ជាតិ
ព្រលានយន្តហោះថ្មី នឹងទាក់ទាញទេសចរចិនមកសៀមរាបកាន់តែច្រើន
× សៀមរាប៖ ដល់មិនដល់មួយសប្ដាហ៍ទៀតឡើយ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងដាក់ឱ្យដំណើរការ។ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI លើកឡើងថា អាកាសយានដ្ឋានខ្លួន នឹងសហការជាមួយអ្នកពាក់ព័ន្ធ ក្រសួង និងស្ថាប័នរដ្ឋជាដើម ទាក់ទាញទេសចិន មកកាន់ខេត្តសៀមរាប ក៏ដូចជាកម្ពុជា។ នាកម្មវិធីរត់ប្រណាំង នាព្រឹកថ្ងៃទី៨ តុលា លោក Lu Wei បន្ថែមថា លោកនឹងផ្សព្វផ្សាយទៅកាន់ទេសចរកម្ពុជា ឱ្យមកកាន់ខេត្តសៀមរាប ក៏ដូចជាកម្ពុជា ដែលជាគោលដៅទេសចរណ៍មានសុវត្ថិភាព។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចតទៅ៖
កន្លងមកអាកាសយានដ្ឋានមួយនេះ ក៏បានបើកដំណើរការសាកល្បងជើងហោះហើរមួយចំនួនផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី០៥ ខែតុលា អាកាសយានដ្ឋាននេះ បានទទួលទេសចរណ៍ចំនួន៣ក្រុម ក្នុងនោះមកពីរាជធានីភ្នំពេញ, ព្រះសីហនុ និងចិន សរុបចំនួន១៦០នាក់។
គួរជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងនៅភូមិក្រៀលពល ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ព្រលានយន្តហោះសៀមរាប-អង្គរ សាងសង់ក្នុងទំហំទឹកប្រាក់ ៨៨០លានដុល្លារអាម៉េរិក និងចាប់ផ្តើមសាងសង់កាលពីពាក់កណ្ដាលខែ មីនា ឆ្នាំ២០២០។
ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់នៅក្នុងមួយឆ្នាំ។ ព្រលាននេះ ស្ថិតក្នុងគម្រោងកិច្ចព្រមព្រៀងវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ ព្រលាននេះមានចម្ងាយ ប្រមាណ៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប៕
Tag:
ThmeyThmey
ព្រលានយន្តហោះថ្មី
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com