កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមចំនួន ៤ ដែលមានការចាប់អារម្មណ៍ខ្លាំង នឹងអាចឈ្នះពាន Premier League
13, Oct 2023 , 9:20 am        
រូបភាព
ក្របខណ្ឌ Premier League ជាលីគកំពូលមួយ ដែលមានកម្រិតនៃការប្រកួតប្រជែងខ្លាំងបំផុតនៅលើពិភពលោក ហើយតែងតែឈរនៅលំដាប់កំពូលនៃលីគកំពូលអឺរ៉ុបទាំង ៥ ជារៀងរាល់ឆ្នាំ។ ក្រុមនីមួយៗស្ថិតក្នុងលីគកំពូលអង់គ្លេសមួយនេះ ​សុទ្ធសឹងតែជាក្រុមដែលមានភាពខ្លាំងក្លា នៅក្នុងការប្រកួតប្រជែង។



ក្រុមដែលមានកម្រិតនៃការប្រកួតប្រជែងខ្ពស់ ដែលកំពុងបង្ហាញទម្រង់លេងល្អដូចជា Newcastle United និង Brighton & Hove Albion បច្ចុប្បន្នក៏កំពុងកសាងកេរ្តិ៍ឈ្មោះក្នុងការប្រកួត មិនថាក្នុងលីគ និងការប្រកួតក្រៅលីគនោះទេ។


 
ក្រុមខ្លាំងៗដូចជា Manchester City, Tottenham Hotspur, Liverpool និង Arsenal ជាដើម កំពុងតែចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អ ហើយពួកគេក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាក្រុមដែលនឹងអាចប្រជែងដណ្តើមពានរង្វាន់នៃលីគកំពូលអង់គ្លេសផងដែរ។
 
ខាងក្រោមនេះជាក្រុមចំនួន ៤ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងថានឹងអាចឈ្នះពានរង្វាន់ Premier League រដូវកាល ២០២៣-២៤៖
 
ទី៤ Tottenham Hotspur
 
Spurs អាចនឹងត្រូវបានក្លាយជាក្រុមមួយ ដែលមិនអាចមើលរំលងបានសម្រាប់រដូវកាលថ្មីនេះ​ ក្នុងការប្រជែងពានរង្វាន់ Premier League បើទោះជារដូវកាលមុនពួកគេធ្វើមិនបានល្អខ្លាំងក្តី។ ទោះជាយ៉ាងណាការផ្លាស់ប្តូរមួយចំនួន នៅក្នុងក្លិបទាំងគ្រូបង្វឹក និងកីឡាករ កំពុងតែទទួលបាននៅទម្រង់លេងដ៏ល្អបំផុតមួយប្រចាំក្រុម ខណៈដែលការចាកចេញរបស់ខ្សែប្រយុទ្ធ Harry Kane មិនបានផ្តល់បញ្ហាដល់ពួកគេសម្រាប់ការប្រកួតប្រជែង។
  


ឆ្លង់ការប្រកួតចំនួន ៨លើក កន្លងមក Spurs ដណ្តើមបាន ២០ពិន្ទុ ដោយយកឈ្នះការប្រកួតចំនួន ៦លើក និងស្មើ ២លើក។ ការឈ្នះធំរបស់ពួកគេទៅលើកក្រុម Manchester United និង Liverpool ខណៈដែលក្រុមខ្លាំងដូចជា​ Arsenal ក៏ត្រូវបានពួកគេប្រកួតស្មើ ២-២។
 
ទី៣ Arsenal 
 
កំពុងតែមានកម្រិតនៃការប្រកួតប្រជែងខ្ពស់ដូចទៅនឹងក្រុម Manchester City កាលរដូវកាលមុន ក្រុមរហស្សនាមកាំភ្លើងធំនៅតែជាក្រុម ដែលគូសត្រូវមានភាពភ័យខ្លាចសម្រាប់ការជួបពួកគេ។ ៨ប្រកួតកន្លងមក ក្រុមដឹកនាំដោយលោក Mikel Arteta រកបានជ័យជម្នះ ៦ប្រកួត និងស្មើ ២ មាន ២០ពិន្ទុ ស្មើនឹងក្រុម Spur ឈរនៅកំពូលតារាង។ 
 
Arsenal បានចុះកិច្ចសន្យាយកកីឡាករល្អ ហើយសុទ្ធសឹងតែមានតម្លៃថ្លៃ ហើយកីឡាករទាំងនោះក៏បានបញ្ចេញគុណភាពរបស់ពួកគេ សមស្របទៅនឹងតម្លៃដែលក្លិបបានចំណាយសម្រាប់ពួកគេ។ កាំភ្លើងធំកំពុងតែត្រូវបានគេរំពឹងថា នឹងអាចជាក្រុមដែលប្រជែងពានរង្វាន់ Premier League ដូចទៅនឹងរដូវកាលមុនផងដែរ។
 
ទី២ Liverpool 
 
ផ្តើមរដូវកាលថ្មីក្រុមដែលដឹកនាំដោយលោក Jurgen Klopp កំពុងតែមានទម្រង់លេងល្អឡើងវិញ ក្រោយពេលដែលពួកគេធ្វើមិនបានល្អនៅរដូវកាលមុន ហើយខកខានឱកាសក្នុងការឈានជើងទៅកាន់ការប្រកួតពានរង្វាន់ UEFA Champions League លើកដំបូងក្នុងរយៈពេល ៦ឆ្នាំ។ កីឡាករចំណូលថ្មីរបស់ក្លិប បានបញ្ចេញសមត្ថភាពល្អ ព្រមទាំងកីឡាករតំបន់ប្រយុទ្ធដែលមានស្រាប់ ក៏កំពុងតែលេងត្រូវគ្នាខ្លាំងផងដែរ។ តែយ៉ាងណាទើបតែដើមរដូវកាលប៉ុណ្ណោះ Liverpool នឹងនៅបន្តធ្វើតេស្តសមត្ថភាពកីឡាករជាបន្តបន្ទាប់ ដើម្បីអាចស្វែងរកទម្រង់លេងដែលមានកម្រិតខ្លាំងឡើងវិញ។
 
ទី១ Manchester City
 
ក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក ​Pep Guardiola បានគ្រងជើងឯក ៣រដូវកាលរួចមកហើយ ។ រដូវកាលមុនពួកគេបានក្លាយជាក្រុមដែលឈ្នះពានរង្វាន់ចំនួន ៣ផ្សេងគ្នាក្នុងមួយរដូវកាល។ បើទោះជារដូវកាលថ្មីក្រុមបានបញ្ចេញនូវកីឡាករសំខាន់ៗមួយចំនួន ប៉ុន្តែការកែប្រែទម្រង់លេងក្រុមរបស់ Man City ក៏នៅតែទទួលបានលទ្ធផលល្អផងដែរ។ 
  


យ៉ាងណាសម្រាប់ដើមរដូវកាលថ្មីនេះ អាចមានភាពរអាក់រអួលមួយចំនួន សម្រាប់ Man City ប៉ុន្តែការចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់នៅតែមានដដែល សម្រាប់ក្រុមជើងខ្លាំងមួយនេះ មិនថានៅ Premier league ក៏ដូចជា Champions League៕

Tag:
 (Premier League)
© រក្សាសិទ្ធិដោយ thmeythmey.com