ជាតិ
សេដ្ឋកិច្ច
ទេសចរជិត ២លាននាក់ បានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
17, Oct 2023 , 8:19 pm        
រូបភាព
រយៈពេល៣ថ្ងៃ ​នៃ​ពិធីបុណ្យភ្ជុំបិណ្ឌ​ មានពលរដ្ឋប្រមាណ១,៩២លាននាក់ បានដើរលេង​កម្សាន្ត​នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ចំនួននេះ​ កើន៥២,២ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។  ក្នុងនោះ មានទេសចរអន្តរជាតិជាង ២,៧ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។​

 
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនទេសចរផ្ទៃក្នុងទាំង១,៩២លាននាក់ គឺរដ្ឋបាល​រាជធានី-ខេត្តបានរាប់បញ្ចូលនូវចំនួនទេសចរជាតិ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរ​កម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស រួមទាំងពលរដ្ឋធ្វើ​ដំណើរ​កម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានាផងដែរ។​ ស្ថិតិពីក្រសួង​ទេសចរណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី១៣-១៥តុលា ឆ្នាំ២០២៣ ខេត្តដែលមានអ្នកទេសចរ​ដើរលេងកម្សាន្តជាច្រើនជាងគេ គឺខេត្តត្បូងឃ្មុំមានពលរដ្ឋដើរលេងកម្សាន្តរហូតដល់ ៤៤០ ៣០០នាក់,  បាត់ដំបងមាន ២១១ ៣២៩ នាក់, កំពង់ឆ្នាំងមាន ១៦៨ ០៦១នាក់,  ព្រះ​សីហនុ​មាន ១៥៧ ០៤៦នាក់ ខណៈខេត្តសៀមរាប មានអ្នកទេសចរចំនួន ១២៥ ៤៤៩​នាក់​។ 
 
បើតាមប្រភពខាងលើ គោលដៅទេសចរណ៍សំខាន់ទាំងនេះបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរឲ្យមកកម្សាន្តខេត្តរបស់ខ្លួន។ ក្នុងនោះខេត្តត្បូងឃ្មុំ​បានរៀបចំ​ព្រឹត្តិការណ៍​បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគំតន្ដ្រីខ្នាតយក្ស និង​ការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធ​សាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ។ 
 
ក្រសួងទេសចរណ៍បន្តរៀបរាប់ថា៖ «គ្រប់រាជធានី-ខេត្តដទៃ ពិសេសនៅតាមទីប្រជុំជន​ទី​រួម​ខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិ​ស្រុក​នានា មានការរៀបចំព្រឹត្តិការណ៍នានា ដែលបានទាក់ទាញទេសចរ និងបងប្អូន​ប្រជា​ពលរដ្ឋ​​ដើរកម្សាន្តយ៉ាងច្រើនកុះករ»។ ជាមួយគ្នានេះសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព រួមទាំងតម្លៃសេវាទេសចរណ៍នានា មាន​ភាពល្អប្រសើរ ខណៈកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈ​បញ្ជាការ​ឯកភាព​រាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕ 
 

Tag:
 ទេសចរណ៍
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com