ជាតិ
កម្ពុជានឹងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តជុំរុញសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់
16, Oct 2023 , 9:03 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត និងភរិយា មុនពេលចាក​ចេញដំណើរឆ្ពោះទៅកាន់​ក្រុង​ប៉េកាំង នាព្រឹកថ្ងៃទី១៦ ខែតុលា នេះ។ រូបថត STPM
សម្តេច ហ៊ុន ម៉ាណែត និងភរិយា មុនពេលចាក​ចេញដំណើរឆ្ពោះទៅកាន់​ក្រុង​ប៉េកាំង នាព្រឹកថ្ងៃទី១៦ ខែតុលា នេះ។ រូបថត STPM
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា នាព្រឹកថ្ងៃទី១៦ ខែតុលា នេះ បានដឹកនាំប្រតិភូទៅកាន់ក្រុងប៉េកាំង ដើម្បីចូលរួមវេទិកា 3rd BRF «ខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ»។



កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត និងផ្លូវប្រកបដោយគុណខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

ក្នុងវេទិកានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងថ្លែងសុន្ទរកថាគន្លឹះអំពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី» ហើយសម្តេចនឹងមានជំនួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត។

ប្រតិភូដែលអមដំណើរសម្តេច ហ៊ុន ម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC), លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងរដ្ឋមន្រ្តីមួយចំនួនទៀត។

បើតាមក្រសួងការបរទេស កម្ពុជានឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់និងអន្តរជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com