ជាតិ
CDC ឱ្យក្រុមហ៊ុន ៧ បោះទុនជាង ៤០លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា
14, Oct 2023 , 3:40 pm        
រូបភាព
រូបភាពពី៖ ក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
រូបភាពពី៖ ក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដោយ​៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតដល់ក្រុមហ៊ុនចំនួន៧ ឱ្យបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតកាបូបគ្រប់ប្រភេទ។  បើតាមការចុះផ្សាយរបស់ CDC ក្រុមហ៊ុនទាំងនោះ មានទុនវិនិយោគជាង ៤០លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋជាង ៩០០០កន្លែង។



ក្រុមហ៊ុន DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រោងចក្រនេះចំណាយដើមទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ១ ៣៥៨កន្លែង។
 
ក្រុមហ៊ុន EVERGREEN SPORTING GOODS (CAMBODIA) CO., LTD. គ្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ក្នុងដើមទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក។ រោងចក្រនេះ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលអាចបង្កើតការងារបានចំនួន ២ ១៦០កន្លែង។
 
ដោយឡែក ក្រុមហ៊ុន​ KJ APPAREL (CAMBODIA) CO., LTD.នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក។ រោងចក្រនេះ អាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ១ ២០៨កន្លែងផងដែរ។
 
ជាមួយគ្នានេះ ក្រុមហ៊ុន ASTI KNITWEAR CO., LTD. គ្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ ៧៧០កន្លែង។
 
ក្រុមហ៊ុន IMAGE GARMENTS (CAMBODIA) CO., LTD.” ក៏គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៥កន្លែងផងដែរ។ លើសពីនេះ ក្រុមហ៊ុន STANDFORD TEXTILE INDUSTRIES CO., LTD. ក៏បង្កើតរោងចក្រផលិតកាបូប ខ្សែបូ ខ្សែពួរ ខ្សែសុវត្ថិភាព និងខ្សែក្រវាត់ការពារសុវត្ថិភាពសម្រាប់សត្វចិញ្ចឹម នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៥៨កន្លែង។
 
ក្រុមហ៊ុនចុងក្រោយ SIRIUS GEAR OUTDOOR PRODUCTS (CAMBODIA) COMPANY LIMITED” នឹងបង្កើតរោងចក្រផលិតកាបូប សម្ភារៈធ្វើដំណើរ កៅអី (ដែក-ក្រណាត់) តង់ សម្ភារៈក្នុងឡាន និងសម្ភារៈសត្វ នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.២០៨កន្លែង៕
 

Tag:
 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com