ជាតិ
ជំនួបសម្ដេច ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំចិន ៖ សម្រេចបានកិច្ចព្រមព្រៀង និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀត
17, Oct 2023 , 9:29 pm        
រូបភាព
រដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារចំនួន៨ លើគម្រោងផ្លូវសូត្រសមុទ្រ ផ្លូវរថភ្លើង ការអភិវឌ្ឍបៃតង និងកាបូនជាដើម។ ការចុះហត្ថលេខានេះ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក លី ឈាង នាយករដ្ឋមន្រ្តីចិន នាទីក្រុងប៉េកាំង នៅថ្ងៃទី១៧ តុលា។

 
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា​​ និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើឯកសារសំខាន់ៗរួមមាន​១ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការ វិនិយោគ កម្ពុជា-ចិន។
 
ទី២ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការ បង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ ទី ៣ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប។ ទី៤ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨។
 
ទី៥ លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។ ទី៦ កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ ទី៧ អនុស្សរណៈនៃការយោគយល់ ស្តីពីការ បង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន ។ ទី៨ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
 
ក្រុមហ៊ុន China Metro សិក្សាលើគម្រោងផ្លូវរថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងសៀមរាប
 
ក្រុមហ៊ុន China Metro កំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងសៀមរាប។ ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជាផងដែរ។
 
ថ្លែងក្នុងជំនួបជាមួយសម្ដេច ហ៊ុន ម៉ាណែត , លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group បញ្ជាក់អំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែ គឺទី១ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និងគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្ដាល ទៅកាន់រាជធានីភ្នំពេញ ។


លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group ជួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ តុលា ២០២៣។ 
 
ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត និងផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ មានជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និងផ្លូវក្រោមដីជាដើម។
 
ក្រុមហ៊ុន CP Group គ្រោងវិនិយោគលើវិស័យសុខាភិបាល និងផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន CP Group មានបំណងពង្រីកការវិនិយោគថែមទៀតនៅកម្ពុជា ក្រៅពីវិស័យវារីវប្បកម្ម និងអចលនទ្រព។ លោក សែ ភីង (Tse Ping) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Charoen Pokphand Group (CP Group) ថ្លែងប្រាប់សម្ដេច ហ៊ុន ម៉ាណែត ។
 
អនុប្រធានក្រុមប្រឹក្សាភិបាល CP Group បានជម្រាបប្រាប់នាយករដ្ឋមន្រ្តីកម្ពុជា អំពីគោលបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប ។

លោក សែ ភីង (Tse Ping) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Charoen Pokphand Group (CP Group) ជួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ តុលា។
 
សម្តេច ហ៊ុន ម៉ាណែត គាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងទៀតដែលក្រុមហ៊ុន CP Group មានចំណាប់អារម្មណ៍ ជាអាទិ៍ វិស័យអចលនទ្រព្យ, សុខាភិបាល និងផ្កាយរណប ។ សម្ដេចបានណែនាំឱ្យក្រុមហ៊ុនទាក់ទងពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ។
 
ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ។ សព្វថ្ងៃក្រុមហ៊ុននេះ បានវិនិយោគលើកសិដ្ឋានចិញ្ចឹមសត្វ និងអចលនទ្រព្យនៅកម្ពុជា៕
 
ក្រុមហ៊ុន CMEC គ្រោងបោះទុន៣ពាន់លានដុល្លារទៀត លើវិស័យថាមពលហ្គាស នៅកម្ពុជា
 
ក្រុមហ៊ុន CMEC គ្រោងបោះទុនវិនិយោគលើវិស័យថាមពលហ្គាសថែមទៀត ក្រោយទទួលបានផ្លែផ្កាលើគម្រោងជាច្រើននៅកម្ពុជា។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) លោក វ័ង ប៉ូ (Wang Bo) បានជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
 
ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខទៀត។ នេះបើតាមលោក វ័ង ប៉ូ ដែលជឿជាក់ថា កម្ពុជានឹងរីកលូតលាស់ថែមទៀត ក្នុងការទាក់ទាញការវិនិយោគ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) លោក វ័ង ប៉ូ (Wang Bo) បានជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៧ តុលា។
 
ចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMECនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសម្ដេច ហ៊ុន ម៉ាណែត ដែលចាត់ទុកថា វាជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើន។
 
ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយក៏បានវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា ៕
 
ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍន៍ផ្លូវដែក ផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៅកម្ពុជា

ក្រុមហ៊ុន China Railway Construction Corporation (CRCC) មានគ្រោងវិនិយោគលើគម្រោង៣សំខាន់ៗទៀត នៅកម្ពុជា។ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CRCC បានលើកយកគម្រោងទាំងនេះ មកពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី១៧ តុលានេះ ។
 
