ជាតិ
ទោះមានពិការភាពជើង អ្នកស្រី ស៊ាង ជា តស៊ូប្រកបរបរតម្បាញ មិនពឹងលើកូនចៅ ​
28, Sep 2023 , 9:09 am        
រូបភាព
ភ្នំពេញ៖ អ្នកស្រី ស៊ាង ជា ជាជនមានពិការភាពម្នាក់ ដែលកំពុងប្រកបរបរត្បាញសម្ភារប្រើប្រាស់ ពីចចូត នៅខេត្តកំពត ។ របរតម្បាញពីចចូត បានជួយឱ្យស្រ្តីវ័យ ៦០ប្លាយរូបនេះ មានជីវភាពសមរម្យ និងអាចចិញ្ចឹមខ្លួនបានមិនពឹងផ្អែកលើកូនចៅ។



អ្នកស្រី ស៊ាង ជា បានប្រកបរបរតម្បាញកន្ទេល រយៈពេលជាង ៣០ឆ្នាំមកហើយ។ ស្រ្តីរូបនេះ  បានឱ្យដឹងថា កាលពីជាង៣ឆ្នាំមុន អ្នកស្រី បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យជង្គង់ខាងស្តាំអ្នកស្រីមានបញ្ហា ធ្វើឱ្យពិបាកដើរ និងឈរ។ តែទោះបីមានបញ្ហាសុខភាពក្ដី  ស្រ្តីវ័យចំណាស់រូបនេះ មិនទម្រន់ខ្លួន បោះបង់ចោលរបរកេរដូនតាឡើយ  ដោយអ្នកស្រីនៅតែបន្តរបរត្បាញនេះទាំងឈឺផងជាផង ។ អ្នកស្រី ស៊ាង ជា រៀបរាប់ថា៖«ខ្ញុំធ្លាប់ត្បាញតាំងពីដើមមកហើយ អត់ចង់ចោលមុខរបរហ្នឹងទេ ទោះឈឺក៏ដោយ។ របរនេះជួយខ្ញុំច្រើនណាស់ »។ 
 
របរត្បាញ កន្ទេល កាបូប និងទុយោពីចចូត បានផ្ដល់កម្រៃសមល្មមដល់អ្នកស្រី ស៊ាង ជា ចិញ្ចឹមជីវិត។ អ្នកស្រី ស៊ាង ជា បានរៀបរាប់ថា ទោះបីជាអ្នកស្រីមានវ័យចំណាស់ និងមានកូនចៅច្រើនក៏ពិតមែន តែសព្វថ្ងៃអ្នកស្រី មិនពឹងផ្អែកលើការផ្គត់ផ្គង់របស់កូនៗទាំងស្រុងនោះឡើយ គឺបានរបរត្បាញនេះហើយដែលជួយជីវភាពរបស់អ្នកស្រី។ 
  


ជាអ្នកត្បាញកន្ទេល ជិតកន្លះទសវត្សរ៍ អ្នកស្រី ស៊ាង ជា បានឱ្យដឹងថា កិច្ចការតម្បាញនេះមិនមែនជាផលលំបាករបស់អ្នកស្រីនោះទេ ប៉ុន្តែការគ្រប់គ្រងប្រាក់ចំណូល-ចំណាយទើបជាបញ្ហាសម្រាប់អ្នកស្រី ។ ការជួបបញ្ហាទាំងនេះហើយធ្វើឱ្យអ្នកស្រី ស៊ាង ជា ខ្វះដើមទុនក្នុងការទិញសម្ភារៈផលិត ដែលធ្វើឱ្យរបរអ្នកស្រី ហាក់មិនសូវរីកចម្រើនទៅមុខលឿន។
 
កាលពីពេលកន្លងទៅ អង្គការ អេដ អេ អាកស្យុង ក្រោមគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម បានផ្ដល់វគ្គបណ្ដុះបណ្ដាលផ្នែកអាជីវកម្មថ្នាក់មូលដ្ឋាន  ដល់អ្នកស្រី ស៊ាង ជា ដើម្បីមានលទ្ធភាពពង្រីក និងពង្រឹកអាជីវកម្មតទៅមុខទៀត។ គម្រោងនេះ ក៏បានផ្ដល់ដើមទុនលើការទិញសម្ភារៈ ដល់អ្នកស្រី ស៊ាង ជា និងស្រ្តីដែលមានពិការភាពទាំង២០នាក់ទៀត ឱ្យបានប្រកបអាជីវកម្ម  និងពង្រីកអាជីវកម្មឱ្យមាននិរន្តន៍ភាពផងដែរ។ 
 
«ពីមុនមកយើងអត់គិតទេ ដឹងតែបានលុយមក យើងដឹងតែហូបចាយ។​ ពេលឥលូវខ្ញុំបានរៀន ខ្ញុំមានចំណេះដឹង ពីការបង្កើតមុខរបរ និងការគ្រប់គ្រង ។ នេះបើតាមការអះអាងរបស់អ្នកស្រី ស៊ាង ជា ដែលបន្ថែមថា គម្រោងនេះធ្វើឱ្យអ្នកស្រី ស្គាល់ពីរបរខ្លួនកាន់តែច្បាស់ជាងមុន។ 
 
មានអនុវស្សាវរីយ ជាមួយតម្បាញរាប់មិនអស់ អ្នកស្រី ស៊ាង ជា ពិតជាពេញចិត្ត ពេញថ្លើម នឹងរបរកេរដូនតានេះណាស់។ ស្រ្តីមានពិការភាពរូបនេះ ប្ដេជ្ញានឹងបន្តថែរបរតម្បាញនេះឱ្យកាន់តែរីកចម្រើនទៅមុខ និងសង្ឃឹមថា ពលរដ្ឋកាន់តែច្រើនបន្តគាំទ្រស្នាដៃតម្បាញខ្មែរ៕
 


Tag:
 តម្បាញ
  ចចូត
© រក្សាសិទ្ធិដោយ thmeythmey.com