ជាតិ
សេដ្ឋកិច្ច
កម្ពុជា ពង្រីកការផ្សាយសក្តានុពលស្វាយចន្ទី ដើម្បីស្វែងរកទីផ្សារថ្មី ក្រៅពីវៀតណាម
18, Oct 2023 , 10:09 am        
រូបភាព
ការពិព័រណ៍ផលិតផលស្វាយចន្ទីកម្ពុជា នៅប្រទេសកូរ៉េខាងត្បូង។ រូបភាព៖ លោក អួន ស៊ីឡុត
ការពិព័រណ៍ផលិតផលស្វាយចន្ទីកម្ពុជា នៅប្រទេសកូរ៉េខាងត្បូង។ រូបភាព៖ លោក អួន ស៊ីឡុត
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា កំពុងបញ្ជ្រាបការផ្សព្វផ្សាយអំពី សក្ដានុពលស្វាយ ចន្ទីកម្ពុជា ទៅកាន់អន្តរជាតិ តាមរយៈការចូលរួមតាំងពិព័រណ៍ និងជំនួបធុរកិច្ចនានា។ ការធ្វើបែបនេះ មានគោលបំណងស្វែងរកទីផ្សារថ្មីៗ ក្រៅពីវៀតណាម ដើម្បីបង្កើត រោងចក្រកែច្នៃនៅកម្ពុជា។



លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា កន្លងទៅប្រទេស ជាច្រើន មិនបានដឹងថា កម្ពុជាជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីដ៏សំខាន់មួយ នៅលើ ពិភពលោកនោះទេ ដោយសារតែគ្មានទិន្ន័យគ្រប់គ្រាន់ ក្នុងការបញ្ជាក់ទៅអន្តរជាតិ។
 
ដោយឡែក នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថា​ អ្នកធ្វើធុរកិច្ច ស្វាយចន្ទីមួយចំនួនបានផ្លាស់ប្ដូរឥរិយាបថ ក្រោយសមាគមរបស់លោក ខ្នះខ្នែង ប្រមូលទិន្ន័យគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ហាញទៅកាន់ពួកគេ។
 
ក្រៅតែពីមានទិន្ន័យគ្រប់គ្រាន់ សមាគមស្វាយចន្ទីកម្ពុជា ក៏បានចូលរួមក្នុងពិព័រណ៍ និងជំនួបធុរកិច្ច យ៉ាងច្រើនផងដែរ ដើម្បីអូសទាញឱ្យអ្នកវិនិយោគបរទេសបង្កើត រោងចក្រកែច្នៃ នៅកម្ពុជា។ ជាក់ស្ដែង នៅឆ្នាំ២០២៣ តាមរយៈក្រសួងពាណិជ្ជកម្ម សមាគមមួយនេះ បានពាំនាំកេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសអារ៉ាប់ និងកូរ៉េ។ ដោយឡែក នៅខែវិច្ឆិកាខាងមុខនេះ សមាគមមួយនេះក៏នឹងចូលរួមតាំងពិព័រណ៍ និងជំនួបធុរកិច្ច នៅអាម៉េរិក ផងដែរ។
 
លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖«តាមរយៈកិច្ចសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម សមាគមស្វាយចន្ទីកម្ពុជា​ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរកទីផ្សារនៅក្រៅប្រទេស ដូចជា កូរ៉េ អារ៉ាប់។ ខែក្រោយ យើងនឹងទៅតាំងពិព័រណ៍នៅអាម៉េរិកទៀត ដើម្បីស្វែងរកទីផ្សារថ្មីៗ ជាពិសេស ចង់ឱ្យគេបង្កើតរោងចក្រកែច្នៃនៅកម្ពុជា»។ 
 
តាមរយៈផ្សព្វផ្សាយកន្លង ស្វាយចន្ទីកម្ពុជា ទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់កាន់ច្រើនពីបណ្ដាអ្នកវិនិយោគអន្តរជាតិ។ ក្នុងនោះ មានក្រុមហ៊ុនចំនួន៤ (ចិន២, សិង្ហបុរី១, កូរ៉េ១) បានចុះមកសិក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា។ ជាលទ្ធផលមានក្រុមហ៊ុនចំនួន២ មកពីសិង្ហបុរី និងកូរ៉េ ដែលសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន៧ពាន់តោន ក្នុង១ឆ្នាំ បង្ហាញតម្រុយចង់វិនិយោគ។ 
 
លោក អួន ស៊ីឡុត អះអាងថា កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីដ៏ធំមួយនៅលើពិភពលោក ប៉ុន្តែ កសិផលនៃដំណាំនេះ ស្ទើរតែ៩៥ភាគរយទៅហើយ ត្រូវបាននាំចេញទៅវៀតណាម ដើម្បីកែច្នៃបន្ត។ ការលក់ឱ្យវៀតណាមតែមួយមុខ បានធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម និងកម្លាំងពលកម្ម ក្នុងប្រទេស ដូច្នេះ ទាមទារឱ្យមានការបង្កើតរោងចក្រកែច្នៃ ក្នុងស្រុកដោយខ្លួនឯង។ 
 
លោក ប្រាប់ដូច្នេះថា៖«យើងមានសក្ដានុពលស្វាយចន្ទីច្រើន ប៉ុន្តែ ស្ទើរតែ ៩៥ភាគរយ នៃវត្ថុធាតុដើមរបស់យើង ត្រូវបាននាំចេញទៅវៀតណាម ដែលធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម និងកម្លាំងពលកម្មក្នុងសហគមន៍។ ដូច្នេះ យើងត្រូវប្រឹងប្រែង ដើម្បីត្រួសត្រាយរកទីផ្សារថ្មីៗ នៅគ្រប់បណ្ដាប្រទេសទាំងអស់ លើពិភពលោក»។ 
 
គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ កម្ពុជា​ផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ៦៣.៩ម៉ឺនតោន ក្នុងនោះ នាំចេញទៅវៀតណាម៦១.៣ម៉ឺនតោន ដោយទទួលបានចំណូល៨២៩លានដុល្លា។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ ៧០ម៉ឺនហិកតា ធៀបនឹងឆ្នាំ ២០២១ មាន៨០ម៉ឺនហិកតា៕
 

Tag:
 កសិកម្ម
  សមាគមស្វាយចន្ទីកម្ពុជា
  អួន ស៊ីឡុត
  ទីផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com