កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី ចង់ហសការជាមួយ អូស្ត្រាលី សិង្ហបុរី និងម៉ាឡេស៊ី ​រៀប World Cup ឆ្នាំ២០៣៤
15, Oct 2023 , 8:29 pm        
រូបភាព
ប្រទេសឥណ្ឌូណេស៊ី កំពុងតែពិភាក្សាជាមួយនឹងប្រទេសអូស្ត្រាលីជុំវិញការងារសហការគ្នាក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣៤ ដោយរួមមានការចូលរួមពីសំណាក់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើតាមការលើកឡើងពីសំណាក់ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី PSSI នាថ្ងៃទី១១ ខែតុលា។

កាលពីថ្មីៗនេះ សហព័ន្ធបាល់ទាត់ពិភពលោកបានអញ្ជើញសមាជិកសហព័ន្ធដែលមកពីប្រទេសក្នុងតំបន់ទ្វីបអាស៊ី និងអូសេអានី ដើម្បីបង្ហាញការចាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ World Cup នៅក្នុងឆ្នាំ​ ២០៣៤។
 
បើតាមការដកស្រង់ពាក្យសម្តីរបស់លោក Erick Thohir ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី ពីសំណាក់កាសែត Sydney Morning Herald ប្រទេសឥណ្ឌូណេស៊ីកំពុងជជែកជាមួយអូស្ត្រាលីពីការដេញថ្លៃនេះ។ 
 
«យើងកំពុងតែពិភាក្សាគ្នាជុំវិញការដេញថ្លៃជាមួយនឹងអូស្ត្រាលី។ នៅពេលដែលខ្ញុំបានទៅទស្សនកិច្ចម៉ាឡេស៊ី និងសិង្ហបុរី ប្រទេសទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយនឹងឥណ្ឌូណេស៊ី និងអូស្ត្រាលី ក្នុងការរៀប World Cup រួមគ្នា។»។ នេះជាសម្តីលោក Thohir ប្រធាន PSSI។
 
កាលពីសប្តាហ៍មុនសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានប្រកាសដោយភាពភ្ញាក់ផ្អើលជុំវិញការប្រកាសដែលថាប្រទេសអេស្ប៉ាញ, ព័រទុយហ្កាល់ និងម៉ារ៉ុក នឹងធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត World Cup នៅឆ្នាំ ២០៣០ ហើយដែលការប្រកួតបើកឆាកចំនួន ៣ នឹងត្រូវធ្វើឡើងនៅប្រទេសប៉ារ៉ាហ្កាយ អាហ្សង់ទីន និងអ៊ុយរូហ្កាយ ដើម្បីគម្រប់ខួប ១០០ឆ្នាំ​ នៃបាល់ទាត់ពិភពលោក។
  


យ៉ាងណាសម្រាប់ចំណាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០៣៤ ប្រទេសអារ៉ាប៊ីសាអូឌីតបានឈានដល់ដំណាក់កាលទីពីររបស់ពួកគេ ដាក់សំណើរការចាប់អារម្មណ៍ដេញថ្លៃធ្វើម្ចាស់ផ្ទះទៅកាន់ FIFA។ FIFA បានផ្តល់ឱកាសសម្រាប់ប្រទេស និងក្រុមប្រទេសដែលជាសមាជិកសហព័ន្ធក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034 ដែលពេលកំណត់នឹងត្រូវផុតនៅត្រឹមថ្ងៃទី៣១ ខែតុលា។
 
ចំពោះការចាប់អារម្មណ៍ចង់ដេញថ្លៃពីសំណាក់ប្រទេសឥណ្ឌូណេស៊ី រួមជាមួយនឹងប្រទេសអូស្ត្រាលី សិង្ហបុរី និងម៉ាឡេស៊ី ប្រធាន PSSI បានបង្ហាញជំនឿរបស់លោកថា FIFA នឹងប្រលែកមកមើលប្រទេសដទៃក្រៅពីប្រទេសក្នុងតំបន់មជ្ឈិមបូពា៍។ 
 
លោក Thohir បានអះអាងដូច្នេះថា ៖ «យើងមានក្តីសង្ឃឹមខ្លាំង ខ្ញុំគិតថា FIFA នឹងមើលឃើញថាតំបន់មជ្ឈិមបូពា៍ ដែលធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះម្តងរួចមកហើយពេលនៅប្រទេសកាតាឆ្នាំមុន ហើយប្រទេសជប៉ុន កូរ៉េខាងត្បូងក៏ធ្លាប់បានធ្វើដូចគ្នា។ ខ្ញុំប្រាកដណាស់ថា FIFA នឹងព្យាយាមនៅប្រទេសផ្សេងទៀត។ ឱកាសនៃការឈ្នះនឹងមានប្រសិនបើយើងចូលរួមជាមួយនឹងអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី ដែលជាទីតាំងធំដូចគ្នា៕
 

Tag:
 ឥណ្ឌូណេស៊ី
  World Cup 2034
© រក្សាសិទ្ធិដោយ thmeythmey.com