កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024 ៖ ការប្រកួតជម្រុះរបស់អ៊ីស្រាអែល ទល់ស្វ៊ីស លើកពេលដល់ខែវិច្ឆិកា
11, Oct 2023 , 9:59 pm        
រូបភាព
ការប្រកួតរវាងក្រុមអ៊ីស្រាអែលទល់នឹងស្វ៊ីសនៅក្នុងការប្រកួតជម្រុះពានរង្វាន់ Euro 2024 នឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីមានការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស មកលើប្រទេសអ៊ីស្រាអែល កាលពីពេលថ្មីៗនេះ។



សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចចិត្តពន្យាពេលនៃការប្រកួតរបស់ក្រុមជម្រើសជាតិអ៊ីស្រាអែល ក៏ដូចជាការប្រកួតបាល់ទាត់ទាំងអស់ក្នុងប្រទេសអ៊ីស្រាអែល ក្នុងរយៈពេល ២ខែ ព្រោះតែបញ្ហាជម្លោះកំពុងតែបន្ត ហើយបានធ្វើឱ្យមនុស្សពាន់នាក់បានបាត់បង់ជីវិត។
 
ក្រុមអ៊ីស្រាអែលស្ថិតនៅក្នុងពូល I នៃវគ្គជម្រុះពានរង្វាន់ ​Euro 2024 ដោយពួកគេនឹងត្រូវប្រកួតទល់នឹងស្វ៊ីសនៅថ្ងៃទី១២ ខែតុលា ក្នុងទីក្រុង Tel Aviv។ 
 
UEFA បានអះអាងថាការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវលើកពេលទៅប្រកួតនៅក្នុងខែវិច្ឆិកា តាមពេលដែលបានកំណត់ថ្មី។
 
«UEFA នឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនឹងបន្តទំនាក់ទំនងជាងមួយនឹងក្រុមទាំងអស់ដែលពាក់ព័ន្ធ មុនពេលមានការសម្រេចចិត្តផ្លាស់ប្តូរដែលអាចកើតមានបន្ថែមទៀតចំពោះការប្រកួតនាពេលខាងមុខ ជាពិសេសទាក់ទងនឹងប្រទេសអ៊ីស្រាអែល។»។ នេះបើតាមសេចក្តីប្រកាសរបស់ UEFA នាថ្ងៃទី១០ ខែតុលា។
 
ចាប់តាំងពីព្រឹកថ្ងៃទី៧ ខែតុលាមក យោធាអ៉ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្តប្រយុទ្ធគ្នា ក្រោយមានការលួចវាយប្រហារពីក្រុមហាម៉ាស។ ក្រុមហាម៉ាស បានចូលទៅក្នុងតំបន់ចំនួន ២២ ផ្នែកខាងក្រៅនៃតំបន់កាហ្សា។ គិតមកដល់ពេលនេះមនុស្សប្រមាណជាង​ ២ពាន់នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈយោធាអ៊ីស្រាអែល បានឡោមពាត់តំបន់កាហ្សា ហើយបន្តទម្លាក់គ្រាប់បែកនៅគោលដៅដែលជាទីតាំងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសលាក់ខ្លួន៕
 

Tag:
 Euro 2024
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com