ជាតិ
ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍន៍ផ្លូវដែក ផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៅកម្ពុជា
17, Oct 2023 , 11:15 am        
រូបភាព
លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសមជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៧ តុលា ២០២៣។
លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសមជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៧ តុលា ២០២៣។
ក្រុមហ៊ុន China Railway Construction Corporation (CRCC) មានគ្រោងវិនិយោគលើគម្រោង៣សំខាន់ៗទៀត នៅកម្ពុជា។ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CRCC បានលើកយកគម្រោងទាំងនេះ មកពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី១៧ តុលានេះ ។



ចំពោះទិសដៅអនាគត លោក វ៉ាង ជៀនភីង បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនមានផែនការវិនិយោគលើគម្រោងធំៗបន្ថែមទៀត រួមមាន បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យ សម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និងចុងក្រោយ គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ ។
 
សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក គឺជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ។ សម្ដេច ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុន CRCC បន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។
 
ប្រមុខរដ្ឋាភិបាល ក៏ចង់ឱ្យមានការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជាដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ឱ្យក្រុមហ៊ុន CRCC ពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែក ដែលមានស្រាប់ និងសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីទៀតផង។
 
គិតមកដល់ពេលនេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគសរុប ៥៣គម្រោង ជាមួយនឹងដើមទុនប្រមាណ ៥,៣០០ លានដុល្លារអាមេរិក៕

Tag:
 សេដ្ឋកិច្ចចិន
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com