ជាតិ
ពីនេះ ពីនោះ
ពន្ធ គឺសួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់
× «ពន្ធ» ចេញពីភាសាបាលី និងសំសស្ក្រឹតលាយគ្នា ដោយជាកិរិយាសព្ទ មានន័យថា «ចង, ជាប់, ជំពាក់»។ ចំណែកថ្នាក់ពាក្យជានាម គឺ «ចំណង, អន្ទាក់, គ្រឿងជាប់, ជំពាក់»។ នេះបើតាមវចនានុក្រមខ្មែរ២០២២ ដែលចេញផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
និយាយរួម «ពន្ធ» គឺជា សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់ : ពន្ធស្រូវ, ពន្ធទូក, ពន្ធទាស, ពន្ធខ្លួន ...; ទារពន្ធ, បង់ពន្ធ។
«ពន្ធគយ» គឺពន្ធយកលើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ប្រទេសណាមួយ។ «ពន្ធចង» គឺពន្ធខ្ពស់បំផុតដែលបានសន្យានៅពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ «ពន្ធចំពោះ» គឺពន្ធដីស្រែចម្ការជាដើម ដែលសាមីខ្លួនជាម្ចាស់របស់ត្រូវបង់ជូនរាជការ តាមចំនួនដែលមានកម្រិតទុកជាស្រេចក្នុងបញ្ជី។
«ពន្ធដារ» មានន័យថា ពន្ធគ្រប់មុខ : ការបង់ពន្ធដារសម្រាប់ផែនដី ហៅថា រាជពលី។ «ពន្ធបៃតង» គឺពន្ធកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីសកម្មភាពអភិវឌ្ឍដែលបំពុល និងបង្កគ្រោះថ្នាក់ដល់បរិស្ថាន។
«ពន្ធប្រថាប់ត្រា» មានន័យថា ពន្ធអនុវត្តលើការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យនិងការទទួលកម្មសិទ្ធិលើមធ្យោបាយដឹកជញ្ជូន។ «ពន្ធប្រយោល» គឺជា ពន្ធលើទំនិញឬសេវាដែលអ្នកប្រើប្រាស់ចុងក្រោយបង់ជូនរដ្ឋ តាមរយៈអ្នកផ្គត់ផ្គង់។
«ពន្ធផ្ទាល់» ក៏ដូចជា «ពន្ធចំពោះ» ផងដែរ ដែលសំដៅលើពន្ធលើប្រាក់ចំណូល ចលនទ្រព្យ អចលនទ្រព្យ... ដែលអ្នកជាប់ពន្ធ ត្រូវបង់ដោយផ្ទាល់ជូនរដ្ឋ ។ រីឯ «ពន្ធមិនចំពោះ» ក៏ដូចជា «ពន្ធប្រយោល» ផងដែរ ដែលសំដៅលើពន្ធនៃគ្រឿងបរិភោគនិងគ្រឿងប្រើប្រាស់ផ្សេងៗដូចជាពន្ធគយនិងរដ្ឋាករជាដើម ដែលជននីមួយៗត្រូវបង់ជូនរាជការ ដោយសារខ្លួនត្រូវការបរិភោគឬប្រើប្រាស់នូវវត្ថុទាំងនោះ៕
ប្រភព៖ វចនានុក្រមខ្មែរ២០២២ ដែលចេញផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com