កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី Hermoso នឹងចាត់វិធានការផ្លូវច្បាប់ ក្រោយវីដេអូការផ្តល់សក្ខីកម្មរបស់នាង បែកធ្លាយ
11, Oct 2023 , 5:59 pm        
រូបភាព
កីឡាការិនី Jenni Hermoso របស់ក្រុមកីឡាបាល់ទាត់អេស្ប៉ាញ កំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីការផ្តល់សក្ខីកម្មជាវីដេអូរបស់នាងនៅក្នុងការស៊ើប​អង្កេត​លើរឿងរ៉ាវដែលលោក Luis Rubiales អតីតប្រធានសហព័ន្ធអេស្ប៉ាញថើបត្រង់បបូរមាត់នាង ត្រូវបានបែកឆ្លាយលើប្រព័ន្ធផ្សព្វផ្សាយ។



កាលពីថ្ងៃទី៦ ខែកញ្ញា កីឡាការិនី Hermoso បានផ្តល់ភស្តុតាងដល់រដ្ឋអាជ្ញារបស់អេស្ប៉ាញ​ មុនពេលដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្រឆាំងនិងអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក Rubiales។
 
លោក Rubiales ត្រូវបានចោទប្រកាន់ពីបទបង្ខិតបង្ខំបន្ទាប់ពីការថើប Hermoso លើបបូរមាត់ ដោយគ្មានការយល់ព្រមពីនាង ក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់ក្រុមជើងឯកនារីអេស្ប៉ាញនៅការប្រកួត World Cup 2023 បានបញ្ចប់ទៅ។
 
បើតាមប្រភពបានប្រាប់ទៅទូរទស្សន៍ ESPN ថាកីឡាការិនី​ Hermoso ខកចិត្តនិងភ្ញាក់ផ្អើលក្រោយពេលដែលវីដេអូនៃការផ្តល់សក្ខីកម្មរបស់នាងត្រូវបានបង្ហាញនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ ហើយនាងអះអាងថានឹងចាត់វិធានការផ្លូវច្បាប់។
 
លោក Rubiales បានលាលែងពីតំណែងក្រោយមានរឿងអាស្រូវរយៈពេលជាង​ ១ខែរួចមក លោកបានផ្តល់សក្ខីកម្មដល់រដ្ឋអាជ្ញាកាលពីថ្ងៃទី៤ ខែតុលា ចំពោះមុខចៅក្រមក្នុងទីក្រុង Madrid ហើយសក្ខីកម្មរបស់លោកក៏ត្រូវបានបែកធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។
 
លោក Francisco de Jorge ដែលជាចៅក្រមដឹកនាំសម្រាប់រឿងក្តីការថើបមួយនេះ ប្រកាសថាលោកនឹងបើកការ​ស៊ើប​អង្កេត​លើការលេចឆ្លាយសក្ខីកម្មទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលការលាតត្រដាងនៃអាថ៌កំបាំងបង្កើតជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។ លើសពីនេះលោកបានដាក់កំហិតលើការប្រើប្រាស់កាមេរ៉ា ក្នុងពេលសវនាការ។
 
អតីតគ្រូបង្វឹកក្រុមនារីអេស្ប៉ាញលោក Jorge Villa និងនាយកទីផ្សារ RFEF លោក Ruben Ribera ដែលជាប់ពាក់ព័ន្ធបន្ថែមនៅក្នុងការ​ស៊ើប​អង្កេត​នេះ បានផ្តល់សក្ខីកម្មកាលពីថ្ងៃទី១០ ខែតុលា៕
 

Tag:
 Jenni Hermoso
  World Cup
  Luis Rubiales
© រក្សាសិទ្ធិដោយ thmeythmey.com