ជាតិ
វ័យ៨២ឆ្នាំ លោក​​ អួង សឿន ធ្លាប់​ប្រថុយ​ជីវិតយក​ចាប៉ី​លាក់​លើ​ចុង​ត្នោត​ ​កាល​សម័យ​ប៉ុល​ពត ដើម្បីរក្សាវប្បធម៌ខ្មែរ
16, Oct 2023 , 11:59 am        
រូបភាព
ភ្នំពេញ​៖ ដោយ​សារ​តែ​ក្ដី​​ស្រឡាញ់​ ទៅលើ​ចាប៉ីដង​វែង ​​​ដែល​បាន​ធ្វើ​ផ្ទាល់​ដៃ និង​ពិត​ជា​ស្មោះ​ស្ម័គ្រ​និង​វប្បធម៌ និង​សិល្បៈ​​បុរាណ​ខ្មែរ លោក​តា អួង សឿន ធ្លាប់​បាន​ប្រថុយ​ជីវិត​យក​ចាប៉ី​ដង​វែង ទៅ​លាក់​នៅ​លើ​​ចុង​ត្នោត​ កាល​ពី​សម័យ​ប៉ុល​ពត ដើម្បី​រក្សា​ទុក​ ក្រែង​មាន​ជីវិត​បាន​យក​មក​ដេញលេង​​វិញ​។​



បើ​តាម​ការ​បញ្ជាក់​របស់​ សិល្បករ​ចាប៉ីដង​វែង អួង សឿន ចាប៉ី​ដង​វែង​របស់​លោក​មួយ​នេះ ក៏​មាន​ធ្វើ​​ពី​ឈើ​គ្រញូង​ ដោយ​មាន​គ្រញូង​២​ប្រភេទ គឺ​គ្រញូង​ឈាម​មាន់ និង​គ្រញូងស្នែង(ក្នុង​វចនានុក្រម សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត គ្រញូង មាន​២​ប្រភេទ គឺ​គ្រញូងឈាម​មាន់ និង​គ្រញូង​ដែក)​។
 
ដើម្បី​ជ្រាប់​ច្បាស់ សូម​ទស្សនាវីដេអូ​សម្ភាស​ផ្ទាល់ ជា​មួយ​លោក អួង សឿន ដោយ​មេត្រីភាព​៖

 
បច្ចុប្បន្ន​មាន​ជន្មាយុ​​៨២​ឆ្នាំ សិល្បករចាប៉ីដង​វែង អួង សឿន បាន​ប្រាប់​សារព័ត៌​មាន​ថ្មីៗ​ថា កាល​ពី​ប្រមាណ​៤៨​ឆ្នាំ​មុន ពោល​គឺ​ក្នុង​អំឡុង​ពេល​ខ្មែរ​ក្រហម​​កាន់​កាប់​ប្រទេស លោក​ធ្លាប់​បាន​យក​ចាប៉ី​ដង​វែង​របស់លោក​​ ទៅ​លាក់​នៅ​លើ​ចុង​ត្នោត​ ដើម្បី​រក្សា​ទុក​។ 



សម័យ​ដែល​គ្មាន​សាសនា គ្មាន​សិល្បៈ​ និង​គ្មាន​វប្បធម៌ ការ​រក្សា​ទុក​ឧបករណ៍​ភ្លេង​ ឬ​គេបាន​ដឹង​ថា ជន​ណា​មួយ​គឺ​ជា​អ្នក​សិល្បៈ ជន​នោះ​អាច​ប្រឈម​និង​ការ​ធ្វើ​ទារុណ​កម្ម​ ឬ​យក​ទៅ​សម្លាប់​តែ​ម្ដង​។ ការ​យក​ចាប៉ី​ដង​វែង​ទៅ​លាក់​នៅ​លើ​ចុង​ត្នោត​ គឺ​ជា​ការ​ប្រថុយ​ដាក់​អាយុ​ជីវិត​។ ទោះ​ជា​យ៉ាង​ណា លោក អួង សឿន ដែល​កាល​នោះ មាន​អាយុ​៣៤​ឆ្នាំ ស៊ូ​ប្ដូរ​។ ប្ដូរ​ដោយ​សារ​តែ សាប៉ីដង​វែង គឺ​ជា​ឧបករណ៍​ភ្លេង​បុរាណ​ ដែល​លោក​ស្រឡាញ់​បំផុត​។ កាល​សម័យ​នោះ ដើម្បី​គេច​ផុត​ពី​ការ​សង្ស័យ និង​ការ​តាមដាន​របស់​ឈ្លប លោក​បាន​ប្រឹង​ប្រែង​ធ្វើ​ការ​ ដោយ​មិន​សំចៃកម្លាំង​ ដើម្បី​កុំ​​ឱ្យ​កម្មាភិបាល​ ចាប់​កំហុស​លោក​បាន​​។ 
 
