ជាតិ
ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ឡើងគោរមងារជា «សម្តេចព្រះមហាអរិយវង្ស»
17, Oct 2023 , 2:39 pm        
រូបភាព
ដោយ: រួបរួម
ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត (សីលសំវរោ) ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឡើងគោរមងារជា «សម្តេចព្រះមហាអរិយវង្ស» គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៦ ខែកញ្ញា។



សម្តេចសង្ឃ យ៉ន សេងយៀត ត្រូវបានគេស្គាល់ថា ជាបញ្ញវន្តសង្ឃដំបូងបំផុតដែលបានបញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតពីសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោក។ ក្រៅពីតួនាទីជាព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះអង្គក៏ជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះបាឡាត់គណរាជធានីភ្នំពេញ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

តាមព្រះជីវប្រវត្តិដែលចុះផ្សាយនៅលើគេហទំព័រនៃសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះអង្គ យ៉ន សេងយៀត ជាកូនទីពីរក្នុងចំណោមបងប្អូនបង្កើត៥នាក់ ក្នុងគ្រួសារកសិករមួយ នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។          

ព្រះអង្គបានសាងផ្នួស និង សិក្សាក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ១៩៩១ ហើយបានបន្តការសិក្សានៅសាលាជាដំបូងនាសាលាបឋមសិក្សា ដែលមានគ្រូឧទ្ទេសាចារ្យ ប្រាក់ ឃុន ជាអ្នកបង្ហាត់បង្រៀនផ្ទាល់។ ក្រោយមកព្រះអង្គក៏និមន្តបន្តការសិក្សានៅសាលាពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទាំងនេះជាទីកន្លែងដែលព្រះអង្គមានឱកាសរៀនសូត្រនូវធម៌វិន័យ ភាសាបាលី និង ភាសាអង់គ្លេស។
 
នៅក្នុងឆ្នាំ២០០៣ ព្រះអង្គបាននិមន្តចាកចេញពីប្រទេសកំណើតដើម្បីទៅបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា (បរិញ្ញាបត្រ) ឯកទេសផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យពុទ្ធសាសនា-បាលីភាសា (Buddhist and Pali University of Sri Lanka) ថ្នាក់ក្រោយឧត្តមសិក្សា (អនុបណ្ឌិត) ផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យកល្យាណីយ៍ (University of Kelaniya) និងសញ្ញាបត្រទំនាក់ទំនងអន្តរជាតិ ចេញពីមជ្ឈមណ្ឌល Badaranaike Center for International Studies (BCIS) ទីក្រុងកូឡុមប៊ូ (Colombo) អស់រយៈពេលជាង៦ឆ្នាំនាប្រទេសស្រីលង្កា រួចក៏និមន្តត្រឡប់មកមាតុប្រទេសវិញ។

ក្នុងកិច្ចការសាសនា និង សង្គមជាតិ ព្រះបណ្ឌិត យ៉ន សេងយៀត  ទទួលបានតួនាទី និងកិច្ចការសំខាន់ជាច្រើនដូចជា ប្រធានពុទ្ធិកសមាគមសមណនិស្សិតខ្មែរ នៅស្រីលង្កា (២០០៣-២០០៦), សាស្ត្រាចារ្យពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជានៃក្រសួងធម្មការ និង សាសនា (២០០៨), សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (២០០៦-បច្ចុប្បន្ន), ព្រឹទ្ធបុរសរងភាសាអង់គ្លេសនៃសាកលវិទ្យល័យបញ្ញាសាស្ត្រកម្ពុជា (២០១៣-បច្ចុប្បន្ន), សញ្ញាបត្រកម្រិតឧត្តមនៅសាលាភូមិន្ទរដ្ឋបាល និង បណ្ឌិតវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាកម្ពុជា (២០១០-២០១៤)។

 ក្រៅពីនេះ ព្រះអង្គនៅមានតួនាទីជា អគ្គលេខាក្រុមប្រឹក្សាអន្តរសាសនា ជាសមាជិកប្រវត្តិនៃក្រុមប្រឹក្សាសាសនាពិភពលោកដើម្បីសន្ដិភាព ទទួលបន្ទុកផ្នែកបរិស្ថាន នាបុរីញ៉ូយ៉ក សហរដ្ឋអាមេរិក លេខាផ្ទាល់បកប្រែភាសាថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ពេទ វង្ស សម្ដេចព្រះសង្ឃរាជ និងជាប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះបាឡាត់គណរាជាធានីភ្នំពេញ ។ល។
 
ព្រះបណ្ឌិត យ៉ន សេងយៀត បាននិមន្តចូលរួមក្នុងកិច្ចប្រតិបត្តិការសាសនាសន្និសីទអន្តរជាតិជាច្រើនប្រទេសនៅទូទាំងពិភពលោក ជាបេក្ខជនខ្មែរតែមួយអង្គគត់ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត (Postdoctoral research Fellowship) នៅដើមខែតុលា ឆ្នាំ២០១៦។ ព្រះអង្គក៏និមន្តចាកចេញពីប្រទេសខ្មែរម្ដងទៀតទៅសហរដ្ឋអាមេរិក បន្តការសិក្សាសា្រវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅសាកលវិទ្យល័យ Harvard ។ ស្ថិតនៅទីនោះ ព្រះអង្គបានស្រាវជ្រាវអំពីទស្សនវិជ្ជាពុទ្ធសាសនារយៈពេលមួយឆ្នាំ ដោយផ្ដោតលើតួនាទីព្រះសង្ឃក្នុងការរក្សាសន្ដិភាពនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ មក។

លោក ឃី សុវណ្ណរតនា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់មានគោរមងារជា «សម្តេចព្រះមហាអរិយវង្ស» រហូតដល់ថ្ងៃលាចាកសិក្ខាបទ ក្រោយសាងភ្នួសបួសជាបព្វជិតអស់រយៈពេលជាង៣០វស្សា៕


© រក្សាសិទ្ធិដោយ thmeythmey.com