ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជា បានរៀបចំទីតាំងសុវត្ថិភាពបណ្ដោះអាសន្ន ដល់និស្សិតនៅអ៊ីស្រាលី
14, Oct 2023 , 5:38 pm        
រូបភាព
រូបភាព៖ ពីសម្តេច ហ៊ុន ម៉ាណែត
រូបភាព៖ ពីសម្តេច ហ៊ុន ម៉ាណែត
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១៤ ខែតុលានេះ បានថ្លែងសារមួយ ពាក់ព័ន្ធនឹងនិស្សិតខ្មែរ ដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសាររបស់និស្សិតរស់នៅកម្ពុជា។ សម្តេច បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានរៀបចំទីតាំងបណ្តោះអាសន្នមានចម្ងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាស្សា សម្រាប់និស្សិតខ្មែរ។

 
បច្ចុប្បន្ន និស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ចំនួន៤៥២នាក់។ ចំណែក និស្សិតជាង ៤០០នាក់នោះ គឺមានសុវត្ថិភាពល្អ ដោយមានការការពារយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអ៊ីស្រាអែល ក្នុងតំបន់ដែលពួកគេរស់នៅ។ ក្រុមការងាររបស់រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា បានតាមដានយ៉ាងយកចិត្តទុកដាក់ រាល់ការវិវត្តសភាពការណ៍ក្នុងប្រទេសអ៊ីស្រាអែល។
 
 សម្ដេច បន្តថា ស្ថាប័នដែលពាក់ព័ន្ធ តែងទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិត ជាប់ជាប្រចាំដើម្បីក្តាប់បាននូវសុខទុក្ខ ជាពិសេសសុវត្ថិភាពរបស់ប្អូនទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើង កាលពីថ្ងៃទី៧ តុលា គឺ១សប្តាហ៍មុននេះ។
 
« ដោយសារស្ថានភាពប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសនៅតំបន់ហ្កាហ្សា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។  ស្ថាប័នដែលពាក់ព័ន្ធ ក៏បានត្រៀមទីតាំងបណ្តោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់់ជាមួយប្រទេសអ៊ីហ្សីប និងស៊ូដង់ ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីតំបន់ហ្កាហ្សា»។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ។
 
ចំពោះនិស្សិត ដែលមានបំណងចាកចេញពីតំបន់ហ្កាស្សា រដ្ឋាភិបាលបានមធ្យោបាយដឹកជញ្ជូន ក៏ដូចជារ៉ាប់រងនូវការស្នាក់នៅ ហូបចុករបស់និស្សិតទាំងអស់នៅតំបន់ត្រៀមទុកផងដែរ។ សម្រាប់និស្សិត ដែលចាកចេញទៅតំបន់ត្រៀមទុក គឺត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបញ្ជាក់ពីការសម្រេចចិត្ត។ យ៉ាងណាមិញគិតត្រឹមព្រឹកថ្ងៃទី១៤ តុលា នេះគឺមាននិស្សិតចំនួន៤២២នាក់ បានចុះឈ្មោះ ដោយនិស្សិត បានសម្រេចចិត្តបន្តស្នាក់នៅក្នុងតំបន់កំពុងរស់នៅ និងធ្វើការជាធម្មតា៕

Tag:
 ThmeyThmey
 សម្តេច ហ៊ុន ម៉ាណែត
 អ៊ុស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com