ចំពោះទិសដៅអនាគត លោក វ៉ាង ជៀនភីង បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនមានផែនការវិនិយោគលើគម្រោងធំៗបន្ថែមទៀត រួមមាន បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យ សម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក, គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និងចុងក្រោយ គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ ។

 លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសមជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៧ តុលា ២០២៣។
សម្ដេច ហ៊ុន​ ម៉ាណែត ចាត់ទុកការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក គឺជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ។ សម្ដេច ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុន CRCC បន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។
 
ប្រមុខរដ្ឋាភិបាល ក៏ចង់ឱ្យមានការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជាដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ឱ្យក្រុមហ៊ុន CRCC ពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែក ដែលមានស្រាប់ និងសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីទៀតផង។
 
គិតមកដល់ពេលនេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគសរុប ៥៣គម្រោង ជាមួយនឹងដើមទុនប្រមាណ ៥,៣០០ លានដុល្លារអាមេរិក៕
 
ក្រុមហ៊ុន China Datang ប្តេជ្ញាបង្កើនទុន៦០០លានដុល្លារ ដើម្បីគាំទ្រយុទ្ធសាស្រ្តបញ្ចកោណកម្ពុជា
 
លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។ លោក ឡី ក៏បានប្តេជ្ញាបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លាអាមេរិក ដើម្បីជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
 ក្នុងជំនួបកាលពីថ្ងៃទី១៦ តុលា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang បានសង្កត់ធ្ងន់ថា ការបន្ថែមទុនវិនិយោគទៀតនេះ គឺផ្ដោតលើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ។

លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ជួបពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ តុលា។
 
កន្លងមកក្រុមហ៊ុន បានអនុវត្តលើគម្រោងចំនួនពីរហើយ គឺគម្រោងវារីអគ្គិសនីអានុភាព ១២០ មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និងអនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០ គីទ្បូម៉ែត្រ ។ 
 
ក្រៅពីគម្រោងទាំងនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន វិយោគលើគម្រោងផ្សេងទៀត ក្នុងវិស័យថាមពលនៅកម្ពុជា ជាពិសេសគម្រោងពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ ព្រមទាំងការនិយោគផ្នែកបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយពង្រឹងបន្ថែមទៀតដល់ប្រសិទ្ធភាព និងការប្រកួតប្រជែងផ្នែកតម្លៃ ៕
 
ប្រធានក្រុមប្រឹក្សាធនាគារចិន សន្យានាំយកផលិតផលហិរញ្ញវត្ថុថ្មីៗមកកម្ពុជា

លោក កឺ ហាយជៀវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ “ធនាគារចិន គ្រុប/BOC Group” សន្យានាំយកផលិតផលហិរញ្ញវត្ថុថ្មីៗ មកកម្ពុជា ។ លោកថ្លែងបែបនេះ នៅក្នុងជំនួបជាមួយសម្ដេច ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
 
ថ្នាក់ដឹកនាំធនាគារចិន គ្រុបរូបនេះ បានបង្ហាញការជឿជាក់ថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំ ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថល។ លោក ហាយជៀវ ក៏មានគម្រោងធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលបំណងជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវផលិតផលហិរញ្ញវត្ថុថ្មីៗ និងបទពិសោធន៍ដ៏សម្បូរបែបរបស់ធនាគារចិនគ្រុប ។ 

លោក កឺ ហាយជៀវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ “ធនាគារចិន ជួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
 
សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ធនាគារចិនគ្រុប ជាង១០ឆ្នាំមកនេះ នៅក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការជំរុញពាណិជ្ជកម្មកម្ពុជា-ចិន ។ សម្តេច ក៏បានសង្កត់ធ្ងន់ថា វិស័យហិរញ្ញវត្ថុ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់កំណើននៃវិស័យទេសចរណ៍ ជាពិសេសរវាងប្រជាជន និងប្រជាជន។
 
កន្លងមកកម្ពុជា ចិន បានសហប្រតិបត្តិការប្រព័ន្ធហិរញវត្ថុនៃប្រទេសទាំងពីរ ដែលបានសម្រួលដល់ការទូទាត់សងប្រាក់ឆ្លងដែនរវាងប្រាក់រៀល និងប្រាក់យ័ន ដោយបានលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក, ការសម្រួលដល់ភ្ញៀវទេសចរ និងការធ្វើពាណិជ្ជកម្មឆ្លងដែន ជាដើម ៕
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com