ជាតិ
គ្រឿងញៀន៖ លោក នេត សាវឿន បញ្ជាឱ្យរឹតបន្តឹងការនាំចូលសារធាតុគីមី និងបង្កើនសារអប់រំ
10, Oct 2023 , 10:59 am        
រូបភាព
រោងចក្រលួចផលិតគ្រឿងញៀន ដែលសមត្ថកិច្ចរកឃើញនាពេលកន្លងមក (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
រោងចក្រលួចផលិតគ្រឿងញៀន ដែលសមត្ថកិច្ចរកឃើញនាពេលកន្លងមក (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
ភ្នំពេញ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញគោលការណ៍ឱ្យមន្ត្រីតាមក្រសួង ស្ថានប័ន ថ្នាក់ជាតិនិងក្រោមជាតិទាំងអស់ រួមគ្នាទប់ស្កាត់គ្រឿងញៀន ពិសេសការនាំចូលសារធាតុគីមី។

 
ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគឿងញៀន បានកត់សម្គាល់ឃើញនិន្នាការនៃការផលិត ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន មានការកើនឡើងខ្លាំង ទាំងក្នុងក្របខ័ណ្ណអន្តរជាតិ តំបន់ និងអនុតំបន់ ហើយបន្តជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់កម្ពុជា។ លោក នេត សាវឿន លើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀន ក្នុងស្រទាប់យុវវ័យ រាលដាលគួរឱ្យព្រួយបារម្ភ បង្កជាផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលបង្កជាក្ដីកង្វល់យ៉ាងខ្លាំង ដល់ពលរដ្ឋតាមមូលដ្ឋាន និងសង្គមជាតិ។ 
 
ហេតុនេះ ដើម្បីដោះស្រាយទុក្ខកង្វល់ខាងលើ ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនចេញគោលការណ៍ណែនាំ ៦ចំណុច សម្រាប់អនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 
លោក នេត សាវឿន ប្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយពីផលវិបាកនៃឥទ្ធិពលគ្រឿងញៀន និងសារដាស់តឿនដល់មន្ត្រីឱ្យជៀសឆ្ងាយពីគ្រឿងញៀន។ បើតាមលោក សាវឿន ការបញ្ជ្រាបសារអប់រំនេះ ត្រូវធ្វើឡើងតាមបណ្ដាញសារព័ត៌មាន វិទ្យុ ទូរទស្សន៍ ទូរស័ព្ទចល័ត ជាពិសេសបណ្ដាញសង្គមអនឡាញ បដា ប៉ាណូ ខិត្តប័ណ្ណ វិក្កយបត្រប្រើប្រាស់ទឹក-អគ្គិសនី ជាដើម។ លើសពីនេះ ត្រូវបញ្ចូលប្រធានបទពាក់ព័ន្ធគ្រឿងញៀនចូលក្នុងកម្មវិធីសិក្សា កៀរគរសិល្បករ វិស័យឯកជន វិស័យសាសនា ឱ្យជួយផ្សាយពីសារអប់រំស្ដីពីបញ្ហាគ្រឿងញៀន។ 
 
លោកឧបនាយករដ្ឋមន្រ្តី ក៏ណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវមានបង្កើតយន្តការគ្រប់គ្រងសារធាតុគីមីផ្សំ ដែលអាចបង្វែរផលិត ឬច្នៃជាគ្រឿងញៀន ហើយរាល់ការប្រើប្រាស់ រក្សាទុក ដឹកជញ្ជូន ជួញដូរសារធាតុគីមីទាំងអស់ ត្រូវត្រួតពិនិត្យឱ្យច្បាស់។ 
 
ដោយឡែកមន្ត្រីតាមច្រកព្រំដែន ពិសេសតំបន់ត្រីកោណមាស ត្រូវបន្ថែមឧបករណ៍បច្ចេកទេស ម៉ាស៊ីនស្កេន សុនខហិតក្លិនជាដើម។ ជាមួយគ្នាដែរ ត្រូវយកចិត្តទុកដាក់លើការចរាចរគ្រឿងញៀនតាមផ្លូវទឹក លំហសមុទ្រ និងកំពង់ផែអន្តរជាតិ។ ចំណែកគ្រប់ក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចគ្រប់គ្រង និងត្រួតពិនិត្យឃ្លាំង ឬចង្វាក់ផលិតកម្ម ត្រូវធ្វើបច្ចុប្បន្នភាព និងតាមដានឱ្យបានដិតដល់ ចៀសវាងឧក្រិដ្ឋជនឆ្លៀតប្រើប្រាស់ទីតាំងទាំងនោះ លួចលាក់កែច្នៃផលិតសារធាតុញៀន។ ទន្ទឹមនឹងនេះ អភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ពិនិត្យ ឃ្លាំមើល រកទីតាំងសង្ស័យទាំងឡាយណា ដែលអាចប្រើប្រាស់ជាកន្លែងកែច្នៃផលិតសារធាតុញៀន ពិសេសឃ្លាំងឬកសិដ្ឋានដាច់ស្រយាល នៅក្បែរតំបន់ព្រៃភ្នំ។ នេះបើតាមលោក នេត សាវឿន។
  
លោក ក៏បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនក្នុងមូលដ្ឋាន តាមកន្លែងមិនទាន់រៀបរយ ដូចជា ក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ហើយត្រូវប្រកាន់យកការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។ ចំណែកអគ្គលេខាធិការដ្ឋាន នៃអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) ត្រូវរៀបចំក្រុមការងារ ដើម្បីត្រួតពិនិត្យ និងសហការជួយសម្របសម្រួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមទាំងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត ឱ្យបានលម្អិតនិងស៊ីជម្រៅ តាមការណែនាំខាងលើនេះ។ 
 
គោលការណ៍ណែនាំទាំង៦នេះ គឺលោក នេត សាវឿន ជាអ្នកដាក់ចេញ តាមលិខិតណែនាំចេញថ្ងៃទី៩កញ្ញា ។ លោកសង្ឃឹមថា គោលការណ៍នេះនឹងឆ្លើយតបនឹងសភាពការណ៍គ្រឿងញៀន៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com