ជាតិ
តើសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស​ នឹងបញ្ឈប់ទៅវិញដោយវិធីណា?
11, Oct 2023 , 8:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
គិតត្រឹមថ្ងៃទី១១ ខែតុលា សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានឈានចូលដល់ថ្ងៃទី៥ ហើយ ខណៈការវាយប្រហារទៅវិញទៅមក នៅតែបន្តកើតមាន។ មនុស្សយ៉ាងហោចណាស់ ២ពាន់នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ពេលនេះ សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស កំពុងតែមានភាពតានតឹងខ្លាំង ស្របពេលអ៊ីស្រាអែល បានវាយប្រហារផ្លូវអាកាសលើតំបន់កាហ្សាជាច្រើនកន្លែង។

 
តើមូលហេតុអ្វីដែលធ្វើឱ្យក្រុមហាម៉ាស ចាប់ផ្តើមវាយប្រហារលើអ៊ីស្រាអែល នៅក្នុងឆ្នាំ២០២៣? 
 
ចាប់តាំងពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស បានចូលទៅក្នុងដីអ៊ីស្រាអែលតាមរយៈព្រំដែនកាហ្សា និងអ៊ីស្រាអែល ដោយវាយបំផ្លាញរបាំង សម្រាប់ខណ្ឌចែកដែនដីទាំងពីរ។ មិនតែប៉ុណ្ណោះ ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតជាច្រើនពាន់គ្រាប់មកក្នុងដែនដីអ៊ីស្រាអែលថែមទៀត ដោយមិនបានជូនដំណឹងជាមុន។ 
 
តាមរយៈសង្រ្គាមចុងក្រោយ ក្រុមហាម៉ាស បានអះអាងថា ការវាយប្រហារលើអ៊ីស្រាអែល ដោយសារតែអ៊ីស្រាអែល ប្រើអំពើឃោរឃៅលើ ប្រជាជនប៉ាឡេស្ទីន។ 
 
ជាការពិត ជម្លោះរ៉ាំរ៉ៃ គឺមានការទាក់ទងតាំងពីឆ្នាំ១៩៤៨ មកម្លេះ ពោលគឺចាប់តាំងពីអ៊ីស្រាអែលបង្កើតរដ្ឋ។ 
 
តំបន់ដែលមានប្រជាជនជ្វីហ្វរស់នៅ ឬតំបន់នៅចន្លោះសមុទ្រមេឌីទែរ៉ាណេ និងទន្លេហ្ស៊កដានី ត្រូវបានប្រជាជនអារ៉ាប់ហៅថា «ដែនដីប៉ាឡេស្ទីន» ។ ក្នុងថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ ជនជាតិជ្វីហ្វ បានប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលឡើង បើទោះមានការជំទាស់ពីជនជាតិប៉ាឡេស្ទីន និងជនជាតិផ្សេងទៀតក៏ដោយ។ ការបង្កើតរដ្ឋអ៊ីស្រាអែលនេះ បានធ្វើឱ្យមានសង្រ្គាមជាច្រើនលើក ចាប់តាំងពីឆ្នាំនោះហើយ។ 
 
ចំណែកក្រុមហាម៉ាស ដែលទើបបង្កើតនៅក្នុងអំឡុងឆ្នាំ១៩៨០ ហ្នឹងក៏មិនពេញចិត្តចំពោះវត្តមានរបស់អ៊ីស្រាអែលនៅលើដែនដីប៉ាឡេស្ទីនទេ។ កន្លងមក ក្រុមមួយនេះ បានប៉ះជាមួយអ៊ីស្រាអែល នៅក្នុងឆ្នាំ២០១៤ និង២០២១ រួចមកហើយ។ មិនតែប៉ុណ្ណោះ ក្រុមហាម៉ាស តែងតែប្រកាសបណ្តេញប្រជាជនអ៊ីស្រាអែលហ្នឹងចេញឱ្យអស់ពីដែនដីប៉ាឡេស្ទីនផង។ 
 
បន្ថែមពីនេះ ក្រុមហាម៉ាស មិនសូវពេញចិត្តរដ្ឋាភិបាល ដឹកនាំលោក Benjamin Netanyahu ដែលតែងប្តេជ្ញាបន្តគោលនយោបាយឱ្យប្រជាជនទៅរស់នៅតំបន់មួយចំនួន ក្នុងតំបន់ត្រើយខាងលិចរបស់ប៉ាឡេស្ទីន។ 
 
ពេលនេះ ការប្រយុទ្ធគ្នា បានឈានចូលក្នុងថ្ងៃទី៥ហើយ តើសង្រ្គាមមួយ អាចអូសបន្លាយរយៈពេលយូរទេ?
 
ពិតណាស់ សង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស បានឈានចូលដល់ថ្ងៃទី៥ ហើយ ហើយភាគីទាំងសងខាងនៅតែបន្តប្រយុទ្ធគ្នាដដែល។ ចំណែកឯសហគមន៍អន្តរជាតិវិញ ប្រទេសខ្លះបានគាំទ្រអ៊ីស្រាអែល និងថ្កោលទោសក្រុមហាម៉ាស។ ស្របគ្នានេះ ប្រទេសមួយចំនួនទៀត ក៏បានជំរុញឱ្យបញ្ឈប់សង្រ្គាមដែរ ដើម្បីបង្ការវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ 
 
