កីឡាជាតិ
ជាតិ
ប្រធានក្រុមបាល់បោះជិះរទេះនារីកម្ពុជា ជឿជាក់រកបានមេដាយពីកីឡាអាស៊ីប៉ារ៉ាហ្គេម នៅចិន
19, Oct 2023 , 8:29 am        
រូបភាព
កីឡាការិនី អាន ស៊ីណែត ប្រធានក្រុមបាល់បោះជិះរទះ បោះបាល់ពិន័យ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម
កីឡាការិនី អាន ស៊ីណែត ប្រធានក្រុមបាល់បោះជិះរទះ បោះបាល់ពិន័យ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម
ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា លើវិញ្ញាសាកីឡាបាល់បោះជិះរទេះ ផ្នែកនារី ៥ទល់៥ ត្រូវប្រកួតបើកឆាកជាមួយ ក្រុមឡាវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ព្រឹក ម៉ោង ៨:៣០ នៅទីក្រុង Hangzhou ប្រទេសចិន ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ (4th Asian Para Games)។ កីឡាការិនី អាន ស៊ីណែត ប្រធានក្រុមបាល់បោះជិះរទេសកម្ពុជា បង្ហាញការជឿជាក់ជាមួយមិត្តរួមក្រុម នឹងអាចដណ្តើមបានមេដាយណាមួយពីអាស៊ីប៉ារ៉ាហ្គេម ដ្បិតបានហ្វឹកហាត់រួមគ្នាច្រើន និងពិសោធន៍ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។



វិញ្ញាសាកីឡាបាល់បោះជិះរទេះ ផ្នែកនារី ៥ទល់៥ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ក្នុងហាងចូវ ឆ្នាំ២០២៣ មាន៦ប្រទេសចូលរួមប្រជែងមេដាយ ក្នុងនោះមាន ម្ចាស់ផ្ទះចិន កម្ពុជា ឡាវ ថៃ ជប៉ុន និងអ៊ីរ៉ង់។
 
ក្រោយពីចប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ដោយដណ្ដើមបានមេដាយមាស១ និងប្រាក់១ ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា មិនបានឈប់សម្រាក ពីការហ្វឹកហាត់ឡើយ ដោយកីឡាករ-កីឡាការិនីមួយចំនួន ត្រូវមានភារៈកិច្ច ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅប្រទេសចិន។ ប្រធានក្រុមបាល់បោះជិះរទេះកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា មិត្តរួមក្រុមទាំងអស់ បានដាក់គោលដៅដណ្ដើមយកមេដាយ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅចិន។
  
ការប្រកួតរវាងក្រុមបាល់បោះជិះរទេះកម្ពុជា និងឡាវ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២

ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា លើវិញ្ញាសាបាល់បោះរទេះនារី ត្រូវប្រកួតដំបូងគេ ជាមួយក្រុមឡាវ នៅថ្ងៃទី១៩ ខែតុលា។ កីឡាការិនី អាន ស៊ីណែត បញ្ជាក់ថា ចំពោះការប្រកួតនេះ កម្ពុជា គឺមានទំនុកចិត្ត ព្រោះធ្លាប់មានបទពិសោធន៍យកឈ្នះ លើក្រុមឡាវ ដល់ទៅ២លើក លើ២វិញ្ញាសា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២។
 
វិញ្ញាសាបាល់បោះជិះរទេះនារី ៣ទល់៣ កម្ពុជា ឈ្នះ ឡាវ លទ្ធផល ១៦-១ និងវិញ្ញាសា ៥ទល់៥ កម្ពុជា ឈ្នះឡាវ លទ្ធផល ៤៨-២៨។
 
«ក្នុងការចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ ខ្ញុំ និងក្រុមខ្ញុំ សប្បាយចិត្ត ដែលយើងជាប់វគ្គជម្រុះផ្សេង ហើយមានឈ្មោះប្រកួតនៅចិន។ វា ជាឱកាសសម្រាប់ពួកយើង បង្ហាញសមត្ថភាពនៅឆាកអន្ដរជាតិ។ យើង ត្រៀមខ្លួនរួចជាស្រេច។ មុននឹងឈានជើងមកទីនេះ រយៈពេល ដែលខ្ញុំ និងក្រុម បានចូលរួមអាស៊ានប៉ារ៉ាហ្គេម និងចាប់ពីពេលអាស៊ានប៉ារ៉ាហ្គេម គឺក្រុមខ្ញុំ នៅតែបន្ដការហ្វឹកហាត់ ហើយដាក់គោលដៅយកជ័យលាភីជូនជាតិ។»។ កីឡាការិនី អាន ស៊ីណែត បាននិយាយប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា លើកីឡាបាល់បោះជិះរទេះ នឹងត្រូវប្រកួតជាមួយ ឡាវ នៅថ្ងៃទី១៩ ខែតុលា ហើយបន្ដជួបជាមួយ ជប៉ុន នៅថ្ងៃទី២០ ខែតុលា និងថ្ងៃទី២១ ខែតុលា ប៉ះជាមួយ ម្ចាស់ផ្ទះ ចិន។ លុះចូលដល់ថ្ងៃទី២៤ កម្ពុជា ត្រូវប្រកួតជាមួយ អឺរ៉ង់ និងថ្ងៃទី២៥ ខែតុលា ប្រកួតជាមួយ ក្រុមថៃ៕
 

Tag:
 បាល់បោះជិះរទេះ
  អាស៊ីប៉ារ៉ាហ្គេម
  អាន ស៊ីណែត
© រក្សាសិទ្ធិដោយ thmeythmey.com