លោក​ អួង សឿន រៀប​រាប់​ហេតុ​ការណ៍​កាល​នោះ យ៉ាងដូច្នេះ៖«​កាល​សម័យ​ប៉ុល​ពត យើង​អ្នក​សិល្បៈ​ គេ​មិន​ត្រូវ​ការ​ទេ​។ ​ខ្ញុំ​ស្រឡាញ់​​ចាប៉ី​ដង​វែង​ពេក ខ្ញុំ​យក​សំពត់​ភ្លៀង​រុំ​ រួច​ខ្ញុំ​យក​ទៅ​ដាក់​លើ​ចុង​ត្នោត​។ ដើម​ត្នោត​នោះ ពី​ក្រោម​មាន​ដើម​ជ្រៃម្លប់ព័ន្ធ​ជុំ​វិញ មើល​ពី​ក្រោម​មិន​សូវ​ឃើញ​ទេ»។
 


ផ្ញើខ្លួន​​នៅ​លើ​ចុង​ត្នោត អស់​​រយៈ​ពេលប្រមាណ​​៣​ឆ្នាំ ចាប៉ី​សំណព្វ​ចិត្ត​ បាន​ចុះ​មក​លើ​ដី ស្ថិត​ក្នុង​ដៃ​របស់​ម្ចាស់​វិញ នៅ​ក្នុង​អំឡុង​ឆ្នាំ​៧៩។ ពេល​ដាក់​ចុះ​ភ្លាម​ ចាប៉ី​​មាន​ខូច​ខាត​ខ្លះ​ៗ​ដែរ ហើយ​លោក​យក​មក​ជួស​ជុល​ប្រើ​​​ឡើង​វិញ​ និង​បន្ត​យក​ទៅ​ដេញ​លេង​កំដរ​អារម្មណ៍ ក៏​ដូច​ជា​លេង​ក្នុង​ពិធី​ផ្សេង​ៗ ដែល​អ្នក​ស្រុក​ភូមិ​អញ្ជើញលោកសម្ដែង​ រហូត​ដល់​សព្វ​ថ្ងៃ​។ 
 
«ខ្ញុំ​ស្រឡាញ់​វប្បធម៌​ខ្មែរ ខ្ញុំ​បោះ​បង់​ចោល​មិន​បាន​។ នេះ​គឺ​ជា​កេរដំណែល​ខ្មែរ​ពី​បុរាណ​​មក​។ ពី​បុរាណ​មក​ យើង​លេង​ភ្លេង​ការ​ប្រពៃណី មិន​មាន​តាខេ​ទេ គេ​ប្រើ​ចាប៉ី​នេះ​ឯង។ មាន​ទ្រ​ខ្សែ​បី ចាប៉ី​ដង​វែង ប៉ីអ ឧបករណ៍​ខ្សែ១ និង​ស្គរ​២​ ហ្នឹង​ពី​ដើម​ណា​។ នេះ​ជា​ឧបករណ៍​បុរាណ ខ្ញុំ​មិន​អាច​ចោល​បាន ទើប​ខ្ញុំ​នៅ​ច្រៀង​រហូត​ដល់​សព្វ​ថ្ងៃ​ហ្នឹង​»។ លោក រៀបរាប់ដូច្នេះ។



