ជាតិ
អាជ្ញាធរឱ្យប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងព្រែកត្នោតកំពុងហក់ឡើង
18, Oct 2023 , 2:01 pm        
រូបភាព
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិម
ភ្នំពេញ៖នាព្រឹកថ្ងៃទី១៨ ខែតុលានេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខេត្តកណ្ដាល និងក្រុងភ្នំពេញ បានហក់ឡើងដល់ជាង៧ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន៩,៣០ម៉ែត្រ។ យ៉ាងណា អាជ្ញាធខេត្តកណ្ដាល បានបង្ហាញការព្រួយបារម្ភ និងណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ជាពិសេស អ្នករស់នៅតាមព្រែកមួយចំនួន ក្នុងក្រុងតាខ្មៅ។



សេចក្ដីជូនដំណឹងរបស់ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែតុលា បញ្ជាក់ថា ផ្នែកខាងលើរបស់ស្ទឹងព្រែកត្នោត មានស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ មានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ ដែលទឹកហក់ឡើងក្នុងស្ថានភាពមួយខ្ពស់។ ក្រៅពីនោះ អាជ្ញាធរក៏បានបើកទ្វាទឹកនៃទំនប់ធំៗមួយចំនួន ដូចជា ទំនប់តាសាល ទំនប់រលាំងជ្រៃ និងទំនប់៧មករា ដូច្នេះទឹកហូរ នឹងធ្លាក់មកតំបន់ខាងក្រោម ជាពិសេសភូមិសាស្រ្តភ្នំពេញ និងខេត្តកណ្ដាល។ 
 
ចំពោះមុខ មន្ទីរធនធានទឹកខេត្តកណ្ដាល ណែនាំឱ្យពលរដ្ឋរស់នៅតាមតំបន់បណ្តោយសណ្ដរស្ទឹងព្រែកត្នោត និងព្រែកមួយចំនួនក្នុងក្រុងតាខ្មៅខេត្តកណ្តាល បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះជំនន់ទឹកភ្លៀង ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ។ 
 
ជុំវិញបញ្ហានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែតុលា បានលើកឡើងថា នាព្រឹកថ្ងៃពុធនេះស្ថានភាពទឹកស្ទឹងព្រែកត្នោត កំពុងកើនឡើងជាបន្តបន្ទាប់។ តែយ៉ាងណា វាស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងមិនទាន់លិចលង់ផ្ទះសំបែងពលរដ្ឋនៅឡើយ។ 
 
លោក បញ្ជាក់ថា ឆ្នាំនេះទឹកជំនន់ អាចនឹងកើតមានតាមបណ្ដាយស្ទឹងព្រែកត្នោត ប៉ុន្តែ មិនធ្ងន់ធ្ងរដូចឆ្នា២០២២នេះទេ។ គិតត្រឹមថ្ងៃទី១៨ ខែតុលានេះ នៅផ្នែកខាងក្រោមផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្ដាល និងក្រុងភ្នំពេញ ទឹកបានឡើងដល់ជាង ៧ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន៩.៣០ម៉ែត្រ។ 
 
លោក ចាន់ យុត្ថា​ ប្រាប់ដូច្នេះថា៖« ជាទូទៅទឹកមានការកើនឡើងរាល់ឆ្នាំ ប៉ុន្តែ បៀបយើងធៀបទៅនឹងជំនន់ឆ្នាំមុន គឺនៅទាបជាង។ ទឹកនឹងបន្តកើនឡើងថែមទៀត តែវាស្ថិតក្នុងស្ថានមួយដែលយើងអាចគ្រប់គ្រងបាន មិនទាន់មានបញ្ហាអីធ្ងន់ធ្ងរនោះទេ»។  
 
កាលពីម្សិលមិញតំបន់ផ្ទៃរងទឹកភ្លៀងទាំង៣ផ្នែកធំៗ របស់ស្ទឹងព្រែកត្នោត មិនមានភ្លៀងធ្លាក់នោះទេ។ លើកលែងតែ ស្ទឹង​ស្រែខ្លុង ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ក្នុងកម្រិតប្រមាណ៥០ ទៅ៦០មីលីម៉ែត្រ។ ការកើនឡើងទឹកស្ទឹងព្រែកត្នោតនៅពេលនេះ បណ្ដាលមកពីភ្លៀងធ្លាក់ ២ទៅ៣ថ្ងៃផ្ទួនៗគ្នាក្នុងកម្រិតពីតិចទៅបង្គួរ។
 
តាមការព្យាកររបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា កម្ពុជានឹងបន្តធ្លាក់អាច ភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះ នៅតាមតំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរ លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០ភាគរយ ទៅ ៦០ភាគរយ៕
 

Tag:
 ក្រសួងធនធានទឹក
  ចាន់ យុត្ថា
  ស្ទឹងព្រែកត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com