កីឡាជាតិ
ជាតិ
អាស៊ីប៉ារ៉ាហ្គេម៖ លោក យី វាសនា ជឿជាក់គ្រប់ប្រភេទកីឡា ប៉ុន្ដែសង្ឃឹមកីឡាបាល់បោះនារីខ្ពស់ជាងគេ
17, Oct 2023 , 6:59 pm        
រូបភាព
ឯកឧត្តម យី វាសនា អគ្គលេខាធិការ NPCC អង្គុយនៅចំកណ្ដាល
ឯកឧត្តម យី វាសនា អគ្គលេខាធិការ NPCC អង្គុយនៅចំកណ្ដាល
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បញ្ជូនអត្ដពលិក ២៤រូប លើ ៦ប្រភេទកីឡា ទៅចូលរួមប្រជែងមេដាយនៅព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅក្រុងហាងចូវ ប្រទេសចិន។ ចំណោម ៦ប្រភេទកីឡា មាន អត្តពលកម្ម, ហែលទឹក, វាយកូនឃ្លីលើតុ, វាយសី, បាល់ទះអង្គុយ និងបាល់បោះជិះរទេះ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រំពឹងខ្ពស់លើកីឡាបាល់បោះនារី កម្ពុជាជាងគេ។



អត្ដពលិក ២៤នាក់ ត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅប្រទេសចិន ដែលការប្រកួតចាប់ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ហើយពីធីបើកព្រឹត្តិការណ៍ នឹងត្រូវធ្វើនៅថ្ងៃទី២២ ខែតុលា។ ព្រឹត្តិការណ៍នេះ ក៏នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ កីឡា ៦ប្រភេទនោះ មាន៖
 
កីឡាអត្ដពលកម្ម អត្ដពលិក ១នាក់
កីឡាហែលទឹក អត្ដពលិក ១នាក់
កីឡាវាយសី អត្ដពលិក ១នាក់
កីឡាវាយកូនឃ្លីលើតុ អត្ដពលិក ១នាក់
កីឡាបាល់ទះអង្គុយ (បុរស) អត្ដពលិក ៨នាក់
កីឡាបាល់បោះជិះរទេះ (នារី) អត្ដពលិក ១២នាក់។
  
អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ចេញដំណើរទៅ ប្រកួតនៅទីក្រុង Hangzhou

គណៈលេខាធិការ NPCC បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា រូបលោក គឺបានដាក់ការរំពឹក និងជឿជាក់លើ សមត្ថភាពអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា នឹងអាចដណ្ដើមបានមេដាយណាមួយ ជូនជាតិ។ លោក យី វាសនា បានដាក់ការរំពឹងទុកនេះ លើគ្រប់ប្រភេទកីឡាទាំង ៦នេះ។ ដោយឡែក អគ្គលេខាធិការរូបនេះ សង្ឃឹមខ្ពស់ជាងគេ គឺកីឡាបាល់បោះជិះរទេះ (នារី) ព្រោះជាកីឡា ដែលមានសក្ដានុពល និងបានរកមេដាយជូនជាតិពីព្រឹត្តិការណ៍អន្ដរជាតិនានា ហើយក៏ត្រូវបានអន្ដរជាតិទទួលស្គាល់ពីសមត្ថភាពរបស់អត្ដពលិកកម្ពុជា ផងដែរ។
 
«យើង ចូលរួមប្រកួត យើងរំពឹងគ្រប់កីឡា ព្រោះកីឡាករ-កីឡាការិនីកម្ពុជា ចូលរួមនោះ ជាម្ចាស់មេដាយផ្សេងៗ។ ការប្រកួតនេះ កម្រិតអាស៊ី ជាកម្រិតខ្ពស់ជាងអាស៊ានហ្គេម។ យើង រំពឹងកាន់តែខ្ពស់ទៀត គឺបាល់បោះនារី ព្រោះបានឈ្នះមេដាយព្រឹត្តិការណ៍នានា ហើយធៀបនៅ អាស៊ានយើងគ្រាន់បើដែរ។»។ លោក យី វាសនា បាននិយាយដូច្នេះ។
 
ជាក់ស្ដែង ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា បានសាងសមិទ្ធិផលជាច្រើន ដូចជាមេដាយមាស១ និងមេដាយប្រាក់១ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងមេដាយមាស១ និងមេដាយប្រាក់១ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅទីក្រុងហាងចូវ ប្រទេសចិន នឹងចាប់ផ្ដើមពិធីបើក នៅថ្ងៃទី២២ ខែតុលា ហើយបញ្ចប់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ ម្ចាស់ផ្ទះ ចិនបានដាក់ ២២ ប្រភេទកីឡា និង ៥៦៦វិញ្ញាសាប្រកួត ដោយមាន ៤៣ប្រទេស ចូលរួម៕
 

Tag:
 អាស៊ីប៉ារ៉ាហ្គេម
  Asian Para Games
© រក្សាសិទ្ធិដោយ thmeythmey.com