ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន អំពាវនាវឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង
09, Oct 2023 , 5:01 pm        
រូបភាព
ពីពិធីបិទបញ្ចប់ការថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” នៅថ្ងៃទី៩ តុលា សម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យក្រុមសកម្មជនប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន ដោះលែងចំណាប់ខ្មាំង ក្រោយមានការប៉ះទង្គិចគ្នាជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា។



ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា ការចាប់ពលរដ្ឋស្លូតត្រង់ជាចំណាប់ខ្មាំងនេះ វាគ្មានផ្ដល់ផលប្រយោជន៍អ្វីដល់ក្រុមសកម្មប្រយុទ្ធហាម៉ាសឡើយ ដូច្នេះគួរតែដោះលែងពួកគេឱ្យមានសេរីភាពវិញ។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានណែនាំឱ្យកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលកំពុងរស់នៅ និងបំពេញបេសកកម្មនៅលីបង់ ត្រូវស្ដាប់បទបញ្ជារបស់អង្គការសហប្រជាជាតិ។
 
កាលពីព្រឹកថ្ងៃទី៧ ខែតុលាមក ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតប្រមាណ ៥០០០គ្រាប់ ក្រោមយុទ្ធនាការ Operation Al-Aqsa Flood ប្រឆាំងអ៊ីស្រាអែល។ តាមការបញ្ជាក់របស់អ្នកនាំពាក្យយោធាអ៊ីស្រាអែល ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតចេញពីសមុទ្រ ដី និងអាកាស។ ជម្លោះនេះ មានសភាធ្ងន់ធ្ងរខ្លាំង បើគិតចាប់តាំងពីឆ្នាំ២០២១ មក ដែលកាលនោះមានសង្រ្គាមរយៈពេល ១១ថ្ងៃ។
 
គិតត្រឹមព្រឹកថ្ងៃទី៩ ខែតុលា ករណីស្លាប់នៅក្នុងដែនដីអ៊ីស្រាអែលបានកើនឡើងដល់ជាង ៧០០ករណី ខណៈប្រជាជននៅក្នុងតំបន់កាហ្សាមានអ្នកស្លាប់ជាង៤១៣នាក់។ នេះជាករណីស្លាប់ច្រើនបំផុតនៅអ៊ីស្រាអែលបើគិតចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-អារ៉ាប់ ក្នុងឆ្នាំ១៩៧៣។
 
ជាមួយគ្នានេះ ក្រុមហាម៉ាស បានចាប់ខ្លួនចំណាប់ខ្មាំងជាង១០០នាក់។ ជនបរទេសជាច្រើនត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ ចាប់ខ្លួន និងបាត់ខ្លួន ក្នុងនោះរួមមានប្រជាជនថៃ ប្រេស៊ីល អាម៉េរិក បារាំង អាល្លឺម៉ង់ អ៊ុយក្រែន និងបណ្តាប្រទេសផ្សេងទៀត។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com