ជាតិ
រដ្ឋមន្រ្តីយុត្តិធម៌៖ ក្នុងដំណាក់កាលស៊ើបសួរ ឬឃុំខ្លួន ជនល្មើសមានសញ្ជាតិ២ មិនត្រូវផ្ដល់ដំណឹងទៅទូតបរទេសទេ
19, Oct 2023 , 11:23 am        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងនៅក្នុងពិធីចូលកាន់តំណែងរបស់លោក រស់ សារាំ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួសលោក ស៊ិន វិរៈ កាលពីថ្ងៃទី១៨ តុលា ២០២៣។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងនៅក្នុងពិធីចូលកាន់តំណែងរបស់លោក រស់ សារាំ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួសលោក ស៊ិន វិរៈ កាលពីថ្ងៃទី១៨ តុលា ២០២៣។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំមន្ត្រីតុលាការថា បើក្នុងករណីស៊ើបសួរ ឬឃុំខ្លួន ជនល្មើសដែលមានសញ្ជាតិ២ គឺសញ្ជាតិខ្មែរផង និងបរទេសផងនោះ សាលាជម្រះក្តី មិនចាំបាច់ផ្ដល់ដំណឹងទៅទូតបរទេសនៃសញ្ជាតិដើមជនល្មើសនោះទេ។ លោកឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅក្នុងពិធីចូលកាន់តំណែងរបស់លោក រស់ សារាំ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួសលោក ស៊ិន វិរៈ កាលពីថ្ងៃទី១៨ តុលា ។



ថ្លែងក្នុងពិធីចូលកាន់តំណែងនេះ លោក កើត រិទ្ធ បានណែនាំឱ្យប្រធានតុលាការខេត្តកំពង់ធំថ្មី ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា ។ ជាពិសេសសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ និងការចាប់ជំរិត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម ឱ្យស្របតាម“គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។ 
 
ចំពោះជនបរទេស ដែលបានប្រព្រឹត្តបទល្មើសទាំងនេះវិញ ត្រូវអនុវត្តទោសបន្ថែម ដូចជា ការអនុវត្តវិធានការបណ្តេញចេញពីកម្ពុជា ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។ នេះបើតាមលោក កើត រិទ្ធ។
  
ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅពេលចោទប្រកាន់ ,ការស៊ើបសួរ ឬការឃុំខ្លួនជនល្មើសដែលមានសញ្ជាតិ ២ ដែលមានសញ្ជាតិខ្មែរផង និងបរទេសផងនោះ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ មិនត្រូវជូនដំណឹងទៅស្ថានទូតបរទេសដោយផ្អែកតាមអនុសញ្ញាទីក្រុងវីយ៉ែនទេ ព្រោះត្រូវចាត់ទុកជនល្មើសនោះ ជាជនជាតិខ្មែរ។ 
 
តាមរយៈការចុះផ្សាយលើហ្វេសប៊ុកក្រសួងយុត្តិធម៌ បានស្រង់សម្តីលោករដ្ឋមន្រ្តី យ៉ាងដូច្នេះ៖ «ការជូនដំណឹងទៅស្ថានទូតបរទេស មានន័យស្មើនឹងការឱ្យតម្លៃដល់សញ្ជាតិគេជាងសញ្ជាតិខ្មែររបស់យើង។ សូមស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់កំណត់អត្តសញ្ញាណរបស់ជនល្មើសឱ្យបានច្បាស់លាស់»។
 
បន្ថែមពីនេះលោក កើត រិទ្ធ ក៏បានណែនាំឱ្យមន្រ្តីទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអនាគតិនៅពេលជំនុំជម្រះរឿងក្តី ពោលគឺការវៀរចាកនូវអគតិទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ ព្រមទាំងប្រកាន់យកនូវសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ។ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាំង ៤ របស់ប្រមុខរដ្ឋាភិបាល អាណត្តិទី៧ ពោលគឺ “ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់” ដើម្បីធ្វើជាគោលការណ៍នៃអភិបាលកិច្ចការងារ ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក្នុងទិសដៅកែទម្រង់វិស័យយុត្តិធម៌ឱ្យទទួលបានជោគជ័យ។
 
មិនតែប៉ុណ្ណោះ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ដោយផ្ដល់ភាពងាយយល់ និងមានសំអាងហេតុ ស្របតាមច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់ ។ ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី ដែលស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមអនុវត្តសេចក្តីសម្រេចរបស់តុលាការ ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាផ្តល់យុត្តិធម៌ដល់ភាគី ដែលបានឈ្នះក្តី៕
 

Tag:
 កើត រិទ្ធ
  ក្រសួងយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com