កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ មេដាយសំរឹទ្ធ១ ជាលទ្ធផលមិនសូវល្អ ប៉ុន្ដែកម្រិតបច្ចេកទេសនៅកីឡាអាស៊ីកើន
10, Oct 2023 , 6:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាការជាតិអូឡាំពិកកម្ពុជា (NOCC) និយាយថាការដណ្ដើមបានមេដាយសំរិទ្ធ១ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន មិនមែនជាលទ្ធផលល្អ ប៉ុន្មានទេ បើធៀបកីឡាអាស៊ី​ ឆ្នាំ២០១៨ នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលកម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១។ អគ្គលេខាធិការ NOCC រូបនេះ បន្ថែមទៀតថា កម្រិតបច្ចេកទេសអត្ដពលិកកម្ពុជា រីកចម្រើន បើធៀបពីស៊ីហ្គេម ទៅអាស៊ីហ្គេម ព្រោះកីឡាករ-កីឡាការិនី សុទ្ធតែបំបែកកំណត់ត្រាផ្ទាល់ខ្លួនរៀងខ្លួន។



ក្នុងបទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុក លោក វ៉ាត់ ចំរើន ហាក់ដូចជាមិនសូវជាពេញចិត្តចំពោះការដណ្ដើមបានត្រឹមតែមេដាយសំរឹទ្ធ១ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន ប៉ុន្មានឡើយ ព្រោះមិនបានបំបែកកំណត់ត្រាមេដាយឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៨ កម្ពុជា បានឈ្នះមេដាយ៣ គឺមេដាយមាស១ និងសំរឹទ្ធ១ពីកីឡាម៉ូតូទឹក និងមេដាយមាស១ លើកីឡាជឺជិតស៊ូ។ ដោយឡែកឆ្នាំ២០២៣ កម្ពុជា ឈ្នះមេដាយសំរឹទ្ធ១ ប្រភេទកីឡាការ៉ាតេ វិញ្ញាសាសម្ដែង។
 
ប៉ុន្ដែ អគ្គលេខាធិការរូបនេះ ក៏មិនខកចិត្តចំពោះការចូលរួមរបស់អត្ដពលិកកម្ពុជាឡើយ ដោយអ្នកទាំងនោះ ភាគច្រើន បានបំបែកកំណត់ត្រាផ្ទាល់ខ្លួន និងបំបែកកំណត់ត្រា នៃការចូលរួមរបស់អត្ដពលិកកម្ពុជា ពីមុនៗ មក។ លោក វ៉ាត់ ចំរើន បាននិយាយថា៖«ការចូលរួមរបស់យើង គឺទទួលបានលទ្ធផលមិនសូវល្អទេ ហើយក៏លទ្ធផល មិនបានបំបែកឯកត្តកម្មលើកមុន នៅឆ្នាំ២០១៨ ដែលកម្ពុជា យើងចូលរួមនៅឯទីក្រុងហ្សាការតា។ នៅហ្សាការតា យើង បានមេដាយមាស២ និងមេដាយសំរឹទ្ធ១។»។
 
ដោយឡែក ក្នុងព្រឹត្តិការណ៍នេះ កីឡាករ-កីឡាការិនីឆ្នើមរបស់កម្ពុជា មួយចំនួន មិនបានចូលរួមនោះទេ ដោយសារតែម្ចាស់ផ្ទះ មិនបានដាក់វិញ្ញាសាកីឡានោះ និងបញ្ហាផ្ទាល់ខ្លួនរបស់អត្ដពលិក។ ជាឧទាហរណ៍ កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសម៉ូតូទឹកកីឡាអាស៊ីលើកទី១៨ មិនបានចូលរួមព្រោះ មិនមានវិញ្ញាសាកីឡានេះ ស្របពេល ខាន់ ចេសា ម្ចាស់មេដាយកីឡាជឺជិតស៊ូ មិនចូលរួមប្រកួត ព្រោះបញ្ហាផ្ទាល់ខ្លួន ចំណែក ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាតេក្វាន់ដូ ចូលនិវត្តន៍។
 
