ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងគុណភាពសាលារៀនរដ្ឋ ល្អជាងការពង្រីក
05, Oct 2023 , 9:59 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងនាយក ឬគណៈគ្រប់គ្រងសាលារៀន ពង្រឹងគុណភាពអប់រំនៅតាមសាលារៀនរដ្ឋ ដែលវាប្រសើរជាងការពង្រីកសាលារៀនតាមភូមិឃុំ។



ក្នុងន័យនេះ សម្ដេច ហ៊ុន ម៉ាណែត បានពន្យល់ថា បើសាលារៀនមួយ មានគុណភាពខ្ពស់ ទោះបីស្ថិតនៅឆ្ងាយប៉ុនណា ក៏មានសិស្សរៀនសូត្រដែរ។ ថ្លែងក្នុងពិធីប្រារព្ធគ្រូបង្រៀនលើកទី១៦ ថ្ងៃទី៥ តុលា ក្រោប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅឧត្តមភាព» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រមុខរដ្ឋាភិបាល បានលើកទស្សនៈរបស់ពលរដ្ឋបរទេស ដែលសុខចិត្តរើទីលំនៅទៅកន្លែងណា ដែលសម្បូរសាលារៀនល្អ មានគុណភាពខ្ពស់ សម្រាប់ឱ្យកូនរបស់ពួកគេសិក្សា។ ដោយសារមានទស្សនៈបែបនេះ ទើបសម្ដេច ហ៊ុន ម៉ាណែត មិនចង់ឱ្យពង្រីកសាលារៀនតាមភូមិ ឃុំ តែគ្មានគុណភាពអប់រំនោះឡើយ។ 
 
បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតសាលារៀនជំនាន់ថ្មី ដែលមានស្តង់ដារនៃការអប់រំបានខ្ពស់។ សាលាជំនាន់ថ្មី ក៏មានការពង្រឹងសមត្ថភាពគ្រូបង្រៀន កែលម្អវិធីសាស្ត្របង្រៀន ពង្រឹងការគ្រប់គ្រងសាលា និងជាសាលារៀនគំរូ ដល់គ្រឹះស្ថានសិក្សាផ្សេងទៀត។ រដ្ឋាភិបាលកម្ពុជាបានបង្កើតកម្មវិធីសាលាជំនាន់ថ្មី ផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា( STEM ) ដើម្បីជំរុញឲ្យមានអ្នកជំនាញខាងវិទ្យាសាស្ត្រ កាន់តែច្រើននៅកម្ពុជា។ កម្មវិធីនេះ ត្រូវបានក្រសួងអប់រំ ដាក់ឲ្យអនុវត្តន៍សាកល្បងនៅឆ្នាំ២០១៥ ។
 
លើសពីនេះ ក្រសួងបានកែលម្អវិធីសាស្ត្របង្រៀន ផលិតកម្មវិធីទូរស័ព្ទដៃ Apps រៀបចំកម្មវិធីមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន តាមការសរសេរកម្មវិធីកុំព្យូទ័រ (Coding) គម្រោងអប់រំឌីជីថលបង្កើត Media Studio និងបង្កើត Data Center និង Smart E-Classroom។ សម្រាប់សិស្សដែលមានបំណងសិក្សារៀនសាលាជំនាន់ថ្មីនេះ ក៏ត្រូវបង់ថវិកាវិភាគទានដែរ។
 
សម្ដេច ហ៊ុន ម៉ាណែត ទទួលស្គាល់ពីគុណភាពសិក្សារបស់សាលារៀនជំនាន់ថ្មីនេះ តែក៏មិនអាចរង់ចាំតែកម្មវិធីសាលារៀនជំនាន់ថ្មីនេះ ទើបពង្រឹងគុណភាពអប់រំឡើយ ព្រោះមិនដឹងថា ពេលណាទើបរដ្ឋអាចបង្កើតសាលារៀននេះ បានទូទាំងប្រទេស។ ដូច្នេះសម្ដេច ក៏ជំរុញឱ្យក្រសួងអប់រំ នាយក និងគណៈគ្រប់គ្រងសាលារៀន ត្រូវចេះកែច្នៃសាលារៀនដែលមានស្រាប់ ឱ្យមានគុណភាពខ្ពស់ ចាប់ពីថ្នាក់១ ឡើងទៅ។ សម្ដេច សន្យាថា​ ចាប់ពីអាណត្តិទី៧ ទៅ សាលារៀនរដ្ឋទាំងអស់ នឹងមានគុណភាពអប់រំខ្ពស់ ដោយមិនមានការបែងចែកសាលារៀនល្អ ឬមិនល្អឡើយ។
 
 
កន្លងមកក្រសួងអប់រំ បានសម្រេចបង្កើតសាលារៀនជំនាន់ថ្មី រួមមានសាលាបឋមសិក្សា ហ៊ុន សែន កំពង់ចាម ទីរួមខេត្តកំពង់ចាម។ សាលាបឋមសិក្សាព្រះរាជអគ្គមហេសី ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ សាលាបឋមសិក្សាអង្គរបាន នៅស្រុកកងមាស ខេត្តកំពង់ចាម។ សាលាបឋមសិក្សាស្វាយជ្រុំ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកឯសាលាមធ្យមសិក្សាទាង៧ រួមមានវិទ្យាល័យព្រះស៊ីសុវត្ថិ នៅខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ។ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម នៅទីរួមខេត្តកំពង់ចាម។ វិទ្យាល័យព្រែកលៀប នៅជ្រោយចង្វាររាជធានីភ្នំពេញ។ វិទ្យាល័យសម្ដេច ជា ស៊ីម ព្រែកអញ្ចាញ នៅមុខកំពូលខេត្តកណ្ដាល។ វិទ្យាល័យ ហ៊ុន សែន ពាមជីកង នៅខេត្តកំពង់ចាម និងវិទ្យាល័យព្រះយុគន្ធរ នៅរាជធានីភ្នំពេញជាដើម៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com