ជាតិ
ទេសចរ ភ្ជាប់អនុស្សាវរីយ៍ជាមួយធម្មជាតិតាមរយៈការដាំកូនឈើ និងស្មៅ
15, Oct 2023 , 7:59 pm        
រូបភាព
សៀមរាប៖ ទេសចរបរទេស និងទេសចរជាតិ អាចចូលរួមដាំដើមឈើ និងដាំស្មៅ នៅក្នុងរមណីយដ្ឋានអង្គរ ជាមួយអាជ្ញាធរជាតិអប្សរា។ ទេសចរ គ្រាន់តែជូនដំណឹងទៅកាន់អាជ្ញាធរជាតិអប្សរាជាមុន ដើម្បីរៀបចំកូនឈើ និងស្មៅជូន។

 

កន្លងមក ក្រុមហ៊ុនឯកជន សាលារៀន និងទេសចរ បានចូលរួមដាំកូនឈើក្នុងឧទ្យានអង្គរច្រើនមកហើយ។ តែទេសរ ក៏អាចដាំស្មៅក្នុងរមណីយដ្ឋានអង្គរផងដែរ។ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានដាំស្មៅរួចរាល់នៅប្រាសាទអង្គរ ដែលធ្វើឱ្យអង្គរវត្ត មានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំងនារដូវវស្សា។ 
 
បច្ចុប្បន្ន មន្ត្រី និងក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងដាំស្មៅនៅប្រាសាទបាយ័ន។ ស្មៅទាំងនោះ ត្រូវបានពួកគេកាត់យកមកពីតាមទីតាំងផ្សេងៗ។ ស្មៅសម្រាប់ដាំឡើងវិញនេះ មិនចំណាយថវិកានោះទេ។ 
 
អ្នកស្រី ចាន់ ឧត្តមបញ្ញា ជាប្រធានក្រុមគោលដៅក្រុងអង្គរធំ ដែលកំពុងដាំស្មៅនៅខាងលិច ប្រាសាទបាយ័ន។ ក្រុមការងាររបស់អ្នកស្រី មានសមាជិកទាំងស្រ្តី និងបុរស ដែលបុរស មានតួនាទីជីកដីសម្រាប់ដាំ និងនារី ជាអ្នកដាំស្មៅ។ ការងារទាំងនេះ គឺមានគោលដៅរួម ដើម្បីឱ្យដី ប្រែទៅជាមានពណ៌ខៀវទាំងអស់។ 
 
ឧត្តមបញ្ញា បានប្រាប់អ្នកសារព័ត៌មានថ្មីៗ ថា ទេសចរគ្រប់រូប អាចចូលរួមដាំស្មៅទាំងនេះ ដើម្បីជាចំណែកមួយជួយរមណីយដ្ឋានអង្គរ។ អ្នកស្រី ថ្លែងដូច្នេះ៖ «លើសពីដើរកម្សាន្ត ពួកគេអាចដាំស្មៅបាន។ ពួកគាត់ នឹងមានមនោសញ្ចេតនាកាន់តែច្រើនជាមួយរមណីយដ្ឋានអង្គរ»។ 
 
នារដូវវស្សា ស្មៅទាំងអស់ នឹងជួយលើកសម្រស់រមណីយដ្ឋានអង្គរឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។ ប៉ុន្តែនារដូវប្រាំង អាជ្ញាធរជាតិអប្សរា ក៏តែងតែស្រោចទឹកជាប្រចាំ ដើម្បីឱ្យស្មៅរស់បានយ៉ាងល្អ។ ដើមឈើ ផ្ដល់ជាម្លប់ដល់ទេសចរឱ្យកាន់តែស្រស់ស្រាយ។ ស្មៅខៀវស្រងាត់ ជួយបន្ថែមរូបសម្រស់រមណីដ្ឋានអង្គរ៕ 
 

Tag:
 អង្គរ
  កូនឈើ
  ស្មៅ
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com