អន្តរជាតិ
កីឡាករនៅ Premier League ៥រូប គួរតែទទួលបានពេលវេលាលេងបន្ថែមក្នុងរដូវកាលនេះ
14, Oct 2023 , 8:39 pm        
រូបភាព
ស្ថិតក្នុងវិស័យបាល់ទាត់ ពិតប្រាកដណាស់កីឡាករគួរតែទទួលបានពេលវេលាលេងឱ្យបានសមស្រប ក៏ដូចជាពេលវេលាការប្រកួតឱ្យកាន់តែច្រើន។ នៅពេលកីឡាករអាចលេងជាបន្តបន្ទាប់ ក្នុងការប្រកួតសម្រាប់ក្លិបនោះ ពួកគេនឹងអាចបង្ហាញសមត្ថភាពល្អប្រសើរខ្លាំងឡើង ។ ប៉ុន្តែសម្រាប់កីឡាករដែលមិនសូវទទួលបានពេលវេលាលេងនោះ ពួកគេហាក់មិនសូវមានទម្រង់លេងល្អកើតឡើង ឬជួនកាលអាចធ្លាក់ទម្រង់លេងតែម្តង។



កីឡាករម្នាក់ដែលមានបច្ចេកទេសកម្រិតខ្ពស់ តិចនិចដ៏ពូកែក្នុងការលេងបាល់ ការធ្វើការងារជាក្រុម ការធ្វើការងារធ្ងន់នៅក្នុងក្រុម និងសមត្ថភាពល្អក្នុងពេលហ្វឹកហាត់ ឬពេលបំពេញភារកិច្ច ពួកគេតែងតែទទួលបានឱកាសច្រើន ក្នុងការបង្ហាញខ្លួនសម្រាប់ការប្រកួតជារឿយៗ។ 
 
ប៉ុន្តែពេលខ្លះ ការខ្វះខាតពេលវេលានៃការប្រកួត ក៏អាចធ្វើឱ្យកីឡាករទាំងនោះធ្វើមិនបានល្អដែរ បើទោះជាពួកគេខិតខំហ្វឹកហាត់ខ្លាំងយ៉ាងណា ។ កីឡាករទាមទាការផ្តល់ឱកាសក្នុងការកែប្រែនៅកំហុស និងពង្រឹងទម្រង់លេង។ 
 
បើតាមគេហទំព័រ Sportskeeda ខាងក្រោមនេះជាកីឡាករ ៥រូប ដែលគួរទទួលបានពេលវេលាលេងបន្ថែម នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ៖
៥ Scott McTominay ក្រុម Manchester United
 
ចាប់តាំងពីការមកដល់របស់លោក Erik ten Hag ជាអ្នកចាត់ការ កីឡាករសញ្ជាតិស្កុតឡែនរូបនេះ មិនសូវទទួលបានពេលវេលាលេងគ្រប់គ្រាន់ឡើយ ខណៈតំបន់លេងរបស់គេ ត្រូវបានជំនួសដោយខ្សែបម្រើ ​Bruno Fernandes និង Casemiro។ រូបគេក៏ពិបាកក្នុងការប្រជែងតំណែងទល់នឹងកីឡាករ Christian Eriksen ហើយបច្ចុប្បន្នក៏មាន ​Mason Mount និង Sofyan Amrabat បន្ថែមទៀត។
 
៤. Mykhailo Mudryk ក្រុម Chelsea
កីឡាករសញ្ជាតិអ៊ុយក្រែន ធ្លាប់បានបង្ហាញទម្រង់លេងល្អខ្លាំងគួរឱ្យភ្ញាក់ផ្អើលពេលលេងនៅក្រុម Shakhtar Donetsk ។ ប៉ុន្តែក្រោយផ្លាស់មក Chelsea ខ្សែប្រយុទ្ធពូកែញ៉ាក់រូបនេះ ហាក់ធ្វើមិនសូវបានល្អ ហើយក្រុមបានផ្លាស់ប្តូរគ្រូបង្វឹកជាបន្តបន្ទាប់ ធ្វើឱ្យកីឡាកររូបនេះមិនសូវទទួលបានការទុកចិត្ត និងពេលវេលាលេងបានច្រើនប៉ុន្មានឡើយ។
 
៣ Facundo Pellistri ក្រុម Manchester United
កីឡាករយុវជនវ័យ ២១ឆ្នាំ រូបនេះ បានបង្ហាញខ្លួនពីទម្រង់លេងរបស់គេយ៉ាងល្អ តាំងពីដើមរដូវកាលមក ហើយចូលក្នុងរដូវកាល ២០២៣-២៤ រូបគេបានជាប់នៅក្នុងក្រុមឈុតធំនៃ Manchester United។ យ៉ាងណាជាកីឡាករចេញពីក្រុមយុវជន Pellistri ត្រូវបានស្ថិតនៅក្នុងកៅអីបម្រុង ហើយមានពេលវេលាតិចតួច​ សម្រាប់បង្ហាញសមត្ថភាពរបស់គេនៅក្នុងក្រុម។ កីឡាករយុវជនដែលចង់បង្ហាញខ្លួនឱ្យកាន់តែល្អខ្លាំង ទាមទារពេលវេលាប្រកួតកាន់តែច្រើន។
 
២ Callum Wilson ក្រុម Newcastle United
Wilson ត្រូវបានគ្រូបង្វឹកលោក Eddie Howe ព្យាយាមចង់បញ្ចេញរូបគេ តាំងពីដើមរដូវកាលមកម្ល៉េះ ចាប់តាំងពីមានវត្តមានរបស់ខ្សែប្រយុទ្ធ Alexander Isak មកចូលរួមក្រុម។ យ៉ាងណា​ Wilson ធ្លាប់បានជួយក្រុម Newcastle United ជាច្រើនលើក កាលពីរដូវកាលមុន ដោយគេរកបាន ១៨គ្រាប់ ពីការបង្ហាញខ្លួន ៣១លើក។ មកដល់រដូវកាលនេះ រូបគេស្ថិតនៅកៅអីបម្រុង មិនសូវបង្ហាញខ្លួន។
 
១ Gabriel Magalhaes ក្រុម ​Arsenal
ខ្សែការពាររូបនេះ បានរួមចំណែកយ៉ាងខ្លាំងដល់ក្រុម Arsenal នៅរដូវកាល ២០២២-២៣ ក្នុងការប្រជែងពានរង្វាន់ ​Premier league។ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះ រូបគេហាក់មិនបានបង្ហាញខ្លួន សម្រាប់ក្រុមទាល់តែសោះ​ ។ រូបគេហាក់ពិបាកក្នុងការប្រជែងតំណែង ១១នាក់ដំបូងទល់នឹងខ្សែការពារ William Saliba ដែលជាមិត្តរួមក្រុម។ Gabriel ក៏ជាកីឡាករម្នាក់ ដែលត្រូវការពេលវេលាបន្ថែមឱ្យបានច្រើនឡើងវិញ ដើម្បីរក្សាគុណភាពដ៏ខ្លាំងរបស់គេ ដដែលសម្រាប់ក្រុមប្រកួតប្រជែង៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com