អន្តរជាតិ
អាម៉េរិក ទទូចជាថ្មីឱ្យចិនប្រើឥទ្ធិពលខ្លួនលើកូរ៉េខាងជើងឱ្យចូលតុចរចាឡើងវិញ
03, Oct 2023 , 3:09 pm        
រូបភាព
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក។ រូបភាព AFP
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក។ រូបភាព AFP
អាម៉េរិកអំពាវនាវឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីលើកទឹកចិត្តឱ្យកូរ៉េខាងជើងបន្ធូរបន្ថយភាពតានតឹង និងត្រលប់មកកាន់តុចរចាឡើងវិញ។ ចិន​ ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់កូរ៉េខាងជើង និងជាដង្ហើមការទូតផងដែរ។


 
ក្នុងសន្និសីទមួយនៅថ្ងៃទី២ ខែតុលា លោក Matthew Miller​ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានរំពឹងថា ជំនួបរវាងលោកស៊ី ជិនភីង ប្រធានាធិបតីចិន និងសមភាគីរុស្ស៊ី លោកវ៉្លាឌីមៀ ពូទីន នៅក្នុងខែតុលានេះ នឹងនាំឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី រួមជាមួយកូរ៉េខាងជើងផង។ 
 
ទាក់ទិននឹងបញ្ហានេះ មន្រ្តីក្រសួងការបរទេសអាម៉េរិក បានទទូចជាថ្មីឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីលើកទឹកចិត្តឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង ចូលតុចរចាឡើងវិញ។ 
 
«រឿងមួយ ដែលយើងបានជំរុញនៅក្នុងកិច្ចសន្ទនាជាមួយមន្រ្តីចិន ក៏ដូចជាលោកប្លីងខិន និងមន្រ្តីអាម៉េរិកផ្សេងទៀតបានធ្វើ គឺថា ចិនមានតួនាទី ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយកូរ៉េខាងជើង ដើម្បីជំរុញឱ្យកូរ៉េខាងជើងដាក់ចេញចំណាត់ការបន្ធូរបន្ថយ និងវិលមករកតុចរចាឡើងវិញ»។ លោក Miller បានសង្កត់ធ្ងន់បែបនេះ។ 
 
ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលនៅគ្រប់កម្រិតទាំងអស់ ដែលក្រុងព្យុងយ៉ាងមានឆន្ទៈនឹងចូលរួម។ 
 
ជាការពិត ក្រោយកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរជាមួយអាម៉េរិកត្រូវផ្អាកនៅក្នុងឆ្នាំ២០១៩ កូរ៉េខាងជើង បានចាប់ផ្តើមបានមីស៊ីលឡើងវិញ និងធ្វើឡើងជាញឹកញាប់ ដោយក្នុងនោះរួមមានមីស៊ីលប៉ាលីស្ទិកអន្តរទ្វីបផង។ 
 
មិនតែប៉ុណ្ណោះ លោក Miller ក៏បានបង្ហាញពីក្តីបារម្ភផងដែរលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលអាចនាំឱ្យមានការផ្ទេរអាវុធប្រភេទណាមួយពីរុស្ស៊ីទៅកូរ៉េខាងជើង ឬពីកូរ៉េខាងជើងទៅរុស្ស៊ីសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន៕ 
 

Tag:
 អាម៉េរិក
  ចិន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com