ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន និងប្រធាន Nippon Foundation ឯកភាពបំពេញទស្សនកិច្ចរួមគ្នា នៅមីយ៉ាន់ម៉ា
11, Oct 2023 , 2:55 pm        
រូបភាព
សម្ដេច ហ៊ុន សែន និង លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation ប្រទេសជប៉ុន បានឯកភាពគ្នា ក្នុងការបំពេញទស្សនកិច្ច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១១ តុលា នាវិមានសន្តិភាព។

 
ក្នុងជំនួបនេះ លោក យូហេ សាសាកាវ៉ា បានលើកឡើងពីវិបត្តិនៅមីយ៉ាន់ម៉ាមកជជែកជាមួយសម្ដេច ហ៊ុន សែន។ ប្រធាន Nippon Foundation រូបនេះ នៅតែចាត់ទុកសម្តេច ហ៊ុន សែន ជាតួអង្គសំខាន់ក្នុងការជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ឱ្យមានភាពល្អប្រសើរឡើងវិញ តាមរយៈបទពិសោធន៍នៃការដឹកនាំកម្ពុជាកន្លងមក។
 
ចំពោះបញ្ហានៅមីយ៉ាន់ម៉ានេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន នៅតែមានបំណងចង់ឃើញមីយ៉ាន់ម៉ា ចាកចេញផុតពីបញ្ហាទាំងឡាយ ហើយក្លាយមកល្អប្រសើរវិញដែរ ទោះបីពេលនេះ សម្តេចមិនកាន់តំណែងជានាយករដ្ឋមន្ត្រីក្តី ។
 
ភ្ជាប់ជាមួយចំណុចទាំងនេះ លោក យូហេ សាសាកាវ៉ា ស្នើឱ្យសម្ដេច ហ៊ុន សែន ចែករំលែកនូវបទពិសោធន៍ដឹកនាំ និងការដោះស្រាយបញ្ហាប្រទេសជាតិ ក៏ដូចជាសរសេរសៀវភៅទុកជាមរតកនៃការដឹកនាំ។ លោក ក៏កោតសរសើរខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេច ដែលបានប្រែក្លាយពីប្រទេសមួយ ដែលស្ថិតនៅក្នុងស្ថានភាពនៃសង្គ្រាម និងវិបត្តិដ៏ច្រើន មកជាប្រទេសដែលមានសន្តិភាព និងការអភិវឌ្ឍ។
 
កាលពីអំឡុងខែមករា ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា បានទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដោយបានជួបពិភាក្សាជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធានៅមីយ៉ាន់ម៉ា រួមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត ប៉ុន្តែមិនបានជួបជាមួយភាគីលោកស្រី អ៊ុង សានស៊ូជីឡើយ។  ក្រោយដំណើរទស្សនកិច្ចនេះ សម្ដេច ហ៊ុន សែន បានថ្លែងថា បញ្ហាជម្លោះនៅមីយ៉ាន់ម៉ា មិនមែនប្រើពេលវេលាត្រឹមតែ១ថ្ងៃ ១ខែ ឬ១ឆ្នាំ អាចដោះស្រាយបានឡើយ ពោលគឺត្រូវការដោះស្រាយដោយភាពអំណត់។

Tag:
 ហ៊ុន សែន
  នយោបាយ
  ការទូត
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com