កីឡាអន្តរជាតិ
អន្តរជាតិ
UEFA បោះបង់គម្រោងបញ្ចូលក្រុម U17 រុស្ស៊ី ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប
11, Oct 2023 , 4:59 pm        
រូបភាព
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានបោះបង់គម្រោងបញ្ចូលក្រុមបាល់ទាត់អាយុក្រោម១៧ឆ្នាំ រុស្ស៊ីទៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុប U17 UEFA Euro 2024 ក្រោយពេលមានការប្រឆាំងពីសំណាក់សហព័ន្ធបាល់ទាត់នៃប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប។



កាលពីខែកញ្ញា UEFA បានបង្ហាញគម្រោងក្នុងការបញ្ចូលក្រុម U17 រុស្ស៊ីឱ្យវិលត្រឡប់ចូលក្នុងការប្រកួតប្រជែងពានរង្វាន់អឺរ៉ុបឡើងវិញ ក្រោយពេលដែលមានការហាមឃាត់រយៈពេលជាង ១ឆ្នាំ ៦ខែរួចមក​ ដោយសារតែបញ្ហាសង្រ្គាមអ៊ុយក្រែន និងរុស្ស៊ី ដែលកំពុងតែបន្តយ៉ាងក្តៅគគុក។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ រុស្ស៊ីបានបើកការវាយប្រហារចូលក្នុងប្រទេសអ៊ុយក្រែន។
 
ចំពោះគម្រោងដែល UEFA បានលើកឡើង កីឡាករយុវជនមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់ទង្វើររបស់មនុស្សដែលពេញវ័យឡើយ។ ​ប្រទេសអ៊ុយក្រែនបានប្រឆាំងការសម្រេចចិត្តនឹងបានប្រកាសដកខ្លួនបើមានវត្តមានរុស្ស៊ី ក្នុងការប្រកួតប្រជែង ហើយប្រទេសដូចជាប៉ូឡូញ អង់គ្លេស ជាដើមក៏បានគាំទ្រដល់ការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការប្រឆាំងរុស្ស៊ី។
 
តែយ៉ាងណាមកដល់ពេលនេះ UEFA ថាខ្លួនមានផលពិបាកក្នុងការបញ្ចូលក្រុម U17 រុស្ស៊ីឱ្យវិលចូលការប្រកួតឡើងវិញ ហើយបញ្ហានេះក៏ត្រូវបានដកចេញពីគម្រោងការរបស់ខ្លួន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិកាប្រតិបត្តិរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបមួយនេះ។
 
«ចំណុចស្ថិតក្នុងរបៀបវារៈត្រូវបានដកចេញ ដោយសារតែគ្មានដំណោះស្រាយបច្ចេកទេសដើម្បីអនុញ្ញាតឱ្យក្រុមរុស្ស៊ីបានប្រកួតប្រជែងនៅក្នុងពានរង្វាន់អឺរ៉ុប។«។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UEFA នាថ្ងៃទី១០ ខែតុលា។
 
ការសម្រេចចិត្តរបស់ UEFA នេះ ទទួលបានការអរគុណពីសំណាក់ប្រទេសអ៊ុយក្រែន។ សហព័ន្ធបាល់ទាត់អ៊ុយក្រែនបានសេចក្តីថ្លែងការណ៍ដូច្នេះថា ៖ « យើងអរគុណដល់ដៃគូតំបន់អឺរ៉ុបទាំងអស់ដែលបានគាំទ្រដល់អ៊ុយក្រែន ព្រមទាំង UEFA។»។ 
 
កាលពីខែមុនសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏បានគាំទ្រដល់គម្រោងដែល UEFA ចង់បញ្ចូលក្រុម U17 រុស្ស៊ីទៅក្នុងការប្រកួត ប៉ុន្តែក្រោយពេល UEFA បានសម្រេចចិត្តលុបចោលគម្រោងនេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមិនមានឆ្លើយតបអ្វីមួយឡើយលើករណីនេះ៕
 

Tag:
 UEFA
© រក្សាសិទ្ធិដោយ thmeythmey.com