មាន​ស្រុក​កំណើត នៅ​​ភូមិ​បាកាន ឃុំ​បាក់​នឹម​ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​ តែ​ទីលំនៅ​បច្ចុប្បន្ន​ ស្ថិត​ក្នុង​​ភូមិ​ស្តុក​កុម្ភ​ ​ឃុំផ្ទះរុង ស្រុក​តាលោសែន​ជ័យ ខេត្ត​ពោធិ៍សាត់​ សិល្បករ​ចាប៉ី​ដង​វែង​ អួង សឿន ពុំ​មាន​កូន​ចៅ​ជំនាន់​ក្រោយ​ដើម្បី​បន្ត​វេន​​ មរតក​របស់​លោក​ឡើយ​។ ទ្រព្យ​គាប់​ចិន្តា​តែ​មួយ​គត់​ គឺ​ចាប៉ីដង​វែង​ ដែល​​លោក​ធ្វើ​ផ្ទាល់​ដៃ ​ដែល​​ពេល​នេះ មាន​អាយុ៦៦​ឆ្នាំ នឹង​ប្រគល់​ទៅ​មន្ទីរ​វប្បធម៌​ខេត្ត​ពោសាធិ៍ ក្រោយ​ពេល​លោក​អស់​អាយុ ដើម្បី​រក្សា​ទុក​ក្នុង​សារមន្ទីរ​ ក្នុង​បំណង​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ បាន​ឃើញ​ចាប៉ីដែល​មាន​អាយុ​ ក្នុង​កម្រិត​បេតិកភណ្ឌ ឈាន​ទៅ​ដល់​​វត្ថុ​បុរាណ​។
 
«នៅ​ក្នុង​ស្រុក​ភូមិ​​ ពុំ​មាន​យុវជន​ជំនាន់​ក្រោយ ​ចង់​ចេះ​ឧបករណ៍​នេះទេ​។ កូន​ខ្ញុំ​សុទ្ធ​តែ​ស្រី ចៅ​ក៏​ស្រី​ទៀត ពួក​គេ​មិន​ចង់​រៀន​។ ប្រសិន​មាន​អ្នក​ចង់​រៀន ខ្ញុំ​​រីក​រាយ​នឹង​បង្រៀន​​ឱ្យ​ចេះ​ កុំឱ្យ​​បាត់​បង់​វប្បធម៌​បុរាណ»។ នេះ​ជា​ការ​ប្ដេជ្ញារបស់​បុរសចំណាស់ ​សម្បុរ​ស្រអែមរាង​ស្គម​ អួង សឿន​។
 
​ដ្បិត​មាន​ជន្មាយុ​រាង​ជ្រេ​​ទៅ​ហើយ​ក្ដី ក៏​សិល្បករ​ អួង សឿន នៅ​តែ​អាច​ដេញ​ចាប៉ី​ដង​វែង​បាន​យ៉ាង​ល្អ និង​ពីរោះ​។ ទាំង​ដំណើរ​ចាប៉ី ទាំង​សំនៀង​លើក​ដាក់ពេល​ច្រៀង លោក អួង សឿន បាន​ធ្វើ​ឱ្យ​អ្នក​ស្ដាប់ ទទួល​​បាន​​អារម្មណ៍​ថា មនុស្ស​បុរាណ​​កំពុង​ច្រៀង​ឱ្យ​ស្ដាប់​។  



