ជាតិ
វីដេអូ
UNIDO នឹងជំរុញឱ្យផលិតផលជលផលកម្ពុជា ​នាំចេញទៅទីផ្សារអឺរ៉ុបនាថ្ងៃអនាគត​
01, Oct 2023 , 1:59 pm        
រូបភាព
ភ្នំពេញ៖ លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO សង្ឃឹម​ថា ថ្ងៃ​អនាគត​ផលិត​ផល​ជល​ផល​កម្ពុជា នឹងអាច​នាំ​ចេញ​ទៅទីផ្សារអឺរ៉ុប។ បច្ចុប្បន្ននេះ គម្រោង​CAPFishCAPTURE របស់​អង្គការ UNIDO បាន​ផ្ដល់ជំនួយ​ដល់​សហគ្រាសចំនួន ២៨ លើ​បច្ចេកទេស សម្ភារ និង​បរិក្ខារផ្សេងៗ។​

«ដោយមាន​ការ​សហការ​គ្នា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ អាជ្ញាធរមាន​សមត្ថកិច្ច រដ្ឋបាល​ជលផល​ និង​ការ​យកចិត្តទុកដាក់របស់ម្ចាស់​សហគ្រាស​ យើង​គិតថា យើង​នឹង​ទៅដល់គោលដៅ​ ក្នុង​ការ​នាំចេញ​ជលផល​កម្ពុជា ទៅកាន់ទីផ្សារ​អឺរ៉ុបនៅថ្ងៃអនាគត»។ នេះជា​ការ​បញ្ជាក់របស់​លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO នៅក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលនាខេត្តសៀមរាប​។  
 

លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO បន្តថា ការនាំចេញ​ផលិត​ផល​ជលផល​ទៅក្រៅប្រទេស ជាដំណើរការ​មួយ​ដ៏​វែង​ឆ្ងាយ​ និង​មិន​ងាយស្រួល​នោះទេ។ ប៉ុន្តែ​ប្រធានទីប្រឹក្សាបច្ចេកទេសរូបនេះ បន្ថែមថា តាមរយៈគម្រោង CAPFishCAPTURE អង្គការ UNIDO បាន​រៀបចំឱ្យ​មាន​បទ​ប្បញ្ញត្តិ​ច្បាប់​ និង​វិញ្ញាបនប័ត្រ​និមិត្តសញ្ញាគុណភាព​ផល ផលិតផល​ជលផលកម្ពុជា​ ដើម្បីជំរុញ​ដល់លទ្ធផលនាំចេញ​។ 
 
អង្គការ UNIDO បាន​បង្កើត​ជា​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ​ ដែលសហការ​ជាមួយ​រដ្ឋបាល​ជលផល ដើម្បី​ជួយ​ជំរុញ​ដល់​សហគ្រាស​កែច្នៃ​ជលផល​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​របស់​ទីផ្សារនាំចេញ​ផងដែរ​។ បើតាម​លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ចំណុច​សំខាន់​​ឈានដល់ការនាំចេញ​បាន គឺ​ការ​មាន​ប្រព័ន្ធ​អង្កេតដាន​ ដែល​អាចដឹង​ពី​ប្រភព​នៃ​វត្ថុធាតុដើម។ ជាមួយគ្នានេះ ដើម្បី​ពន្លឿន​ដល់​នីតិវិធី​នាំចេញ​ UNIDO និង​រដ្ឋបាលជលផល បានធ្វើការយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​ និង​សុវត្ថិភាព​ម្ហូបអាហារ​របស់​សហភាព​អឺរ៉ុប​ផងដែរ។ 
 
អត្ថបទទាក់ទង
 

  


សូមបញ្ជាក់ថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) ជាកម្មវិធីជលផល ដែល​ទទួលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប ក្នុង​គោលបំណងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលជាផ្នែកមួយនៃកម្មវិធី CAPFish បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល និងមានគោលបំណងអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលជលផល។
  


តាមរយៈគម្រោងនេះ បាន​ផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ននៃអាជ្ញាធរក្នុងការបង្កើតប្រព័ន្ធ ត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលជលផល។ លើសពីនេះ​ ជួយគាំទ្រដល់វិស័យឯកជនក្នុងការអភិវឌ្ឍការកែច្នៃផលជលផល តាមរយៈការកសាងសមត្ថភាពជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំទ្រថវិកាវិនិយោគ និងការបង្កើតយន្តការគាំទ្រដល់ធុរកិច្ច ធានាបាននូវនិរន្តរភាពសម្រាប់វិស័យនេះ៕​
 

ត្រីងៀត។ រូបភាពញឹក ស្រីល័ក្ខ


Tag:
 UNIDO
  ជលផល
  ត្រី​
  អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com