ជាតិ
វាយកូនគោលការទូត​មិត្តភាព-ធុរកិច្ច ជាយុទ្ធសាស្ត្រថ្មីមួយ ដើម្បីទំនាក់ទំនង និងទាក់ទាញការវិនិយោគ
04, Oct 2023 , 11:29 am        
រូបភាព
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំការប្រកួតវាយកូនគោលការទូតមិត្តភាព-ធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគថែមទៀត មកកម្ពុជា។ ការប្រកួតនេះ ជាយុទ្ធសាស្រ្តថ្មីមួយទៀត សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។



«ការទូតកីឡា»! ជាផែនការយុទ្ធសាស្រ្តថ្មី របស់ក្រសួងការបរទេស សម្រាប់គាំទ្រដល់ការអនុវត្ត «យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច» ដែលក្រសួងបានដាក់ចេញកាលពីឆ្នាំ២០២១។ សម្រាប់ផែនការសកម្មភាពថ្មី ដោយយកកីឡា ធ្វើជាការទូតសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយក្រុមធុរកិច្ចជននេះ វាជាទស្សនវិស័យ និងយុទ្ធសាស្រ្តមួយ ក្នុងការរួមចំណែករុញច្រានកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់ ឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល។
 
រដ្ឋមន្រ្តីក្រសួងការបរទេស លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា ការរៀបចំសកម្មភាពប្រកួតវាយកូនគោលការទូតមិត្តភាព-ធុរកិច្ច នៅជំហានដំបូងនេះ ដោយសារកីឡាវាយកូនគោល អាចជួយឱ្យក្រុមធុរកិច្ចជនបន្ធូរអារម្មណ៍ និងភាពតានតឹង ក្នុងការងារ និងជំនួញ តាមរយៈការវាយគ្រាប់គោលចេញម្ដងៗ ។ ជាពិសេសការស្រូបយកខ្យល់អាកាស អំឡុងពេលប្រកួតនេះ។ 
 
បើតាមលោក សុខ ចិន្តាសោភា ការយកកីឡា ធ្វើជាការទូតនេះ ក៏ជួយភ្ជាប់ទំនាក់ទំនងមួយកម្រិតទៀត រវាងធុរកិច្ចជន បណ្ដាអង្គទូត និងរដ្ឋាភិបាល ក្រោមរូបភាពបរិយាកាសថ្មីមួយ ។

«នេះជាឱកាសមួយ ដែលធ្វើឱ្យទាំងអង្គទូត ទាំងថ្នាក់ដឹកនាំនៃរដ្ឋាភិបាល មានឱកាសជួបសន្ទនាគ្នា ក្រោមបរិយាកាសដ៏សែនរីករាយ។ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់ ទាំងកីឡាករ អ្នកឈរមើល អ្នកអបអរសាទរ បានមានឱកាសទំនាក់ទំនងចាប់ពីពេលនេះតទៅ អាចថា ណាត់គ្នាវាយកូនហ្គោល ណាត់គ្នាផឹកទឹកមួយដប។ នេះហើយជាគោលបំណងធំណាស់ នៃការរៀបចំកីឡានេះ»។ នេះជាការលើកឡើងរបស់ប្រមុខការទូតកម្ពុជា ដែលបានបន្ថែមថា ក្រសួងក៏គ្រោងនឹងយកប្រភេទកីឡាផ្សេងៗទៀត មកភ្ជាប់ចំណងការទូតដែរ។
 
ការប្រកួតវាយកូនហ្គោលការទូតមិត្តភាព-ធុរកិច្ច កាលពីថ្ងៃទី៣ តុលា មានបណ្ដាអង្គទូត អង្គការអន្តរជាតិ ធុរកិច្ចជនជាតិ និងអន្តរជាតិ ចំនួន២៦ស្ថាប័ន បានចូលរួមប្រកួត នៅក្លិបវាយកូនហ្គោលហ្កាឌិនស៊ីធី រាជធានីភ្នំពេញ៕
 

Tag:
 សេដ្ឋកិច្ច
  កូនហ្គោល
  ធុរកិច្ច
  ការទូតកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com