គិតត្រឹមពេលនេះ វាមិនច្បាស់ឡើយ ថាតើសង្រ្គាមអាចអូសបន្លាយបានប៉ុន្មានថ្ងៃ។ ប៉ុន្តែអ្វីដែលគេបារម្ភខ្លាំង គឺការបើកការវាយប្រហារផ្លូវគោកពីសំណាក់អ៊ីស្រាអែល លើតំបន់កាហ្សា។ ការបារម្ភនេះ ធ្វើឡើងក្រោយអ៊ីស្រាអែល បានកោះហៅទ័ពបម្រុងរហូតដល់ ៣០ម៉ឺននាក់ឯណោះ។ មិនតែប៉ុណ្ណោះ នៅប៉ុន្មានថ្ងៃមុន កងទ័ពអាកាសអ៊ីស្រាអែល ក៏បានទៅយកប្រជាជនខ្លួននៅតំបន់អឺរ៉ុប ដែលជាប់កាតព្វកិច្ចយោធា មកជួយជាកម្លាំងទ័ពបម្រុង ដើម្បីប្រយុទ្ធជាមួយក្រុមហាម៉ាសដែរ។ 
 
ការកោះហៅនេះ ជាចំនួនដ៏ច្រើននៅក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល ហើយវាអាចមានសង្រ្គាមធំមួយរវាងអ៊ីស្រាអែល និងកាហ្សា។ 
 
ខណៈសង្រ្គាមកំពុងផ្ទុះដែរ នៅតំបន់ភាគខាងជើងអ៊ីស្រាអែលឯណោះវិញ ក្រុមសកម្មប្រយុទ្ធ Hezbollah បានបាញ់គ្រាប់រ៉ុក្កែតមួយចំនួនមកក្នុងដែនដីអ៊ីស្រាអែល ​ក្រោយសមាជិកខ្លួន៣នាក់ បានស្លាប់ក្នុងការបាញ់ផ្លោងពីអ៊ីស្រាអែល។ ការប៉ះទង្គិចនេះ អាចបង្កឱ្យមានការប៉ះទង្គិចនៅច្រកទីពីររវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់។ 
 
ពេលនេះ ស្ថានការណ៍សង្រ្គាមនៅអ៊ីស្រាអែល កំពុងតែវិវដ្តទៅមុខ និងអាចធ្លាក់ចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំក៏ថាបាន។ 
 
តើសង្រ្គាមមួយនេះ នឹងមានលទ្ធភាពបញ្ឈប់ទៅដោយបែបណា? 
 
ចង់មិនចង់ ដោយមានសម្ពាធពីសហគមន៍អន្តរជាតិ ក៏ដូចជាវិបត្តិមនុស្សធម៌ សង្រ្គាមមួយនេះ ត្រូវតែបញ្ឈប់ ហើយបញ្ឈប់ដោយការប្រកាសផ្អាកសង្រ្គាម ឬបទឈប់បាញ់ជាដើម។ 
 
អេហ្ស៊ីប មានដើរតួនាទីដ៏សំខាន់ដើម្បីបង្ការកុំឱ្យមានមនុស្សស្លាប់បន្ថែមទៀត។ បើក្រឡេកមើលឆ្នាំ២០១៤ និង២០២១ អេហ្ស៊ីប បានជួយសម្របសម្រួលឱ្យមានការឈប់បាញ់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ 
 
សំណួរប្រាកដជាលេចឡើងថា ហេតុអ្វីបានជាអេហ្ស៊ីបដើរតួនាទីដ៏សំខាន់? បញ្ហានោះគឺ អេហ្ស៊ីប ចាប់តាំងពីឆ្នាំ២០២១ បានជួយស្ថាបនាតំបន់កាហ្សាឡើងវិញប្រមាណ៥០០លានដុល្លារ ហើយអេហ្ស៊ីប ក៏ជាប្រទេសមួយកាន់ច្រកចូលទៅក្នុងតំបន់កាហ្សាផង។ 
 
ជាក់ស្តែង អេហ្ស៊ីបបានកាន់ច្រកព្រំដែន Rafah ដែលជាច្រកដ៏សំខាន់មួយសម្រាប់តំបន់កាហ្សា ហើយជាច្រកចេញចូលតែមួយគត់ ដែលមិនគ្រប់គ្រងដោយមន្រ្តីអ៊ីស្រាអែល។ បានន័យថា អេហ្ស៊ីប មានសិទ្ធិបិទច្រកព្រំដែននេះ នៅពេលណាក៏បានដែរ។
 
បន្ថែមពីនេះ ក្រុមហាម៉ាស គឺពេញចិត្តចំពោះកិច្ចខិតខំរបស់អាហ្ស៊ីបលើការងារទូត ដើម្បីជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ដែរ។ 
 
លើសពីនេះ អេហ្ស៊ីបមានទីភ្នាក់ងារចារកិច្ចមួយដែលដើរតួនាទីដ៏សំខាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ សូម្បីតែការដោះដូរអ្នកទោសរវាងដែនដីទាំងពីរនៅក្នុងឆ្នាំ២០១១ ក៏ចារកិច្ចអេហ្ស៊ីប ជាអ្នកសម្របសម្រួលដែរ។ 
 
ជារួមសង្រ្គាម នឹងអាចបញ្ចប់ក្នុងពេលណាមួយ ប្រសិនបើភាគីទាំងពីរស្នើសុំចរចា ដោយមានការសម្របសម្រួលពីអេហ្ស៊ីប។ ហើយម្យ៉ាង បើសង្រ្គាមនៅតែបន្តវាមានតែធ្វើឱ្យភាគីទាំងសងខាងខូចខាត និងមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរប៉ុណ្ណោះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com