ជាតិ
វីដេអូ
៤ចំណុច ដែលឪពុកម្ដាយគួរធ្វើជាគំរូ​ ដើម្បីឱ្យកូនចូលចិត្តអានសៀវភៅ
11, Oct 2023 , 12:01 pm        
រូបភាព
«អានច្រើន ចេះច្រើន» ពិតជាមិនខុសនោះឡើយ។ ការអាន អាចជួយដល់ការស្ដាប់,និយាយ និងសរសេរជាដើម។ ​អង្គការ UNICEF បានបង្ហាញពីគន្លឹះ​ចំនួន ៤ សម្រាប់ឪពុកម្ដាយអនុវត្ត ដើម្បីធ្វើជាគំរូឱ្យកូនៗតូចរបស់ខ្លួន ហើយដែលសកម្មភាពនឹងជួយជំរុញកូនៗឱ្យចូលចិត្ត និងស្រឡាញ់ការអានសៀវភៅ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ 
 

១. គំរូសម្រាប់កូន!
ដើម្បីឱ្យកូនៗមានទម្លាប់អាន និងចូលចិត្តការអានសៀវភៅ ឪពុកម្ដាយគប្បីធ្វើជាគំរូដល់កូនៗ តាមរយៈការអានសៀវភៅជាញឹកញាប់ ឬមានទម្លាប់អានសៀវភៅជាប្រចាំ។ ឪពុកម្ដាយ ត្រូវបង្ហាញប្រាប់កូនៗថា ការអានសៀវភៅ ប្រៀបដូចជាការកម្សាន្ត ផ្ដល់ភាពសប្បាយរីករាយ ពុំមែនជារឿងពិបាកនោះឡើយ។ វិធីសាស្រ្តនេះ អាចជួយបង្កើតឱកាសផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូន និងជួយឱ្យពួកគេចេញឆ្ងាយពីឧបករណ៍អេឡិចត្រូនិកផងដែរ។
 
២. អានឮៗ!
ការអានសៀវភៅ និងអានអក្សរឮៗ ក៏មានប្រសិទ្ធភាពសម្រាប់កូនៗឱ្យចូលចិត្តអានផងដែរ។ បើសិនកូនៗចាប់ផ្ដើមអានដំបូង ឪពុកម្ដាយអាចឱ្យកូនចង្អុលអក្សរ ឬពាក្យណាដែលពួកគេស្គាល់។ មួយវិញទៀត នៅពេលអានជាមួយកូនៗ ឪពុកម្ដាយអាចសួរកូនៗ ពីអ្វីដែលគេកំពុងអាន។ ឧទាហរណ៍៖ តើកូនគិតថានឹងមានរឿងអ្វីកើតឡើងបន្ទាប់មកទៀត? ហេតុអ្វីបានជាកូនគិតថា ដំរីធ្វើយ៉ាងដូច្នេះ?
 
៣. ស្ដាប់កូនៗ!
ក្រៅពីអានឱ្យកូនស្ដាប់ ឪពុកម្ដាយក៏គប្បីស្ដាប់អ្វីដែលកូនៗនិយាយផងដែរ។ នៅពេលកូនៗកាន់តែធំ ឪពុកម្ដាយត្រូវយកចិត្តទុកដាក់ លើចំណង់ចំណូលចិត្តរបស់ពួកគេ។ ឧទាហរណ៍៖ បើសិនកូនៗចូលចិត្តប្រធានបទទាក់ទងនឹងសត្វដាយណូស័រ ត្រូវស្វែងរកសៀវភៅទាក់ទងនឹងដាយណូស័រឱ្យគេអាន។ វិធីសាស្រ្តនេះ ជាការពន្យល់ប្រាប់កូនៗថា ការអានជួយឱ្យយល់ដឹងបន្ថែម ពីអ្វីដែលឪពុកម្ដាយយកចិត្តទុកដាក់ ហើយគេនឹងចូលចិត្តការអាន។
 
៤. ធ្វើឱ្យទៅជាទម្លាប់!
ដើម្បីឱ្យការអានក្លាយជាផ្នែកមួយដ៏រីករាយរបស់កូន ឪពុកម្ដាយ ត្រូវចាប់ផ្ដើមបញ្ចូលសៀវភៅទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។ មួយវិញទៀត ឪពុកម្ដាយក៏អាចបង្កើតពេលវេលាអានសៀវភៅ ជាមួយកូនៗ ដូចជាមុនពេលចូលគេង ឬពេលធ្វើដំណើរជាដើម។ ពេលអានសៀវភៅ ជាពេលវេលារបស់ឪពុកម្ដាយ និងកូន។ ដូច្នេះអំឡុងពេលអាន ឪពុកម្ដាយ ត្រូវធ្វើយ៉ាងណាកុំឱ្យទូរសព្ទ និងទូរទស្សន៍រំខាន៕
 

Tag:
 UNICEF
  យើងអានរួមគ្នា
  អាន
  អំណាន
  សៀវភៅ
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com