FIFA
កីឡាជាតិ
ជាតិ
World Cup៖ កម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះបឋម ក្រោយចាញ់ ប៉ាគីស្ថាន ១-០
17, Oct 2023 , 6:00 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចាញ់ ប៉ាគីស្ថាន លទ្ធផល ១-០ នៃការប្រកួត FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ ជើងទី២ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Jinnah ប្រទេសប៉ាគីស្ថាន។ មិនអាចឆ្លងចូលវគ្គជម្រុះតាមពូលបាល់ទាត់ពិភពលោក តែគោព្រៃ នៅសល់ឱកាស play-off ពានរង្វាន់ Asian Cup ឆ្នាំ២០២៧។



នាដើមតង់ទី១ ក្រុមជម្រើសជាតិកម្ពុជា បានដាក់សម្ពាធ ប៉ាគីស្ថានជាខ្លាំង ដោយបានឱកាសស៊ុតចំគោលដៅជាច្រើនលើក។ នៅ១០ នាទីដំបូង សៀង ចន្ធា របស់កម្ពុជា បានស៊ុត ប៉ុន្ដែមិនចំគោលដៅ។ ៥នាទីបន្ទាប់ ខ្សែបម្រើកម្ពុជា ចន្ថា ចន្ទាកា មានឱកាសស៊ុតទៀត ប៉ុន្ដែ ត្រូវខ្សែការពារ រារាំងបានដោយជោគជ័យ។

លុះចូលដល់នាទី៤០ ម្ចាស់ផ្ទះ ទទួលបានបាល់ជ្រុង ប៉ុន្ដែ ត្រូវ ហ៊ុល គឹមហ៊ុយ អ្នកចាំទីកម្ពុជា ទះចេញ ហើយត្រូវខ្សែបម្រើប៉ាគីស្ថាន ទាត់ចេញក្រៅ។ កម្ពុជា បន្ដដាក់សម្ពាធម្ចាស់ផ្ទះ។ នៅចុងតង់ទី១ Yodai Ogawa ខ្សែបម្រើកម្ពុជា បានស៊ុតពីពាក់កណ្ដាលទី ប៉ុន្ដែ មិនចំគោលដៅ។ បញ្ចប់ការប្រកួតតង់ទី១ កម្ពុជា ស្មើជាមួយ ប៉ាគីស្ថាន ដោយលទ្ធផល មិនមានគ្រាប់បាល់។

ចូលដល់តង់ទី២ នៅនាទីដំបូង កីឡាករ សៀង ចន្ធា មានឱកាសស៊ុត ដល់ទៅ ២លើក ប៉ុន្ដែ ត្រូវបានអ្នកចាំទីប៉ាគីស្ថាន សង្គ្រោះបាន។ នៅនាទី៥០ កម្ពុជា មានឱកាសម្ដងទៀត ដោយ រឹង ប៊ុនហៀង បានអូសចូលមកតំបន់គ្រោះថ្នាក់ ហើយប៉ះ Yudai Ogawa ប៉ុន្ដែ កីឡាកររូបនេះ បញ្ចប់ទីមិនចំគោលដៅ។

នៅនាទី៥៣ ចន្ថា ចន្ទាកា ប្ដូចេញជំនួស ដោយ យ៉ើ មូស្លីម។  ដោយឡែក ក្រុមម្ចាស់ផ្ទះ  បានវាយបកយ៉ាងខ្លាំងនៅតំបន់ប្រយុទ្ធ ដោយព្យាយាមស៊ុតជាច្រើនលើក។ នៅនាទី ៦៨ ការព្យាយាមរកគ្រាប់របស់ម្ចាស់ផ្ទះ បានសម្រេច ដោយការស៊ុតបញ្ចូលទី របស់ខ្សែប្រយុទ្ធប៉ាគីស្ថាន នាំឲ្យលទ្ធផល នាំមុខកម្ពុជា ១-០។

បន្ទាប់ពីគ្រាប់បាល់ទី១ របស់ប៉ាគីស្ថាន ក្រុមកម្ពុជា បានព្យាយាម លេងលឿនជាងមុន ជាពិសេស ការលើកបាល់ពីក្រោមទៅតំបន់គ្រោះថ្នាក់ ប៉ុន្ដែការធ្វើបែបនេះ រហូតដល់នាទី៩០ ក៏នៅតែមិនបានសម្រេច។ នៅចង់តង់ទី២នេះ កម្ពុជា ធ្វើមិនបានល្អទេ។

បញ្ចប់ការប្រកួត កម្ពុជា ចាញ់ ប៉ាគីស្ថាន ១-០។ អស់ការប្រកួតទៅកាន់វគ្គជម្រុះតាមពូលបាល់ទាត់ពិភពលោកតំបន់អាស៊ី តែគោព្រៃ នៅសល់ឱកាសលឹង play-off ពានរង្វាន់ Asian Cup ឆ្នាំ២០២៧៕




Tag:
 បាល់ទាត់
  FIFA World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com