កីឡាអន្តរជាតិ
អន្តរជាតិ
ហេតុផល ២យ៉ាងដែល ​Liverpool កំពុងវិលត្រឡប់មកកាន់ទម្រង់លេងល្អក្នុងរដូវកាលនេះ
14, Oct 2023 , 10:09 pm        
រូបភាព
ក្រុម Liverpool ដែលដឹកនាំដោយលោក Jurgen Klopp កំពុងតែមានតែបង្ហាញទម្រង់លេងល្អរបស់ខ្លួនឡើងវិញ នៅក្នុងរដូវកាល ២០២៣-២៤ ក្រោយឆ្លងកាត់ការប្រកួតទាំងនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League, EFL Cup ឬក៏ Europa League ជាដើម។



ការឈ្នះចុងក្រោយនៅក្នុងក្របខណ្ឌ Europa League ដោយក្រុម ​Liverpool បំបាក់ក្រុម Union St.Gilloise លទ្ធផល ២-០ និងស្មើជាមួយ Brighton ២-២ នៅក្របខណ្ឌ Premier League ។

ឆ្លងកាត់ ៨ប្រកួតកន្លងមកនៃ​ ​Premier League ក្រុមរហស្សនាមហង្សក្រហមបានយកឈ្នះការប្រកួត ៥លើក ស្មើ ២ និងចាញ់ ១ ហើយនឹងបន្តឈ្នះនៅពានរង្វាន់ក្រៅប្រទេសអង់គ្លេសថែមទៀត។
 
រដូវកាលថ្មី Liverpool នៅតែជាក្រុមតែមួយ ដែលត្រូវបានគេសម្លឹងឃើញថា នឹងអាចជាក្រុមដែលអាចបំបាក់ក្រុម Manchester City នៅក្នុង Premier League ក៏ដូចជាបញ្ឈប់ពួកគេពីការក្រសោបពានរង្វាន់ជាបន្តបន្ទាប់ នៅការប្រកួតប្រជែងកម្រិតខ្ពស់។
 
បន្ទាប់ពីមានការផ្លាស់ប្តូរកីឡាករ ក៏ដូចជាប្រព័ន្ធលេងមួយចំនួន សម្រាប់ក្រុមទាំងមូលនៅរដូវកាលថ្មី Liverpool បានបង្ហាញនូវហេតុផល ២យ៉ាង ដែលពួកគេកំពុងតែមានទម្រង់លេងល្អខ្លាំងឡើងវិញ ។
 
​ខ្សែការពារកំពុងផ្តល់គ្រប់យ៉ាង និងឱកាសច្រើនទៅកាន់តំបន់ប្រយុទ្ធ ដើម្បីរកគ្រាប់បាល់
ខ្សែការពារចំនួន ២រូប ដែល Liverpool បានចុះកិច្ចសន្យាមកដូចជា​ Alexis Mac Allister និង Dominic Szoboszlai កំពុងតែបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ពួកគេរៀងៗខ្លួន សម្រាប់ក្រុមរបស់លោក Klopp។ ការប៉ះបាល់ជិត និងវែងដ៏ល្អរបស់ពួកគេ ត្រូវបានបង្កើតឱកាសជាច្រើន ទៅដល់តំបន់ខ្សែប្រយុទ្ធក្នុងការស្វែងរកគ្រាប់បាល់។
 
មិនត្រឹមតែរឹងមាំនៅក្នុងតំបន់ខ្សែបម្រើនោះទេ ខ្សែបម្រើចំណូលថ្មីទាំង ២នេះ ក៏អាចផ្លាស់ទីសម្រាប់ប្តូរទីតាំងជំនួសតំបន់ដែលខ្វះចន្លោះ ដូចជានៅស្លាបសងខាងថែមទៀត។ ការញ៉ាកបាល់ ការបង្កើតឱកាសនៃការបញ្ជូលបាល់ឱ្យមិត្តរួមក្រុមនោះ Szoboszlai  ក្លាយជាកីឡាករដ៏សំខាន់ នៅក្នុងទម្រង់ក្រុមរបស់លោក Klopp ដែលមានរហស្សនាមថា Liverpool 2​.០។ 
 
ចំណែកខ្សែបម្រើ Mac Allister ពាក់អាវលេង ៦ មានគុណភាពខ្ពស់ក្នុងការពង្រឹងតំបន់ខ្សែបម្រើ និងការពារ ដែលជាតំបន់រូបគេធ្លាប់បង្ហាញភាពអស្ចារ្យតាំងពីពេលនៅ World Cup ជាមួយនឹងអាហ្សង់ទីន។
 
ខ្សែប្រយុទ្ធកំពុងតែវិលត្រឡប់រួមគ្នាទៅជាទម្រង់លេងល្អមួយ ដូចអំឡុងពេល Salah, Firmino និង​ Mane
Mohamed Salah បានវិលត្រឡប់ក្លាយទៅជាអធិរាជលើវាលស្មៅនៃតំបន់ប្រយុទ្ធរបស់ក្រុម ​Liverpool ក្នុងរដូវកាលនេះ ដោយរូបគេរកបានគ្រាប់បាល់ជាបន្តបន្ទាប់ ក៏ដូចជាការបញ្ជូនបាល់ទៅមិត្តរួមក្រុម។ ការប៉ះបាល់ខ្លីៗ ការញ៉ាក់បាល់ទៅកាន់ក្នុងតំបន់ប្រអប់គ្រោះថ្នាក់ បានជួយដល់ក្រុមបញ្ចប់ទីបានយ៉ាងល្អ។
 
ក្រៅពីនេះ Darwin Nunez ក៏បានបង្ហាញទម្រង់លេងល្អខ្លាំងឡើងវិញ បើទោះរដូវកាលមុន រូបគេមិនបានបង្ហាញទម្រង់លេងបានល្អយ៉ាងណាក្តី ហើយទទួលបានការរិះគន់យ៉ាងខ្លាំងផងដែរ។ តំបន់ខ្សែប្រយុទ្ធដទៃដែលមានដូចជា ​Diogo Jota, Luis Diaz និង Cody Gakpo តែងតែរកបានគ្រាប់បាល់ហើយជួយបង្កើនភាពងាយស្រួលនៅតំបន់ប្រយុទ្ធ។ ជាលទ្ធផល Liverpool រកបាន ២១គ្រាប់ ក្នុងចំនួន ៨ប្រកួតចុងក្រោយមកនេះ ហើយពួកគេក៏កំពុងតែបន្តភាពខ្លាំងនៃតំបន់ប្រយុទ្ធរបស់ពួកគេ និងធ្វើឱ្យគូប្រកួតប្រជែងមានភាពភ័យខ្លាច៕
 

Tag:
 Liverpool
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com