រហូ​ត​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​តែ​មាន​អ្នក​ភូមិ​ អញ្ជើញ​លោកទៅ​​សម្ដែង ​​ក្នុង​កម្ម​វិធី​បុណ្យ​មួយ​ចំនួន​​ដែរ គ្រាន់​តែ​មិន​សូវ​សម្បូរ​។ ភាគ​ច្រើន​អ្នក​ភូមិ ​អញ្ជើញ​​លោក​ទៅ​សម្ដែង​ក្នុង​ ពិធី​បុណ្យ​ទក្ខិណានុប្បទាន បុណ្យ​កម្សាន្ត និង​បុណ្យ​បច្ច័យ​បួនជា​ដើម​។ ប្រសិន​មិន​មាន​អ្នក​ហៅ លោក​នៅ​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​។ ទោះ​ជា​យ៉ាង​ណា លោក​ថាក្នុង​វ័យ​ជរាបែប​នេះ ពុំ​អាច​មាន​កម្លាំង​ធ្វើ​ស្រែ​ដូច​ក្មេង​ៗ​ឡើយ​ ដូច្នេះ​​លោក​ពឹង​​កូន​ក្មួយ​ឱ្យ​​ជួយ​ព្រោះ ជួយ​សាប​ស្រូវ​។ ​
 
ចេះដេញ​​ចាប៉ី​ក្នុង​​អាយុ១៦​ឆ្នាំ លោក អួង សឿន បាន​ចូល​រៀនចាប៉ីដង​វែង​​ពី​​អាយុ​១៣​ឆ្នាំ​ ដោយ​រៀន​ពី​សំណាក់​គ្រូ​​បី​រូប​។ គ្រូដំបូង​របស់​លោក គឺលោក​តា អ៊ិន សឹម ត្រូវ​​​ជា​ឪពុក​ធំ​របស់​លោក​តែ​ម្ដង។ គ្រូ​ទី​២ គឺ​លោក​តា ​ប្រាជ្ញ​ ឈួន(គ្រូ​បំពេញ​វិជ្ជា) ជា​សិល្បករ​ចាប៉ី​ដង​វែង ដែល​ល្បី​ល្បាញ​តាំង​ពី​សម័យ​សង្គម​រាស្ត្រនិយម រហូ​ត​ដល់​ថ្ងៃ​លោក​លាចាក​លោក ក្នុង​អំឡុង​ឆ្នាំ​២០១៨​ ក្នុង​ជន្មាយុ​៨២​ឆ្នាំ​។ ចំណែក​គ្រូ​ទី​៣​របស់​លោក ឈ្មោះ ណុប ងែត (គ្រូ​បំពេញ​វិជ្ជា) ត្រូវ​ជា​មា(ពូ) របស់​លោក​តា អួង សឿន​ផ្ទាល់​។ លោកតា ណុប ងែត ត្រូវ​បាន​មហាជន​ស្គាល់ តាំង​ពី​សម័យ​​សង្គម​រាស្ត្រ​និយម​ រហូត​ដល់​សព្វ​ថ្ងៃ​ ក្នុង​រហស្ស​នាម​ តាពូថៅដៃ​។ លោក​តា​ពូថៅដៃ ក៏​​ជា​សិល្បករ​ចាប៉ីដង​វែង ដ៏​ល្បី​ល្បាញ​មួយ​រូប​ដែរ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​។ 



​លោកតា អួង សឿន រំលឹក​ថា កាល​សម័យ​មុន ពុំ​​មាន​សិល្បៈ​​ច្រើន​ និង​សម្បូ​រ​បែប​ដូច​បច្ចុប្បន្ន​នេះទេ ដូច្នោះ​ហើយ ​សិល្បៈ​​ចាប៉ី​ដង​វែង ពេញ​និយក​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ គ្រប់​វ័យ​និង​ស្រទាប់​វណ្ណៈ​។ 
 
លោក​ផ្ដាំ​ទៅ​យុវជន​ខ្មែរ​ទាំង​អស់ សូម​ថែរក្សា​កេរ​ដំណែល​ចាប៉ី​ដង​វែង ដែល​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ កុំ​ឱ្យ​បាត់​បង់ និង​ធ្វើយ៉ាង​ណា​ឱ្យ​វប្បធម៌​ខ្មែរ ពណ្ណរាយ​​ត្រចះ​ត្រចង់​ឡើង​៕ 
 

Tag:
 សិល្បៈ​
  វប្បធម៌​
  ចាប៉ីដង​វែង​
© រក្សាសិទ្ធិដោយ thmeythmey.com