ជាតិ
ចំនួនផ្សោតកើតថ្មីកើនឡើង ឯអត្រាងាប់ថយចុះគួរឱ្យកត់សម្គាល់ នៅឆ្នាំនេះ
19, Oct 2023 , 9:29 pm        
រូបភាព
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ រយៈពេល១០ខែនេះ កម្ពុជាទទួលបានសត្វផ្សោតកើតថ្មីចំនួន៧ក្បាល ក្នុងនោះងាប់ទៅវិញ៤ក្បាល។ ទិន្ន័យនេះ បង្ហាញសញ្ញាវិជ្ជមានជាងឆ្នាំ២០២២ ដែលមានផ្សោតកើតថ្មីត្រឹម ៦ក្បាល និងងាប់ទៅវិញរហូតដល់១១ក្បាល។



ក្នុងពិព័រណ៍រូបថត «សត្វផ្សោតទន្លេមេគង្គ» កាលពីថ្ងៃទី១៨ ខែតុលា លោក សេង ទៀក នាយកមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) បានអះអាងថា នៅឆ្នាំ២០២៣នេះ ចំនួនកូនផ្សោតកើតថ្មី បានកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗ។ ចំណែក អត្រាងាប់របស់វាបានថយចុះគួរឱ្យកត់សម្គាល់។ 
 
កំណើននេះ ត្រូវបាន WWF ចាត់ទុកថា ជាក្ដីសង្ឃឹមសម្រាប់កិច្ចការពារ និងស្ដារសត្វកម្រនេះ ឱ្យបន្តរស់នៅក្នុងទន្លេមេគង្គ ដែលជាទីពឹងរបស់មនុស្សរាប់លាននាក់។ ក្ដីសង្ឃឹមនេះ បានមកពីការចូលរួមរបស់រដ្ឋាភិបាល ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានដាក់ចេញវិធានការយាមល្បាតទាំងថ្ងៃ និងយប់។ ជាពិសេស ជំរុញការអនុវត្តច្បាប់ និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ក្នុងតំបន់ផ្សោតរស់នៅ។
 
លោក សេង ទៀក ថ្លែងដូច្នេះថា៖« នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងកសិកម្ម បានចាត់វិធានការតឹងរឹង និងជាក់លាក់មួយចំនួន តាមរយៈការអនុវត្តច្បាប់ ការល្បាត២៤ម៉ោង លើ២៤ម៉ោង ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទគ្រប់ប្រភេទក្នុងតំបន់ការពារផ្សោត។ ជាលទ្ធផល ឃើញថា ឆ្នាំនេះអត្រាកើតរបស់កូនផ្សោតមានការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ហើយអត្រាស្លាប់ បានថយចុះគួរឱ្យកត់សម្គាល់»។ 
 
រយៈពេល៤ឆ្នាំចុងក្រោយនេះ កម្ពុជា ទទួលបានផ្សោតកើតថ្មី ២៨ក្បាល និងងាប់ទៅវិញ៣៣ក្បាល។ ២០២២ ជាឆ្នាំដែលមានសត្វផ្សោតងាប់ច្រើនជាងគេរហូតដល់១១ក្បាល និងកើតថ្មីត្រឹមតែ៦ក្បាលប៉ុណ្ណោះ។ នេះបើតាមទិន្ន័យរបស់ WWF ។
 
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងស្រដៀងនឹង លោក សេង ទៀក ដែរថា រដ្ឋាភិបាល បានដាក់ចេញការយាមល្បាត និងធ្វើសព្វគ្រប់បែបយ៉ាង ដើម្បីធានាដល់ការរស់រានមានជីវិតរបស់សត្វផ្សោត។ សកម្មភាពទាំងអស់នេះ បាននាំមកភាពនូវជោគជ័យខ្លាំងក្នុងពេលមួយឆ្នាំចុងក្រោយនេះ ដោយមានកូនផ្សោតកើតថ្មីរហូតដល់៧ក្បាល និងងាប់ទៅវិញត្រឹម៤ក្បាលប៉ុណ្ណោះ។ 
 
ដ្បិត ក្រសួងបានដាក់ចេញវិធានការតឹងរឹង ប៉ុន្តែវត្តមានរបស់ផ្សោតក្នុងទន្លេមេគង្គ នៅមានភាពផុសស្រួយនៅឡើយទេ ដោយសារ​តែមាន​សកម្ម​ភាពនេសាទខុស​ច្បាប់មួយចំនួនដូចជា ការប្រើ​ប្រាស់មងក្រឡាធំៗ ​និងឧបករណ៍​​នេសាទ ហាមឃាត់ នៅតែបន្តមាន។  លោក ឌិត ទីណា បានទទូចឱ្យពលរដ្ឋចូលរួមស្រាវជ្រាវ និងរាយការណ៍រាល់បទល្មើសនេសាទ ទៅកាន់រដ្ឋបាលជលផល ឬក្រសួងកសិកម្ម ដើម្បីអនុវត្តច្បាប់។ 
 
លោក ព្រមានយ៉ាងដូច្នេះថា៖« អ្នកដែលធ្វើបទល្មើសនេសាទ មិនអាចរួចខ្លួននោះទេ តែយើងរកភស្តុតាងឃើញ គឺនឹងអនុវត្តច្បាប់ ហើយនៅពេលនោះ ច្បាប់នឹងតឹងតែងហើយ»។  
 
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោកយើងនេះ រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូនេស៊ី)។ 
 
របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោត ទន្លេមេគង្គក្នុងឆ្នាំ២០២០ បានឱ្យដឹងថាសត្វផ្សោតទន្លេមេគង្គមានចំនួនសរុបប្រមាណ៨៩ក្បាលប៉ុណ្ណោះ។  បច្ចុប្បន្នក្នុងរដូវប្រាំង ចាប់ពីខែមករាដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះទៅដល់ព្រំប្រទល់ប្រទេសឡាវនៅខេត្តស្ទឹងត្រែងក្នុងចម្ងាយ១៨០គីឡូម៉ែត្រ។
 
ផ្សោតទន្លេមេគង្គជារតនៈសម្បត្តិជាតិមានជីវិត ហើយប្រជាជនកម្ពុជាមានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»។ ទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វផ្សោតទន្លេមេគង្គ ។ ទន្លេនេះក៏ជាប្រភពមួយដ៏សំខាន់ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ការរស់នៅរបស់ប្រជាជន។  
 
ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គគាំទ្រដល់វិស័យកសិកម្ម និងនេសាទប្រកបដោយនិរន្តរភាព ដែលប្រជាជនរាប់លាននាក់កំពុងពឹងអាស្រ័យសម្រាប់របរចិញ្ចឹមជីវិតជាអាហារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ លំហូរបែបធម្មជាតិនៃទន្លេមេគង្គគឺជាកត្តាចាំបាច់បំផុតដែលធានាបាននូវការ បន្តទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗខាងលើរបស់ប្រជាជន សម្រាប់រយៈពេលវែង ក៏ដូចជាការបន្តរស់រានមានជីវិតរបស់សត្វផ្សោតនៅក្នុង ទន្លេមេគង្គ៕ 

Tag:
 ផ្សោតទន្លេមេគង្គ
  WWF
  ក្រសួងកសិកម្ម
  សេង ទៀក
  ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com