លោក វ៉ាត់ ចំរើន បានប្រាប់បន្ថែមថា កម្រិតកីឡាអាស៊ី គឺមានការប្រកួតប្រជែងខ្លាំង ម្យ៉ាងវិញទៀត ប្រទេសមានសក្ដានុពលខាងកីឡាជាច្រើនដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ប្រទេសតំបន់អារ៉ាប់ ហុងកុង និងម៉ាកាវ ចូលរួមជាដើម។ ចំណែកកម្ពុជា អត្ដពលិក មានកម្រិតត្រឹមអាស៊ាននៅឡើយ ដូច្នេះ ពិបាកនិងប្រកួតប្រជែង ប៉ុន្ដែ​កីឡាករ-កីឡាការិនីកម្ពុជា ធ្វើបានល្អ ដោយកម្រិតបច្ចេកទេស ខ្លាំងជាងមុនបើធៀបពីការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
 
«ការចូលរួមកីឡាអាស៊ី គឺជាកម្រិតពិភពលោក ប្រទេសធំៗ មានឥទ្ធិពលខ្លាំងក្នុងការប្រកួតកីឡា កីឡាអាស៊ីនេះ យើង ឃើញមាន ចិន ជប៉ុន កូរ៉េ អេរ៉ង់ កាហ្សាស្ថាន និងក្រុមប្រទេសអារ៉ាប់ ហើយមានហុងកុង ម៉ាកាវ សុទ្ធតែជាប្រទេសមានសក្ដានុពល។ អ៊ីចឹង កម្រិតរបស់យើង មិនទាន់ដល់គេ គឺកម្រិតរបស់យើង ស្ថិតនៅ ក្នុងតំបន់យើង នៅឡើយ។ យើង មើលឃើញថា កម្រិតបច្ចេកទេសពីស៊ីហ្គេម ទៅអាស៊ីហ្គេម បានហក់ទៅដល់ការប្រកួតប្រជែងគេហើយ។ ឧទាហរណ៍ អ្នករត់ អ្នកហែលទឹក បានបំបែកឯកត្តកម្មរបស់កម្ពុជា ពីមុនៗមក ហើយពួកគាត់មានទេពកោសល្យ ដែលយើង អាចជម្រុញគាត់ឲ្យទៅដល់មេដាយ ក្នុងពេលខាងមុខឆាប់ៗនេះ។ យើង នឹងខិតខំប្រឹងប្រែងបន្ថែមទៀត។ នេះ គឺជាចំណុចល្អរបស់យើង ដែលឃើញគាត់ទទួលបានការរីកចម្រើន ទាំងផ្នែកបច្ចេកទេសច្រើន ហើយការប្រកួតគឺស្វិតស្វាញ មិនដូចមុនទេ មានការប្រកួតប្រជែងគ្នាល្អមើល ជាងមុនច្រើន។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
ក្រៅតែអំពីការប្រកួតប្រជែងដណ្ដើមមេដាយ អគ្គលេខាធិការ NOCC រូបនេះ បន្តទៀតថា អត្ដពលិក និងប្រតិភូកីឡាកម្ពុជា ទាំងអស់មិនបានទម្លាក់តម្លៃជាតិសាសន៍ខ្លួន លើឆាកអន្ដរជាតិទេ ជាពិសេស បានថែរក្សាសេចក្ដីថ្លៃថ្នូ ដូចអ្វី ដែលសម្ដេច ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើរអ្នកទាំងនោះ មុនពេលចាកចេញពីមាតុភូមិ ទៅកាន់ទីលានប្រកួត នៅប្រទេសចិន។
លោក វ៉ាត់ ចំរើន បានប្រាប់បែបនេះ៖«អ្វី ដែលយើងទទួលបានមុនការចូលរួមប្រកួតនេះ គឺសម្ដេច ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើរ ឲ្យប្រកាន់ភ្ជាប់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឲ្យរក្សាសេចក្ដីថ្លៃថ្នូ គ្រប់បទបញ្ជារការប្រកួត ឲ្យគោរពអ្នកម្ចាស់ផ្ទះ ធ្វើយ៉ាងមិចឲ្យការចូលរួមនេះ មិនត្រូវកើតមានជាបញ្ហាអ្វីទែ យើងបានថែរក្សារឿងនេះ បានល្អ យើង មានសេចក្ដីថ្លៃថ្នូ ជាកូនខ្មែរ ដែលចូលរួម។ យើង មិនបានធ្វើឲ្យកេត្តិយស យើងបាត់បង់ទេ។»។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា បានបញ្ជូនអត្ដពលិក ១១៤នាក់ ប្រកួតលើ ១៧ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន កាលពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣៕
 

Tag:
 វ៉ាត់ ចំរើន
  កីឡាអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com