អន្តរជាតិ
WHO ព្រមានថា មិនអាចជម្លៀសអ្នករបួសធ្ងន់ធ្ងរចេញពីមន្ទីរពេទ្យកាហ្សាបានទេ
14, Oct 2023 , 2:43 pm        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី១៤ ខែតុលាបានបញ្ជាក់ថា ការជម្លៀសអ្នកជំងឺ ដែលរងរបួសធ្ងន់ធ្ងររាប់រយនាក់ចេញពីមន្ទីរពេទ្យនៅភាគខាងជើងកាហ្សាគឺមិនអាចទៅរួចទេដោយមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ។

 
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានជូនដំណឹងដល់ WHO ថាអាយុជីវិតពលរដ្ឋនឹងស្ថិតក្នុង ហានិភ័យភ្លាមៗប្រសិនបើមន្ទីរពេទ្យពីររបស់ក្រសួងនៅភាគខាងជើងនៃតំបន់កាហ្សាព្យាយាមផ្លាស់ទីអ្នកជំងឺដែលរងរបួសធ្ងន់ធ្ងរ ឬសង្គ្រោះជីវិតតាមការទាមទាររបស់កងកម្លាំងអ៊ីស្រាអែល ។
 
WHO បញ្ជាក់ផងដែរថា ឱសានវាទរយៈពេល ២៤ ម៉ោងដែលកំណត់ដោយអ៊ីស្រាអែល សម្រាប់ជនជាតិប៉ាឡេស្ទីន ១,១ លាននាក់ដើម្បីចាកចេញពីតំបន់កាហ្សាភាគខាងជើង ត្រូវតែលុបចោលវិញ ដោយបន្ថែមថា ការជម្លៀសជាទ្រង់ទ្រាយធំនឹងជាគ្រោះមហន្ត រាយសម្រាប់អ្នកជំងឺ បុគ្គលិកសុខាភិបាល និងជនស៊ីវិលផ្សេងទៀតផងដែរ។
 
«ក្នុងចំណោមអ្នកជំងឺរាប់ពាន់នាក់ដែលមានរបួស និងលក្ខខណ្ឌផ្សេងទៀតដែលកំពុង ទទួលការថែទាំនៅក្នុងមន្ទីរពេទ្យ មានមនុស្សរាប់រយនាក់ដែលរងរបួសធ្ងន់ធ្ងរ និងជាង ១០០ នាក់ដែលត្រូវការការថែទាំធ្ងន់ធ្ងរ»។ WHO បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះរួចបន្ត ថា រយៈពេលដែលបង្ខិតបង្ខើច មធ្យោបាយធ្វើដំណើរដ៏ស្មុគស្មាញ ផ្លូវថ្នល់ដែលខូច ហើយលើសពីនេះទៅទៀត ការខ្វះការថែទាំគាំទ្រក្នុងអំឡុងពេលធ្វើដំណើរដែលទាំងអស់ បន្ថែមលើការលំបាកក្នុងការផ្លាស់ប្តូរអ្នកជំងឺពីមន្ទីរពេទ្យនៅកាហ្សា។ WHO បានអំពាវនាវឱ្យ អ៊ីស្រាអែលលុបចោលការបិទកាហ្សា ហើយបង្កើតជាច្រករបៀងមនុស្សធម៌ភ្លាមៗដើម្បី អនុញ្ញាតឱ្យមានការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសង្គ្រោះជីវិតទៅដល់មន្ទីរពេទ្យនៅក្នុងបរិបទដែលឡោមព័ទ្ធប៉ាឡេស្ទីន។
 
គួរបញ្ជាក់ថា មន្ត្រីក្រុមហាម៉ាស់សម្គាល់ថា យ៉ាងហោចណាស់មនុស្ស ៧០ នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើក្បួនរថយន្តដែលភៀសខ្លួនចេញពីទីក្រុងកាហ្សា។ យ៉ាងណាមិញ មកទល់ពេល នេះ អ៊ីស្រាអែលមិនទាន់ឆ្លើយតបថា យ៉ាងណាឡើយ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com