag:
 ត្រីទីឡាព្យា
© រក្សាសិទ្ធិដោយ thmeythmey.com