ជាតិ
សេដ្ឋកិច្ច
កម្ពុជា សហការជាមួយ Alibaba ដាក់លក់ផលិតផលខ្មែរលើទីផ្សារចិន តាមប្រព័ន្ធអេឡិចត្រូនិក
18, Oct 2023 , 11:59 am        
រូបភាព
(ស្តាំ) លោកស្រី ចម នម្មិល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះMoU ជាមួយ លោកស្រី WEN Jia ភាគហ៊ុនិក និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group  លើការដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន តាម eWTP ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧តុលា។​
(ស្តាំ) លោកស្រី ចម នម្មិល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះMoU ជាមួយ លោកស្រី WEN Jia ភាគហ៊ុនិក និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group លើការដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន តាម eWTP ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧តុលា។​
ក្រសួងពាណិជ្ជកម្ម សម្រេចសហការជាមួយក្រុមហ៊ុនអនឡាញដ៏ធំប្រទេសចិន Alibaba ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)។​ ការសហការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU)រវាងលោកស្រី ចម នម្មិល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី WEN Jia ភាគហ៊ុនិករបស់ Alibaba នាថ្ងៃទី១៧តុលា​។​

 
កិច្ចសហការនេះ មិនត្រឹមជួយលក់ផលិតផល​ខ្មែរក្នុងទីផ្សារចិនប៉ុណ្ណោះទេ តែ​វា​នឹងជួយជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុន Alibaba មានអតិថិជនប្រមាណ ១ ៣០០ លាននាក់នៅទូទាំងសកលលោក។ លោកស្រី WEN Jia បាននិយាយបែបនេះ​នៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងជំនួបការងារនៅរដ្ឋធានីប៉េកាំង។ 
 
កន្លងមក ក្រុមហ៊ុនយក្សរបស់ចិនមួយចិន ក៏បានដាក់លក់អង្ករ ម្រេច​ និងផ្លែមៀនរបស់កម្ពុជា​ នៅលើ eWTP របស់ខ្លួន ផងដែរ។​
 
ជុំវិញនៃកិច្ចសហការនេះ សម្តេចហ៊ុន ម៉ាណែត សាទរ​ និងគាំទ្រក្រុមហ៊ុន Alibaba ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន-សហគ្រាស ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តាមរយៈការនាំយកផលិតផល និងសេវាកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ  មានសុទិដ្ឋិនិយមថា៖ « សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានជាអតិបរមា»។
 
ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ចាប់ពីខែមករាដល់កញ្ញា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានក្នុងរង្វង់ទឹកប្រាក់៩ ០០០លានដុល្លារអាម៉េរិក កើនបាន៣,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញពីកម្ពុជាទៅទីផ្សារចិនមានជាង១ ០០០លានដុល្លារ កើន១៨,៣ភាគរយ ខណៈការនាំចូលពីចិនវិញ កើនត្រឹម ១,៨ភាគរយ។ ចិនជាប្រទេសឈរក្នុងលំដាប់ទីមួយរបស់កម្ពុជាដែលជាមានទំហំពាណិជ្ជកម្មធំជាងគេ បន្ទាប់មក គឺសហរដ្ឋអាម៉េរិក៕  
 

Tag:
 ពាណិជ្ជកម្ម
  Alibaba
© រក្សាសិទ្ធិដោយ thmeythmey.com