ជាតិ
សង្គមជាតិ
រោងចក្រ ចំនួន១៧ រងផលប៉ះពាល់ដោយសារទឹកជំនន់
19, Oct 2023 , 4:49 pm        
រូបភាព
ក្រុមក្រសួងការងារចុះពិនិត្យរោងចក្រលិចទឹកនៅខេត្តតាកែវនាថ្ងៃទី១៨តុលា ឆ្នាំ២០២៣។ រូបពី ក្រសួងការងារ .jpg
ក្រុមក្រសួងការងារចុះពិនិត្យរោងចក្រលិចទឹកនៅខេត្តតាកែវនាថ្ងៃទី១៨តុលា ឆ្នាំ២០២៣។ រូបពី ក្រសួងការងារ .jpg
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨តុលា រោងចក្រ សហគ្រាស ចំនួន១៧ហើយ បានរងផលប៉ះពាល់ដោយសារទឹកជន់លិច។ នេះបើតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗ ទទួលបានពី លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 
លោក កត្តា អ៊ន បានបញ្ជាក់ថា រោងចក្រទាំង១៧ មានកម្មករនិយោជិតសរុប៧៧២០នាក់។ រោងចក្រទាំងនេះ ភាគច្រើន គឺមានទឹកលិចជុំវិញទីតាំងនោះ ។ បើតាមលោក អ៊ន មានតែ៣រោងចក្រប៉ុណ្ណោះ ដែលលិចចូលក្នុងអគារផលិតកម្ម ខណៈរោងចក្រ៤ទៀត កំពុងផ្អាកដំណើរការបណ្ដោះអាសន្ន ដោយសារទឹកជន់លិច។ រោងចក្រទាំងនោះ ស្ថិតនៅភ្នំពេញ ចំនួន៤រោងចក្រ, ១០រោងចក្រនៅខេត្តកំពង់ស្ពឺ និង៣រោងចក្រ នៅខេត្តតាកែវ។
 
ដើម្បីបង្ការហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ ដោយសារគ្រោះជំនន់ទឹកភ្លៀងនៅតំបន់រោងចក្រ សហគ្រាស និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត ក្រសួងការងារបានបញ្ជាឱ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ។  
 
ក្រសួងណែនាំឱ្យនិយោជក ត្រូវតែរៀបចំបង្កើតក្រុមការងារ និងត្រៀមផែនការសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករនិយោជិត ក្នុងករណីមានទឹកជំនន់។ ជាងនេះទៀត អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ត្រូវត្រួតពិនិត្យបណ្តាញអគ្គិសនីឱ្យបានត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស សុវត្ថិភាព សម្រាប់បង្ការនិងបញ្ចៀសនូវបញ្ហាចំពោះមុខ ទៅតាមកាលៈទេសៈ៕ 
 

Tag:
 រោងចក្រ
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com