ជាតិ
CATA រៀបចំកម្មវិធីរត់ដើម្បីផ្សព្វផ្សាយការបើកដំណើរការព្រលានយន្តហោះសៀមរាប-អង្គរ ព្រលានយន្តហោះសៀមរាប-អង្គរ។ រូបភាពពីក្រុមហ៊ុន AIAI
× សៀមរាប៖ សមាគមទេសចរណ៍កម្ពុជា (CATA) នឹងរៀបចំកម្មវិធីរត់ប្រណាំងនៅវើឡើងនៅព្រឹកថ្ងៃទី៨ តុលា ដើម្បីចូលរួមផ្សព្វផ្សាយការបើកដំណើរការជាផ្លូវការព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ ស្រុកសូទ្រនិគម។
ប្រធានសមាគម CATA ខេត្តសៀមរាប លោក អេង គន្ធា បានឱ្យដឹងថា ការរត់ប្រណាំងនេះ ចាប់ផ្តើមពីផ្លូវហាយវ៉េកែងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ព្រលានយន្តហោះ អន្ដរជាតិសៀមរាប-អង្គរ។ កម្មវិធីរត់នេះបើកឱកាសឱ្យអ្នកចូលរួមដោយសេរី ចាប់ពីចម្ងាយ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង២០គីឡូម៉ែត្រ។
លោក អេង គន្ធាពន្យល់ពីគោលបំណងនៃកម្មវិធីរត់ថា ដើម្បីជួយផ្សព្វផ្សាយដល់សាធារណជន ទេសចរជាតិ-អន្ដរជាតិ ពីការបើកដំណើរការរបស់ព្រលានយន្តហោះថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ តុលាតទៅ។ លោកបន្ថែមថា៖« យើងចូលរួមរត់ អបអរសាទរនូវសមិទ្ធផលថ្មីដែលកើតនៅសៀមរាប។ ត្រៀមស្វាគមន៍ទេសចរ ដើម្បីឱ្យពិភពលោកដឹងថា ព្រលានថ្មីយើងនឹងបើកជាផ្លូវការហើយ»។
ព្រលានយន្តហោះសៀមរាប-អង្គរ។ រូបភាពពីក្រុមហ៊ុន AIAI
ក្រៅពីរៀបចំកម្មវិធីរត់ប្រណាំងនេះ លោក អេង គន្ធា បានឱ្យដឹងថា កន្លងមក CATA បានធ្វើការងារជាច្រើនដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍សៀមរាប ពិសេសវត្តមាននៃព្រលានយន្តហោះថ្មីទៅកាន់ដៃគូក្រុមហ៊ុនទេសចរណ៍ជាច្រើន រួមនិងសមាគម ឬទីភ្នាក់ងារទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសដែលជាដៃគូផងដែរ។
គួរបញ្ជាក់ថា ព្រលានយន្តហោះអន្ដរជាតិសៀមរាប (ទីតាំងចាស់) នឹងបិទប្រតិបត្តិការទាំងស្រុងនៅ ថ្ងៃទី១៥ តុលា វេលាម៉ោង១២យប់ ហើយការងារទាំងអស់នឹងត្រូវផ្ទេរទៅព្រលានយន្តហោះថ្មីនៅស្រុកសូទ្រនិគម ដែលវិនិយោគដោយក្រុមហ៊ុនចិន AIAI។ តាមការចុះផ្សាយរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ មានចំណតយន្តហោះចំនួន ៣៨ ក្នុងនោះចំណត Code E ចំនួន១១ចំណត និងចំណត Code C ចំនួន២៧ មានតួប៉មបញ្ជាហោះហើរ មានកម្ពស់៨០ម៉ែត្រ និងមានស្ថានីយអ្នកដំណើរដែលអាចទទួលបានទេសចរ៧លាននាក់ក្នុងមួយឆ្នាំ៕
Tag:
ព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com