កីឡាជាតិ
ជាតិ
លោក កែវ សារ៉េត គាំទ្រលោក សៅ សុខា ទទួលយកមតិរិះគន់ស្ថាបនា ពីអ្នកគាំទ្របាល់ទាត់ខ្មែរ
20, Oct 2023 , 8:59 am        
រូបភាព
លោក កែវ សារ៉េត អគ្គ​លេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ រូបថត FFC លោក កែវ សារ៉េត អគ្គ​លេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ រូបថត FFC
លោក កែវ សារ៉េត អគ្គ​លេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ រូបថត FFC លោក កែវ សារ៉េត អគ្គ​លេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ រូបថត FFC
ធ្លាក់ចេញពីការប្រកួតជម្រុះ FIFA World Cup ជុំទី១ បន្ទាប់ពីចាញ់ប៉ាគីស្ថាន លទ្ធផល ១-០ ជើងទី២ ក្រុមកម្ពុជារងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ។ អ្នកគាំទ្រស្ទើរតែអស់ជំនឿចិត្តក្នុងការគាំទ្រគោព្រៃ ព្រោះប៉ាគីស្ថាន មិនធ្លាប់ឈ្នះកម្ពុជា ពីមុនឡើយ។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) យល់ឃើញថាព្រោះតែស្រឡាញ់ និងគាំទ្រជម្រើសជាតិខ្លួន ទើបអ្នកគាំទ្រនាំគ្នាបញ្ចេញមតិ ហើយលទ្ធផលអាក្រង់នេះ ធ្វើឲ្យពួកគេខកចិត្ត។ អគ្គលេខាធិការរូបនេះ គាំទ្រយ៉ាងពេញទំហឹងចំពោះ លោក សៅ សុខា ប្រធាន FFC ក្នុងការទទួលយកមតិរិះគន់ទាំងនេះ ដើម្បីមើលចំណុចខ្វះខាត និងពង្រឹងក្រុមឡើងវិញ។



ការប្រកួត តែងមានឈ្នះ ហើយចាញ់ ប៉ុន្ដែការបរាជ័យលើកនេះ ជាមួយប៉ាគីស្ថាន ក្នុងលទ្ធផល ១-០ នៃវគ្គជម្រុះ FIFA WORLD CUP 2026 កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនខកចិត្ត ព្រោះខុសពីអ្វីដែលគេរំពឹងទុកថា កម្ពុជា នឹងអាចទៅវគ្គបន្ទាប់។ ការរំពឹកទុកបែបនេះ គឺដោយសារតែ ប៉ាគីស្ថាន មិនធ្លាប់ប្រកួតឈ្នះកម្ពុជា ពីមុនមកឡើយ។
 
ក្រោយបញ្ចប់ការប្រកួតនោះ លោក សៅ សុខា បានចាត់ទុកការរិះគន់របស់អ្នកគាំទ្រ គឺត្រឹមត្រូវព្រោះជាការពិត និងជាអ្វី ដែលបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេ។
 
ស្របគ្នានេះដែរ លោក កែវ សារ៉េត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការទទួលយកការពិតពីអ្នកគាំទ្រ គឺជារឿងត្រឹមត្រូវ ព្រោះតែស្រឡាញ់ ទើបតាមដាន និងគាំទ្រ ហើយការបញ្ចេញមតិបែបរិះគន់ ព្រោះខកចិត្ត ចំពោះលទ្ធផល។
 
«លោក ទទួលស្គាល់នូវការរិះគន់នេះហើយ។ គាត់ ឃើញថា កម្រិតនៃការលេងរបស់យើង អត់បានល្អដូចអ្វីយើងរំពឹងទុក។ ការរិះគន់របស់អ្នកគាំទ្រ គឺគាត់ចង់ឃើញលទ្ធផលល្អ ប៉ុន្ដែបើសិនជាអត់បាន ដូច្នេះ យើង ត្រូវទទួលយក។»។ លោក កែវ សារ៉េត បាននិយាយដូច្នេះ។
 
អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ជាមួយនិងការទទួលយកការរិះគន់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងសិក្សាពីចំណុចខ្វះខាត ហើយដាក់ទិសដៅរៀបចំឲ្យបានល្អជាងនេះ។ លោក កែវ សារ៉េត បាននិយាយដូច្នេះ៖«យើង កំពុងសិក្សាដែរ នៅក្នុងក្រុមការងាររបស់យើង ដើម្បីរកចំណុចខ្វះខាត ហើយដាក់ទិសដៅរៀបចំឲ្យបានល្អ ឡើងវិញ។»៕
 

Tag:
 បាល់ទាត់
  កែវ សារ៉េត
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com